ភ្នំពេញ ៖ សូមរំលឹកថា,កាលពីព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២២ យុវជនម្នាក់បានរត់ទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ឲ្យសមត្ថកិច្ចជួយអន្តរាគមន៍ ដោយចោទប្រកាន់ទៅលើស្រីស្នេហ៍របស់ខ្លួនចំនួន២នាក់ ថាបានឆបោកយកម៉ូតូម៉ាកហុងដាឌ្រីមមួយគ្រឿងទៅបាត់ ហើយត្រូវបានកម្លាំងសមត្ថកុច្ចខណ្ឌពោធិ៍សែនជ័យ សហការណ៍ជាមួយកម្លាំងខណ្ឌកំបូល ស្រាវជ្រាវ ស្វែងរកនារីទាំង២នាក់និងម៉ូតូយកមកសាកសួតែ ទីបំផុតម៉ូតូ ត្រូវបាននារី២នាក់នោះជិះយកមកប្រគល់ជូនយុវជនខាងលើវិញហើយ មិនមែនជារឿងឆបោកនោះទេ។
យុវជនប្រឌិតរឿងខាងលើមានឈ្មោះ ចែម រ៉ាម៉ា អាយុ២៨ឆ្នាំ មុខរបរកម្មកររោងចក្រ រស់នៅក្នុងភូមិខ្ចៅ សង្កាត់បឹងធំ ខណ្ឌកំបូល រាជធានីភ្នំពេញ ។ ម៉ូតូដែលឲ្យសង្សារខ្ចីជិះម៉ាកហុងដាឌ្រីម សេរី២០២២ ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1JG-6279 ។
តាមការសារភាពពីយុវជនខាងលើ នៅព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២នេះ បានឲ្យដឹងថា ក្រោយពីបានស្គាល់ ស្រឡាញ់គ្នាជាមួយនារី២នាក់ ៖ ទី១ ឈ្មោះ អ៊ួន សុខមាន ហៅស្រីនិច អាយុ១៦ឆ្នាំ ស្នាក់នៅភូមិអង្គ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតនៅ ភូមិតាអូរ ឃុំសោម ស្រុកគិរីវង់ ខេត្តតាកែវ ។ ទី២ ឈ្មោះ កឹង សាមី ហៅញ៉ា អាយុ១៧ ឆ្នាំ ស្នាក់នៅជាមួយគ្នា មានស្រុកកំណើត នៅភូមិសុបិន្ត ឃុំព្រៃអំពក ស្រុកគិរីវង់ ខេត្តតាកែវ ។
ការស្រឡាញ់គ្នាអស់រយៈពេល១ខែមកហើយ នៅយប់ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២២ បានឌុបគ្នាដើរលេង ហូបប្រហិតចៀន នៅតាមផ្លូវសហព័ន្ធរុស្សុី ជាប់របង់ព្រលានយន្តហោះ ភូមិព្រៃទា១ សង្កាត់ចោមចៅទី៣ ពេលនោះនារីជាសង្សារទាំង២នាក់ បានខ្ចីម៉ូតូជិះវិលទៅផ្ទះជួលនៅភូមិអង្គ សង្កាត់ចោមចៅទី៣ យល់ព្រមក៏ប្រគល់ម៉ូតូឲ្យនាងៗជិះ តែយូរពេកមិនឃើញវិលមកវិញ នៅព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២២ ភ័យពេក ខ្លាចក្រុមគ្រួសារស្តីបន្ទោស ក៏រត់ទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលចោមចៅទី៣ ចោទប្រកាន់ថាស្រីស្នេហ៍ឆបោកយកម៉ូតូ ។ ភ្លាមៗត្រូវបានកម្លាំងសមត្ថកិច្ចខណ្ឌពោធិសែនជ័យ សហការជាមួយកម្លាំងខណ្ឌកំបូល ស្រាវជ្រាវទៅតាមស្វែងរកម៉ូតូ ដល់ចំណុចភូមិត្រពាំងទួល សង្កាត់កំបូល ខណ្ឌកំបូល តែមិនជួប ឃើញតែយុវជនបងតូច បងធំ មួយក្រុមហស្សនាម KP zin កំពុងដេកប្រមូលផ្តុំ ឃាត់ខ្លួនបាន១៣នាក់ នាំទៅសាកសួរនៅផ្នែកជំនាញខណ្ឌកំបូល ជាលទ្ធផល ក្រោយសាកសួរ យុវជនទាំង១៣នាក់ ពុំមានពាក់ព័ន្ធរឿងម៉ូតូឡើយ សមត្ថកិច្ចឃាត់ខ្លួនតែ២នាក់ទេ ដែលជាប់ពាក់ព័ន្ធនឹងរឿងបង្កហឹង្សាកន្លងមក ។
ចំណែករឿងចោទប្រកាន់ថាស្រីបោក សមត្ថកិច្ចបន្តស្រាវជ្រាវ ស្រាប់តែដល់វេលាម៉ោង១០យប់ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២២ ម៉ូតូរបស់យុជនខាងលើត្រូវបាននារីទាំង២នាក់ ជិះយកទៅប្រគល់ឲ្យវិញហើយ ។
បើតាមនារី២នាក់ជាសង្សារបានឲ្យដឹងថា ពួកនាងអត់ដឹងខ្លួន បុរសខាងលើប្តឹងផង ម៉ូតូសុំខ្ចីត្រឹមត្រូវ ជិះទៅផ្ទះ លុះយប់ជ្រៅបន្តិច ជិះទៅតាមរកវិញតែមិនឃើញ ទូរស័ព្ទមិនកលើកទៀត រហូតដល់យប់ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២២ ទើបជិះយកទៅប្រគល់ជូនវិញ បែជាហៅនាំចូលប៉ុស្តិ៍ប៉ូលិស ទើបនាំគ្នាស្រឡាំងកាំង ។
ក្រោយពីដឹងរឿងពិត យុវជនខាងលើប្រឌិតរឿង សមត្ថកិច្ច ហៅប្រមូលធ្វើការអប់រំ កិច្ចសន្យា បញ្ឈប់ប្រឌិតរឿង អ្វីផ្ទុយពីការពិត នាំឲ្យមានការភ័ណ្ឌច្រឡំ រួចអនុញ្ញាតិឲ្យវិលត្រឡប់ទៅផ្ទះវិញ ៕