(ខេត្តបាត់ដំបង)៖ លោក ហោ សំអាតអនុប្រធានសហគមតំបន់អភិរក្ស រាំងពេន ៣ត ស្ថិតក្នុងស្រុកឯកភ្នំ ខេត្តបាត់ដំបង បានប្រាប់ឲ្យដឹងនៅល្ងាចថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ ២០២២នេះថា សត្វត្រីអណ្តែងនៅក្នុងដែនអភិរក្ស រាំងពេន៣ត ដែលលាតសន្ធឹងរាប់សិបហិកតាបានងាប់អណ្តែតពេញទឹកយ៉ាងច្រើនបន្តបន្ទាប់គ្នាចាប់តាំងពីថ្ងៃទី ១៥ ខែធ្នូ មក។
លោកបន្តថា÷ ពូជត្រីអណ្តែងដែលងាប់នៅក្នុងតំបន់អភិរក្សដ៏គួឲ្យព្រួយបារម្ភនេះមានអាយុប្រមាណជា ៤ ទៅ ៥ខែ និងក្នុងមួយក្បាលៗមានទម្ងន់ពី ២ ទៅ៣ខាំ ហើយករណីប្រទះឃើញសត្វត្រីងាប់នេះលើកទី២ហើយ ខណ:នៅឆ្នាំ ២០១៨ មានត្រីងាប់យ៉ាងច្រើនដូចគ្នាដែរ ប៉ុន្តែជាពូជត្រីផ្ទក់ និងត្រីរ៉ស់។
ចុងក្រោយនេះលោក រួមជាមួយនិងមន្ត្រីសហគមន៍មួយចំនួនទៀតបានចុះពិនិត្យបន្តជាប់ៗគ្នាបង្ហាញថា បញ្ហាដែលត្រីងាប់នេះជាប្រភេទត្រីអណ្តែងសុទ្ធដោយមិនមានការយាយីដូចជាករណីលួចឆក់នៅពេលថ្ងៃ ឬពេលយប់ និងត្រូវថ្នាំពុលអ្វ៏នោះឡើយ ហើយក៏មិនមែនដោយសារពុលទឹកនោះដែរ ហើយក្រុមការងារនិងបន្តតាមដានស្រាវជ្រាវបន្ថែមចំពោះករណីខាងលើនេះ៕