កៀវ៖ ចាប់តាំងពីប្រធានាធិបតីរុស្ស៊ី បានបញ្ជាកងទ័ពរបស់ខ្លួន ឲ្យបើកទ្វារព្រំដែន ធ្វើសង្គ្រាមវាយលុកចូលទៅក្នុងប្រទេសអ៊ុយក្រែន កាលពីថ្ងៃទី២៤ ខែកុម្ភៈ រហូតមកដល់ពេលនេះ ចក្រភពអង់គ្លេស ក្លាយជាប្រទេសបស្ចិមលោកនាំមុខគេមួយ ដែលបញ្ជូនគ្រឿងយុទ្ធោបករណ៍ទៅជួយដល់ក្រុងកៀវ ហើយឥឡូវប្រទេសមហាអំណាចមួយនេះ បានសម្រេចចិត្តបញ្ជូនមីស៊ីលនាំផ្លូវដ៏ទំនើបរបស់ខ្លួន ទៅជួយប្រទេសដែលកំពុងតែហែកហួរ ដោយសារសង្គ្រាមមួយនេះបន្ដទៀត។
នេះបើតាមទីភ្នាក់ងារសារព័ត៌មាន Ukrinform បានចេញផ្សាយកាលពីថ្ងៃអាទិត្យទី១៨ ខែធ្នូថា ចក្រភពអង់គ្លេស បានអះអាងអំពីការបញ្ជូនមីស៊ីលនាំផ្លូវ ប្រភេទ Brimstone 2 ទៅកាន់ប្រទេសអ៊ុយក្រែន ដែលជាផ្នែកមួយនៃកញ្ចប់ជំនួយយោធារបស់ទីក្រុងឡុងដ៍។
ក្រសួងការពាជាតិ ចក្រភពអង់គ្លេស បានសរសេរនៅលើបណ្ដាញសង្គមធ្វីធើរ ថា ចក្រភពអង់គ្លេស បានសម្រេចផ្ដល់មីស៊ីល Brimstone 2 ដែលជាប្រភេទមីស៊ីលនាំផ្លូវជាក់លាក់មួយ បញ្ជូនទៅឲ្យកងទ័ពការពារទឹកដីរបស់អ៊ុយក្រែន ហើយនេះក៏ជាផ្នែកមួយ នៃកញ្ចប់ជំនួយសន្ដិសុខរបស់ក្រុងឡុងដ៍ផងដែរ។ កញ្ចប់ជំនួយនេះ នឹងតួនាទីយ៉ាងសំខាន់ សម្រាប់ការបញ្ឈប់ល្បឿន វាយរុលទៅមុខ ពីកម្លាំងទាហានរុស្ស៊ី។
បើតាមសេចក្ដីរាយការណ៍ បានអះអាងថា មីស៊ីល Brimstone 2 ចុងក្រោយបង្អស់របស់ចក្រភពអង់គ្លេស មានសមត្ថភាពខ្លាំងជាងមុនទ្វេដង ហើយត្រូវបានផ្តល់ ទៅឲ្យកងទ័ពការពារទឹកដីរបស់អ៊ុយក្រែន។ ប្រព័ន្ធមីស៊ីលប្រភេទនេះ អនុញ្ញាតឱ្យកាំជ្រួចស្កែន ទៅលើសមរភូមិ និង ជ្រើសរើស អំពីគោលដៅសមស្របបំផុត ខណៈកំពុងពិនិត្យលើយានស៊ីវិល ឬ ឧបករណ៍យោធាមិនសូវសំខាន់។
ចាប់តាំងពីក្រុងមូស្គូ បានប្រកាសធ្វើសង្គ្រាម ប្រឆាំងនឹងអ៊ុយក្រែន រហូតមកដល់ពេលនេះ ចក្រភពអង់គ្លេស បានផ្លាស់ប្ដូរនាយករដ្ឋមន្រ្ដី ចំនួន៣រូបរួចមកហើយ ប៉ុន្ដែប្រទេសមហាអំណាចបស្ចិមលោកមួយនេះ នៅតែប្រកាន់គោលជំហរ មិនងាកថយ នៅក្នុងការជួយដល់អ៊ុយក្រែន ដើម្បីការពារទឹកដី និង សេរីភាពរបស់ពួកគេ។ កាលពីនៅក្នុងឋានៈជានាយករដ្ឋមន្រ្ដី លោក បូរីស ចនសុន (Boris Johnson) បានទៅធ្វើដំណើរទៅជួយមេដឹកនាំអ៊ុយក្រែន ដល់រដ្ឋធានីកៀវ ចំនួន៣លើក ដើម្បីសិក្សា អំពីតម្រូវការចាំបាច់របស់ពួកគេ។ លើសពីនេះទៅទៀត សូម្បីតែជិតដល់ពេលគាត់ត្រូវដើរចេញ ពីតំណែងទៅហើយ ក៏លោក ចនសុន ថែមទាំងទៅជួយបង្ហាត់បង្រៀនដល់កងទ័ពអ៊ុយក្រែន ដោយផ្ទាល់ទៀតផង។
ស្របគ្នានឹងសកម្មភាពរបស់លោក បូរីស ចនសុន នោះ លោក រីស៊ី ស៊ុនណាក់ (Rishi Sunak) នាយករដ្ឋមន្រ្ដីបច្ចុប្បន្នរបស់ចក្រភពអង់គ្លេស ក៏បានធ្វើដំណើរទៅជួយមេដឹកនាំរបស់អ៊ុយក្រែន ដល់រដ្ឋធានីកៀវ ដើម្បីប្រកាស អំពីគោលជំហររបស់ប្រទេសមហាអំណាចបស្ចិមលោកមួយនេះ សម្រាប់កិច្ចគាំទ្រ ជួយដល់ប្រជាជនអ៊ុយក្រែន។ ចក្រភពអង់គ្លេស នៅតែប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់ ជួយដល់អ៊ុយក្រែន រហូតទទួលបានជ័យជម្នះយ៉ាងពិតប្រាកដ៕ដោយ៖ សិរី នាគ