ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបង្ហាញមោទនភាពចំពោះទំនាក់ទំនងកម្ពុជា-ចិន ដែលកាន់រីកចម្រើនជាពិសេសលើវិស័យពាណិជ្ជកម្ម។ នៅក្នុងឆ្នាំ២០២២នេះ ពាណិជ្ជកម្មទ្វេភាគីកើនឡើង៣៧% លើសឆ្នាំ២០២១។ សម្ដេចតេជោ បានរំពឹងថា សេដ្ឋកិច្ចកម្ពុជា និងបន្តបោះជំហានទៅមុខតាមរយៈការជួយគ្រប់ជ្រែករបស់មិត្តចិន។
នៅក្នុងឆ្នាំ២០២២នេះ កិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងចិន កាន់តែមានភាពល្អប្រសើរ ដែលមានការចម្រើនជាបន្តបន្ទាប់ធ្វើឱ្យប្រទេសទាំងពីរ ក្លាយជាមិត្តភាពដែកថែប ដែលបានជំរុញឲ្យពាណិជ្ជកម្មទ្វេភាគីកើនឡើងផងដែរ រហូតដល់ចំនួនប្រមាណ ១១ពាន់លានដុល្លារអាម៉េរិក ក្នុងឆ្នាំ២០២១ ដែលគិតជាភាគរយមានការកើនឡើង ៣៧% បើធៀបទៅនឹងឆ្នាំ២០២០។
មានប្រសាសន៍ក្នុងពិធីទទួលពានរង្វាន់សមិទ្ធផលពេញមួយជីវិត របស់មេដឹកនាំឆ្នើមពិភពលោក ប្រគល់ជូនដោយវិទ្យាសាស្រ្តសម្រាប់អាស៊ីប៉ាស៊ីហ្វិក ស្តីពីការបង្កើនទំនាក់ទំនងអាស៊ាន-ចិន នៅព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២២នេះ នៅវិមានសន្តិភាព សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា ភាពល្អប្រសើរនេះ ក្នុងកិច្ចសហប្រតិបត្តិការរវាងប្រទេសកម្ពុជា និងចិន មានការរីកចម្រើនទាំងផ្នែកនយោបាយ សេដ្ឋកិច្ច និងសង្គម ត្រូវបានឆ្លុះបញ្ចាំងតាមរយៈដំណើរទស្សនកិច្ចទៅវិញទៅមកកាន់តែញឹកញាប់ កំណើនពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ និងកំណើននៃការប្រាស្រ័យទាក់ទង រវាងប្រជាជន និងប្រជាជនផងដែរ។
សម្តេចតេជោ បានថែ្លងបញ្ជាក់ទៀតថា រហូតមកដល់ពេលនេះ កម្ពុជាតែងទទួលបានការជួយគាំទ្រ និងជ្រោមជ្រែងជាបន្តបន្ទាប់ពីមិត្តចិន ទាំងហិរញ្ញវត្ថុ និងមិនមែនហិរញ្ញវត្ថុ ជាពិសេសក្នុងពេលវេលាដ៏លំបាកបំផុតបណ្តាលមកពីវិបត្តិជំងឺកូវីដ១៩ ដែលបានចូលរួមបង្កលក្ខណៈឲ្យកម្ពុជា មានលទ្ធភាពគ្រប់គ្រងស្ថានភាពឆ្លងរីករាលដាលបានល្អប្រសើរ និងជាពិសេសចូលរួមដល់ការកាត់បន្ថយផលប៉ះទង្គិចសង្គម-សេដ្ឋកិច្ចផងដែរ៕ដោយ៖ សិរី នាគ