Breaking News

ថ្ងៃនេះជាខួបលើកទី៣០ឆ្នាំដាក់បញ្ចូលរមណីយដ្ឋានអង្គរក្នុងបញ្ជីបេតិកភណ្ឌពិភពលោក

​ភ្នំពេញ​៖ ប្រមុខ​ដឹកនាំ​រាជរដ្ឋាភិបាល​កម្ពុជា ​និង​ប្រជាជន​ខ្មែរ​បាន​ចេញ​សារ​ជា​បន្តបន្ទាប់​អបអរសាទរ​ខួប​លើក​ទី​៣០​ឆ្នាំនៃ​ការ​ដាក់​បញ្ចូល​រមណីយដ្ឋាន​អង្គរ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​របស់​អង្គការ​យូ​ណេ​ស្កូ​។ ជាក់ស្តែង​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា ដែល​កំពុង​តែ​បំពេញ​ទស្សនៈ​ក​កិច្ច​នៅ​អឺរ៉ុប ក៏​បាន​ចេញ​សារ​អបអរសាទរ​ផង​ដែរ​។

សម្តេច​តេ​ជោ បាន​សរស​សេរ​ថា នៅ​ថ្ងៃ​ទី​១៤ ខែធ្នូ ឆ្នាំ​២០២២​នេះ គឺជា​ខួប​លើក​ទី​៣០​ឆ្នាំ នៃ​ការ​ដាក់​បញ្ចូល​រមណីយដ្ឋាន​អង្គរ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក របស់​អង្គការ​យូ​ណេ​ស្កូ (១៤ ធ្នូ ១៩៩២ – ១៤ ធ្នូ ២០២២)​។ នេះ​គឺជា​ការ​រំឭកស្មារតី​កូន​ខ្មែរ​គ្រប់​រូប​ឲ្យ​ចេះ​ស្រឡាញ់​និង​ចូលរួម​ថែរក្សា​បេតិកភណ្ឌ​ជា​ពិសេស​គឺ​សម្តែង​នូវ​ការ​ដឹងគុណ​ដ៏​ជ្រាលជ្រៅ​ដល់​បុព្វបុរស​ខ្មែរ​ដែល​បាន​ពលិកម្ម​ដើម្បី​បុព្វហេតុ​អារ្យធម៌​ដ៏​រុងរឿង​របស់​ខ្មែរ​នា​សម័យ​អតីតកាល​និង​ការ​តស៊ូ​ជា​បន្តបន្ទាប់​របស់​ថ្នាក់ដឹកនាំ​ប្រទេស​ក្នុង​ការ​ជម្នះ​រាល់​ឧបសគ្គ​ទាំងឡាយ​ការពារ​ឲ្យ​បាន​នូវ​សម្បត្តិ​បេតិកភណ្ឌ​ដ៏​មាន​តម្លៃ​របស់​ជាតិ និង​ពិភពលោក​ទាំងមូល​។ «​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ប្តេជ្ញា​ចិត្ត​យ៉ាង​មុតមាំ​ក្នុង​ការ​អភិរក្ស​បេតិកភណ្ឌ​មួយ​ដ៏​អស្ចារ្យ​នេះ ។ បច្ចុប្បន្ន​អង្គរ វត្ត​បាន​ក្លាយជា​គោលដៅ​ទេសចរណ៍​ដ៏​សំខាន់​ដោយ​បាន​ទាក់ទាញ​ភ្ញៀវ​ទេសចរ​អន្តរជាតិ​រាប់​លាន​នាក់​មក​ទស្សនា​និង​បាន​ស្គាល់​ពី​ស​ម្ប​តិ្ត​វប្បធម៌​ប្រ​ទេ ស​កម្ពុជា​»​។ នេះ​ជា​ការ​លើក​ឡើង​របស់​សម្តេច​តេ​ជោ នាយក​រដ្ឋមន្ត្រី​កម្ពុជា​។

សូម​ជម្រាប​ថា ប្រាសាទ​អង្គរ​ត្រូវ​បាន​ចុះ​បញ្ចូល​ក្នុង​បញ្ជី​សម្បត្តិ​បេ​តិក​ភ័​ណ្ឌ​ពិភពលោក​របស់​អង្គការ​យូ​ណេ​ស្កូ នៅ​ថ្ងៃ​ទី​១៤ ខែធ្នូ ឆ្នាំ ១៩៩២ នាទី​ក្រុង​សាន់​តា​ហ្វេ​សហរដ្ឋ អា​មេ​រិ​ក​។

ក្រោយ​ពី​ការ​ដាក់​បញ្ចូល​តំបន់​រមណីយដ្ឋាន​អង្គរ​ចូល​ក្នុង​បញ្ជី​បេ​តិក​ភ័​ណ្ឌ​ពិភពលោក​សន្និសីទ​អន្តរជាតិ​មួយ​បាន​ប្រារព្ធ​ធ្វើ​ឡើង​នៅ​ទីក្រុង​តូ​ក្យូ​ចាប់ពី​ថ្ងៃ​ទី ១២-១៣ ខែតុលា​ឆ្នាំ​១៩៩៣​ក្រោម​ការ​ផ្តួចផ្តើម​គំនិត​របស់​រាជរដ្ឋាភិបាល​ជប៉ុន​ដោយ​មានការ​គាំទ្រ​ពី​ប្រទេស​បារាំង និង​អង្គការ​យូ​ណេ​ស្កូ​ដើម្បី​ដាក់​ចេញ​នូវ​យុទ្ធសាស្ត្រ និង​ផែនការ​សកម្មភាព​នានា​ជា​ប្រយោជន៍​ដល់​កិច្ចការ ពារ​អភិរក្ស​និង​អភិវឌ្ឍន៍​រមណីយដ្ឋាន​អង្គរ ដើម្បី​សម្រេច​គោលដៅ​នេះ​គណៈកម្មាធិការ​សម្របសម្រួល​អន្តរជាតិ​ហៅ​កាត់ ថា អាយ ស៊ី ស៊ី អង្គរ ត្រូវ​បាន​បង្កើត​ឡើង​នា​ខែធ្នូ ឆ្នាំ​១៩៩៣​។​

