Breaking News

ចាប់ខ្លួនឈ្មួញទិញលក់ដីម្នាក់ បញ្ជូនទៅតុលាការ ពីបទ« ឆបោក ប្រាក់រាប់សិបលានដុល្លារ» ពីអ្នកឧកញ៉ាម្នាក់ រឿងលក់ដីខ្យល់

ភ្នំពេញ៖ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២ បានចាប់បញ្ជូនឈ្មួញរកស៊ីទិញលក់ដីធ្លីម្នាក់ បញ្ជូនទៅតុលាការ ពាក់ពន្ធករណី ឆបោកលើទឹកប្រាក់រាប់សិបលានដុល្លារអាមេរិក ពីអ្នកឧកញ៉ាម្នាក់ រឿងលក់ដីខ្យល់។ សំណុំរឿងត្រូវបានតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បើកការស៊ើសួរលើជនសង្ស័យឈ្មោះ ឈន បូរ៉ា ភេទប្រុស អាយុ៥៣ឆ្នាំ មុខរបរពាណិជ្ជករ (ឈ្មួញរកស៊ីទិញលក់ដីធ្លី) មានទីលំនៅភូមិកោះក្រពើ សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

ដើមចមនៃការចាប់បញ្ជូនខ្លួនឈ្មួញទិញលក់ដីធ្លីម្នាក់ខាងលើនេះ តាមប្រភពព័ត៌មានបានបង្ហើបឲ្យដឹងថា កាលពីពាក់កណ្តាលខែសីហា ឆ្នាំ២០២២ អ្នកឧកញ៉ាម្នាក់ បានទៅដាក់ពាក្យបណ្តឹងនៅសមត្ថកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដោយចោទប្រកាន់មនុស្ស៤នាក់ថា កាលពីអំឡុងឆ្នាំ២១៤-២០១៥ ពួកគេបានឃុបឃិតគ្នា លក់ដីខ្យល់មួយកន្លែង ទំហំ ៤៦ហិកតា ដែលមានទីតាំងស្ថិតនៅភូមិព្រែកឡុង៣ សង្កាត់ចាក់អង្រែក្រោយ ខណ្ឌមានជ័យ រាជធានីភ្នំពេញក្នុងតម្លៃ ៧៣ ៦០០ ០០០ដុល្លារអាមេរិក។

ក្រោយមកឈ្មួញទាំង៤នាក់នោះ បានលក់ដីមួយកន្លែងទៀតឲ្យទៅអ្នកឧញ៉ាដដែល ដែលមានទំហំជិត១០ហិកតា ស្ថិតនៅភូមិព្រែកតាពៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល ក្នុងតម្លៃ ១៣ ៩៣០ ០០០ដុល្លារអាមេរិក ដោយអះអាងថា ជាដីកម្មសិទ្ធិស្របច្បាប់របស់ពួកគេ។ នៅពេលទិញលក់ដីធ្លីនោះ អ្នកឧកញ៉ាដើមបណ្តឹងបានប្រគល់ប្រាក់ជាបន្តបន្ទាប់ ឲ្យទៅមនុស្សទាំង៤នាក់ សរុបចំនួន ៦១ ១៤៥ ០០០ដុល្លារអាមេរិក។

ក្រោយពីទទួលបានលុយរួចហើយ ឈ្មួញទាំង៤នាក់ បានអូសបន្លាយពេលវេលាពី១ខែទៅ១ខែ ពី១ឆ្នាំទៅ១ឆ្នាំ មិនបានធ្វើការចុះបញ្ជីកម្មសិទ្ធិដីធ្លីស្របច្បាប់ ឲ្យទៅអ្នកទិញតាមកិច្ចព្រមព្រៀងទិញលក់នោះទេ និងចេះតែគេចវេសមិនជួបជាមួយម្ចាស់ប្រាក់ទៀតផង ដល់ពេលគេតាមស្រាវជ្រាវជាក់ស្តែងទៅ ដីនោះជាដីកម្មសិទ្ធិរបស់ក្រុមហ៊ុនមួយបាត់ទៅហើយ ពោលគឺជនទុច្ចរិតទាំង៤ នាក់ឃុបឃិតគ្នាលក់ដីខ្យល់។

ដោយយោងទៅលើពាក្យបណ្តឹង ឯកសារពាក់ពន្ធ និងកិច្ចព្រមទិញលក់ដីធ្លី ដែលកំណត់បានអត្តសញ្ញាណជនទាំង៤ នាក់ ពិតជាជនឆ.បោក ដូច្នោះសមត្តកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញ ក្រោមការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានឲ្យកម្លាំងជំនាញ(មន្ត្រីគរបាលយុត្តិធម៍)បើកការស៊ើបអង្កេត និងស្រាវជ្រាវតាមនីតិវិធី រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួក៤នាក់ គឺឈ្មោះ ឈន បូរ៉ា ជាឈ្មួញលក់ដីខ្យល់បានប្រាក់រាប់សិបលានដុល្លារអាមេរិក រួចកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់តាមផ្លូវច្បាប់៕SRN

Check Also

ទីបំផុត! តារាចម្រៀងរ៉េប Vanthan បានសម្រេចចិត្តប្តឹងនារីម្នាក់ ដែលបានចោទប្រកាន់ថាបានបៀតបៀនផ្លូវភេទ និងចម្លងជំងឺដ៏កាចសាហាវដល់នាង ទៅស្ថាប័នតុលាការ ដើម្បីបញ្ជាក់ភាពស្អាតស្អំរបស់ខ្លួន

Leave a Reply

Your email address will not be published. Required fields are marked *