បន្ទាយមានជ័យ៖ ពិតជាឈាមស្រែកស្បែកហៅមែន ទីបំផុត ជនដៃដល់ដែលជាខ្មាន់កាំភ្លើង ដែលបានបាញ់ប្រហារជាង ១០ គ្រាប់បណ្ដាលឲ្យយុវជនម្នាក់ស្លាប់និងពីរនាក់ទៀតរករបួសធ្ងន់នៅកណ្ដាលក្រុងបាត់ដំបង
ហើយប៉ុនប៉ងគេចខ្លួនទៅកាន់ប្រទេសថៃត្រូវអស់លាក់ជាប់អន្ទាក់សមត្ថកិច្ចនៅក្រុងប៉ោយប៉ែត។
នៅរសៀលថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និង លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបង បានសហការគ្នាដឹកនាំកម្លាំងនគរបាលបើកការស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យបានចំនួន២នាក់ នៅក្រុងប៉ោយប៉ែតពាក់ពន្ធ័ករណីបាញ់សម្លាប់មនុស្សមួយក្រុមនៅមាត់ស្ទឹងសង្កែក្រុងបាត់ដំបង កាលពីម៉ោង៤ទាបភ្លឺថ្ងៃទី៨ខែធ្នូឆ្នាំ ២០២២។
លោកឧត្តមសេនីយ៍ត្រី នូ ជីវ័ន្ត ស្នងការរង ផែនការងារព្រហ្មទ័ណ្ឌ ក្រោយទទួលបាន បទបញ្ជាពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និង ឯកឧត្ដម កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត លោកបានដឹកនាំកម្លាំងផែនព្រហ្មទណ្ឌ សហការជាមួយ កម្លាំងអធិការនគរបាលក្រុងប៉ោយប៉ែត បើកការស្រាវជ្រាវនិងឃាត់ខ្លួនជនសង្ស័យបានចំនួន២នាក់ ដែលជាមុខសញ្ញារត់គេចខ្លួនមកពីខេត្តបាត់ដំបងពាក់ពន្ធ័ករណីរឿងឃាតកម្មនៅមាត់ស្ទឹងសង្កែរ។
លោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែត បានឲ្យដឹងថាជនសង្ស័យចំនួន ០២នាក់ ១-ឈ្មោះ ហូ គឹមហៀង ហៅចយ ភេទប្រុស អាយុ ២៣ឆ្នាំ ជនជាតិខ្មែរ និង ២-ឈ្មោះ កែវ បញ្ញា ភេទប្រុស អាយុ២៨ឆ្នាំជនជាតិខ្មែរ មានទីលំនៅភូមិសមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត យកមកសួរនាំនៅអធិការដ្ឋាននគរបាលក្រុង។ ក្រោយសួនាំជនសង្ស័យទាំង២នាក់ ត្រូវបានប្រគល់ជូនទៅខាងនគរបាលខេត្តបាត់ដំបងមកទទួលយកទៅចាត់ការបន្តតាមនីតវិធី។
គួរបញ្ជាក់ថា កាលពីវេលាម៉ោង៤និង០០នាទីទៀបភ្លឺនៃយប់ថ្ងៃទី៧ខែធ្នូឆ្នាំ២០២២ឈានចូលថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២២ នៅចំណុចសួនច្បារមាត់ស្ទឹងសង្កែ ត្រើយខាងលិចទល់មុខធនាគារFTB ស្ថិតនៅភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង មានជនសង្ស័យមួយក្រុមបានបើករថយន្តមកដល់ចំនុចខាងលើ រួចបានយកកាំភ្លើងខ្លីបាញ់រះ លើយុវជនមួយក្រុមដែលកំពុងអង្គុយលេងជួបជុំគ្នា បណ្តាលឲ្យរងរបួសធ្ងន់ស្រាលចំនួន០៣នាក់ ដែលជំហ៊ានដំបូងត្រូវបានគេសន្និដ្ឋានថាជារឿងគំនុំ ភ្លាមៗនោះជនសង្ស័យបាននាំគ្នាជិះរត់យន្តគេចខ្លួនបាត់ស្រមោល។ ក្នុងហេតុការណ៍នោះជនរងគ្រោះ១នាក់ ក្នុងចំណោម៣នាក់ បានស្លាប់បាត់បង់ជីវិតពេលគេបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ៕