កំពង់ស្ពឺ៖ ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានបន្តអំពាវនាវឱ្យប្រជាពលរដ្ឋចូលរួមគោរពច្បាប់ចរាចរណ៍ពេលបើកបរ និងសូមកុំខ្លាចនគរបាលចរាចរណ៍ ត្រូវខ្លាចការបាត់បង់ជីវិត ឬរបួសពិការ។
ការបន្តអំពាវនាវបែបនេះរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងក្នុងឱកាស អញ្ជើញជាអធិបតីបើកការដ្ឋាន កែលំអរផ្លូវជាតិលេខ៤១ ភ្ជាប់ពីខេត្តកំពង់ស្ពឺ ទៅកំពត នាព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២នេះ។
ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានអំពាវនាវយ៉ាងដូច្នេះថា៖ «ហើយថ្ងៃមុនខ្ញុំនិយាយអញ្ចេះថា ខ្ញុំនៅតែបន្តការអំពាវនាវឱ្យប្រជាពលរដ្ឋរបស់យើងគោរពច្បាប់ចរាចរណ៍ ថ្ងៃមុនខ្ញុំបាននិយាយថា សូមកុំខ្លាចប៉ូលិសចរាចរណ៍ ត្រូវខ្លាចច្បាប់ ប៉ុន្តែ អីឡូវខ្ញុំសូមប្រើភាសានេះមួយ កុំខ្លាចប៉ូលិសចរាចរណ៍ ខ្លាចស្លាប់ ឬរបួសអាហ្នឹងល្អជាង»។
ជុំវិញបញ្ហាគ្រោះថ្នាក់ចរាចរណ៍នេះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា សូមប្រជាពលរដ្ឋជ្រើសរើសឱ្យច្បាស់ថា តើខ្លាចប៉ូលិចរាចរណ៍ ឬខ្លាចស្លាប់ ដូច្នេះ នាំគ្នាខិតខំគោរពច្បាប់ចរាចរណ៍ ដើម្បីការពារអាយុជីវិត និងការរបួសពិការដោយសារតែការបើកបរមិនគោរពច្បាប់ចរាចរណ៍។
សម្តេចតេជោ ហ៊ុន សែន បានបន្ថែមថា បច្ចុប្បន្ននេះ ប្រទេសកម្ពុជា គឺមានផ្លូវល្អសម្រាប់ឱ្យប្រជាពលរដ្ឋធ្វើដំណើរទៅវិញទៅមក ដែលបានបង្កលក្ខណៈងាយស្រួលក្នុងការធ្វើដំណើរ។ ប៉ុន្តែ បែរជាករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងជារៀងរាល់ថ្ងៃទៅវិញ។
ជាមួយគ្នានេះដែរ សម្តេចតេជោ ហ៊ុន សែន បានបន្តថា គិតថាជាមធ្យមមានប្រជាពលរដ្ឋខ្មែរ ស្លាប់ចំនួន៥នាក់ ក្នុងមួយថ្ងៃ ដោយសារតែគ្រោះថ្នាក់ចរាចរណ៍។ ខណៈថ្ងៃម្សិលមិញ មានករណីគ្រោះថ្នាក់ចរាចរណ៍ ៧ករណី បណ្តាលឱ្យមនុស្សម្នាក់ស្លាប់ និងរបួស១១នាក់ ក្នុងនោះមានអ្នករបួសធ្ងន់ចំនួន៨នាក់ផងដែរ។
នាយករដ្ឋមន្ត្រីនៃកម្ពុជា ក៏បានចោទជាសំណួរថា៖ «នេះសុទ្ធតែជារឿងគួរឱ្យសោកស្តាយ អ៊ឹចឹងទេ តើយើងគួរខ្លាចប៉ូលិសចរាចរណ៍ ឬខ្លាចស្លាប់ អាហ្នឹងនិយាយអញ្ចេះទៅវិញ?»។
សម្តេចតេជោ ហ៊ុន សែន ក៏បានក្រើនរំឮកទៅដល់ប្រជាពលរដ្ឋដែលមានរថយន្ត ម៉ូតូហើយ គួរគម្បីបើកបរដោយប្រុងប្រយ័ត្ន គោរពច្បាប់ចរាចរណ៍ ដើម្បីថែទាំសម្ភារដែលខ្លួនខំរកបានដោយលំបាក និងជាពិសេស គឺការការពារអាយុជីវិតរបស់ខ្លួន និងក្រុមគ្រួសារ ព្រមទាំងអ្នកធ្វើដំណើរលើដងផ្លូវជាដើម។
ទន្ទឹមនឹងនេះសម្តេចតេជោ ហ៊ុន សែន បានចាត់ទុកថាការបង្កគ្រោះថ្នាក់ចរាចរណ៍បានបង្កសោកនាដកម្មដល់ខ្លួនឯង គ្រួសារ និងអ្នកដទៃ ដែលមិនដឹងអីសោះ ជាពិសេសករណីគ្រោះថ្នាក់ចរាចរណ៍នេះ បានបង្កការខូចខាតដល់សេដ្ឋកិច្ចយ៉ាងច្រើនផងដែរ៕