តំបន់​ឧទ្យាន​អង្គរ​មិនមែន​សំដៅ​តែ​ទៅ​លើ​ប្រាសាទអង្គរវត្ត​តែ​មួយ​នោះ​ទេ តែ​សំដៅលើ​រមណីយដ្ឋាន​អង្គរ​ទាំងមូល​ក្នុង​នោះ​រួម​បញ្ចូល​ទាំង​ប្រាសាទបុរាណ​ដ្ឋា​ន​ស្ថានីយ​បុរាណវិទ្យា បរិស្ថាន និង​សហគមន៍​មនុស្ស​ផង​ដែរ​ដែល​មាន​ផ្ទៃក្រឡា​សរុប ៤០១​គីឡូម៉ែត្រ​ក្រឡា ។ នៅ​ក្នុង​រមណីយដ្ឋាន​អង្គរ​ទាំងមូល​មាន​ប្រាសាទ​ជិត​១០០ ផ្សេង​ទៀត ដែល​ត្រូវ​បាន​ចុះ​ក្នុង​បញ្ជី​បេ​តិក​ភ័​ណ្ឌ​ពិភពលោក​។

ជាមួយ​គ្នា​នេះ​ផង​ដែរ បើ​គ្មាន​អ្វី​ប្រែប្រួល​ទេ​នោះ នៅ​ថ្ងៃ​ទី​១៤ ខែធ្នូ នេះ ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ នឹង​រៀបចំ​ព្រឹត្តិការណ៍​វប្បធម៌​ដ៏​អស្ចារ្យ​នៅ​លើ​ទឹកដី​អង្គរ​ខេត្តសៀមរាប ដោយ​មានការ​ចូលរួម​ពី​សិល្បករ សិល្ប​ការិនី​ល្បី​ៗ​គ្រប់​ទម្រង់​ចំនួន ៣០០​នាក់​។ ការ​រៀបចំ​ព្រឹត្តិការណ៍​នេះ ដើម្បី​ចូលរួម​អបអរសាទរ​ខួប​អនុស្សាវរីយ៍ ៣០​ឆ្នាំនៃ​ការ​ដាក់​បញ្ចូល​តំបន់​រមណីយដ្ឋាន​ប្រាសាទ​អង្គរ ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក ក៏​ដូច​ជា​ការ​រំលឹក​ដល់​សម្បត្តិ​បេតិកភណ្ឌ​ទាំង​១២ របស់​កម្ពុជា ដែល​បាន​ចុះ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​។

បេតិកភណ្ឌ​វប្បធម៌​អរូបី​នៃ​មនុស្សជាតិ និង​ស្មារតី​ចង​ចាំ​នៃ​ពិភពលោក របស់​អង្គការ​យូ​ណេ​ស្កូ​។ព្រឹត្តិ​កាណ៍​ខាងលើ​នេះ គឺជា​ការ​លើ​ស្ទួយ​វិស័យ​វប្បធម៌ និង​ការ​ចូលរួម​ចំណែក​ស្ដារ​ឡើង​វិញ នៃ​វិស័យ​ទេសចរណ៍​នៅ​តំបន់​អង្គរ ក្រោយ​វិបត្តិ​កូ​វី​ដ​-១៩​។

កម្មវិធី​នឹង​ប្រារព្ធ​ធ្វើ​នៅ​ថ្ងៃ​ទី​១៤ ខែធ្នូ ឆ្នាំ​២០២២ នៅ​បរិវេណ​ក្រោយ​ប្រាសាទអង្គរវត្ត វេលា​ម៉ោង​៥៖០០​នាទី​រសៀល ក្រោម​អធិបតីភាព​លោក​ជំទាវ​គតិ​សង្គហ​បណ្ឌិត ម៉ែ​ន សំ​អន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​ជាមួយ​ព្រឹទ្ធសភា រដ្ឋសភា និង​អធិការកិច្ច​។ សម្រាប់​កា​រៀបចំ​ព្រឹត្តិការណ៍​វប្បធម៌​នេះ បងប្អូន​ប្រជាពលរដ្ឋ អាច​ចូលរួម​ទស្សនា​ដោយ​សេរី៕ដោយ៖ សិរី នាគ

Check Also

ទីបំផុត! តារាចម្រៀងរ៉េប Vanthan បានសម្រេចចិត្តប្តឹងនារីម្នាក់ ដែលបានចោទប្រកាន់ថាបានបៀតបៀនផ្លូវភេទ និងចម្លងជំងឺដ៏កាចសាហាវដល់នាង ទៅស្ថាប័នតុលាការ ដើម្បីបញ្ជាក់ភាពស្អាតស្អំរបស់ខ្លួន

Leave a Reply

Your email address will not be published. Required fields are marked *