ភ្នំពេញ៖ នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣ ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានអនុញ្ញាតឲ្យលោក លី ស៊ាងមិញ (Mr. LI XIANG MING) ទីប្រឹក្សាទំនាក់ទំនងកិច្ចការនគរបាល នៃស្ថានទូតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា ដឹកនាំគណៈប្រតិភូចូល ជួបពិភាក្សាការងារ ដើម្បីពង្រឹងកិច្ចសហការប្រតិបត្តិការទំនាក់ទំនងការងារជាមួយស្ថានទូតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាកិច្ចសហការប្រតិបត្តិការជាមួយស្នងការដ្ឋានសន្តិសុខសាធារណៈ នគរបាលទីក្រុងប៉េកាំង។
នៅគ្រាដែលអង្គភាពទាំងពីរ ត្រូវបានឯកភាពរវាងក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងសន្តិសុខសាធារណៈនៃសាធារណរដ្ឋចិនប្រជាមានិត បានចុះហត្ថលេខាកំណត់ហេតុកិច្ចប្រជុំស្តីពី (កិច្ចសហប្រតិបត្តិការ រឹតចំណងមេត្រីភាព) រវាងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងស្នងការដ្ឋាននគរបាលសន្តិសុខសាធារណៈទីក្រុងប៉េកាំង ដែលបានធ្វើឡើងកាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៧ កន្លងទៅនេះ។
នៅក្នុងកិច្ចពិភាក្សាការងារ ឧត្តមសេនីយ៍ឯក ស ថេត ក៏បានលើកឡើងស្វាគមន៍ចំពោះប្រតិភូដឹកនាំដោយលោក លី ស៊ាងមិញ (Mr. LI XIANG MING) ទីប្រឹក្សាទំនាក់ទំនងកិច្ចការនគរបាល នៃស្ថានទូតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលបានអញ្ជើញមកបំពេញភារកិច្ចនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីជួបពិភាក្សាការងារ។
ឧត្តមសេនីយ៍ឯក ស ថេត បានលើកឡើងថា កន្លងមកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានមានទំនាក់កិច្ចសហប្រតិបត្តិការល្អជាមួយស្ថានទូតចិនក៏ដូចជាស្នងការដ្ឋាននគរបាលសន្តិសុខសាធារណៈទីក្រុងប៉េកាំងលើការងារសន្តិសុខ និងកិច្ចការងារមួយ ចំនួនទៀត ក្នុងការចូលរួមថែរក្សាការពារសន្តិសុខ រក្សាសណ្តាប់ធ្នាប់សុវត្ថិភាពសង្គមនិងកិច្ចសហការបង្ការទប់ស្កាត់បង្រ្កាបបទល្មើសទទួលបានលទ្ធល្អ។
ឧត្តមសេនីយ៍ឯក ស ថេត បានលើកឡើងទៀតថា៖កម្ពុជាបច្ចុប្បន្នគឺមានសុខសន្តិភាព ស្ថិរភាព ប្រទេសជាតិមានការអភិវឌ្ឍន៍រីកចម្រើន ចំណែកការងារសន្តិសុខ សណ្តាប់ធ្នាប់សង្គមមានសុខសុវត្ថិភាពល្អ ជាពិសេសកម្ពុជាទើបតែបញ្ចប់ដោយជោគជ័យក្នុងការរៀបចំកិច្ចប្រជុំកំពូលអាស៊ាននិងកិច្ចប្រជុំពាក់ព័ន្ធ ធានាបានសុខសុវត្ថិភាពដល់ប្រតិភូប្រមុខរដ្ឋនានា។
លោកលី ស៊ាងមិញ (Mr. LI XIANG MING) បានលើកឡើង និងវាយតម្លៃខ្ពស់ពីការរីកចម្រើនរបស់ប្រទេសកម្ពុជា តាមរយៈកត្តាសុខសន្តិភាព និងស្ថិរភាពល្អ។ លោកអរគុណដល់កម្លាំងនគរបាលរាជធានីភ្នំពេញកន្លងមកមានកិច្ចសហប្រតិបត្តិការល្អជាមួយស្ថានទូតចិនក៏ដូចជាសមត្ថកិច្ចចិនលើការងារសន្តិសុខនិងជាពិសេសបានការពាររក្សាសុវត្ថិភាពជនជាតិចិនដែលមកវិនិយោគនិងមកទេសចរ នៅរាជធានីភ្នំពេញទទួលបានភាពកក់ក្តៅ។ ជាងនេះក៏បានលើកឡើងនូវការបន្តកិច្ចសហប្រតិបត្តិការការងាររវាងគ្នានិងគ្នាឱ្យកាន់តែរឹងមាំនិងប្រសើរឡើងថែមទៀតដើម្បីលើកកម្ពស់ការងារថែរក្សាសន្តិសុខសណ្តាប់ធ្នាប់សុវត្ថិភាពសង្គមជាទូទៅ។
សូមបញ្ជាក់ថា ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងស្នងការដ្ឋាននគរបាលសន្តិសុខសាធារណៈទីក្រុងប៉េកាំងបានចងចំណងមេត្រីភាពនៃកិច្ចសហប្រតិបត្តិការកាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១កន្លងទៅថ្នាក់ ដឹកនាំនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញនិងថ្នាក់មដឹកនាំនៃស្នងការដ្ឋាននគរបាលសន្តិសុខសាធារណៈទីក្រុងប៉េកាំង ក៏បានបើកកិច្ចប្រជុំទ្វេភាគីតាម (ហ្ស៊ូមអនឡាញ) ក្នុងកិច្ចប្រជុំភាគីទាំងពីរក៏បានលើក ឡើងនៃការជម្រុញពង្រឹងចំណងសាមគ្គឺភាពរវាងកម្ពុជា-ចិន ឱ្យកាន់តែរឹងមាំនិងគ្រប់ជ្រុងជ្រោយពិសេសការលើកកម្ពស់ប្រសិទ្ធភាពនៃកិច្ចសហប្រតិបតិការក្នុងការប្រយុទ្ធប្រឆាំងបទល្មើសឧក្រិដ្ឋឆ្លងដែនគ្រប់ប្រភេទផងដែរ៕ដោយ៖ សិរី នាគ