កំពង់ធំ ៖ នៅព្រឹកថ្ងៃទី19 ខែមករា ឆ្នាំ2023 លោកសាយ គឹមឡម អភិបាលស្រុកស្ទោងនិងសហការី បានអញ្ជើញ ចុះចែកអំណោយដល់គ្រួសារដែលមានពិការភាព និងងាយរងគ្រោះចំនួន23គ្រួសារ នៅឃុំចំណាលើ ស្រុកស្ទោង ខេត្តកំពង់ធំ។
ថ្លែងនៅចំពោះមុខបងប្អូនប្រជាពលរដ្ឋរបស់ខ្លួនក្នុងឱកាសនេះ លោកអភិបាលស្រុក បានណែនាំដល់រដ្ឋបាលឃុំចំណាលើ ត្រូវបង្កើនការយកចិត្តទុកដាក់ដល់បង ប្អូនប្រជាពលរដ្ឋ ដែលមានពិការភាព និងងាយរងគ្រោះដើម្បីមានលទ្ធភាពគ្រប់គ្រាន់ក្នុងការជួយសង្គ្រោះ ហើយ ត្រូវជួយឆ្លើយតបទៅនឹងតម្រូវការនិងផ្តល់សេវាឱ្យបានទាន់ពេលវេលា។
ជាមួយនេះផងដែរ លោកក៏បានអំពាវនាវដល់ប្រជាពលរដ្ឋគ្រប់រូប ត្រូវត្រៀមខ្លួនក្នុងការទៅបោះឆ្នោតសកលជ្រើសរើសតំណាងរាស្ត្រនីតិកាលទី7 ឲ្យបានគ្រប់ៗគ្នា ដែលនឹងប្រព្រឹត្តនៅថ្ងៃទី23 ខែកក្កដា ឆ្នាំ2023ខាងមុខនេះ។
លើសពីនេះលោកបានណែនាំដល់រដ្ឋបាលឃុំចំណាលើនិងប៉ុស្តិនគរបាលរដ្ឋបាលត្រូវយកចិត្តទុកដាក់និងបង្កលក្ខណៈងាយស្រួលក្នុងការផ្តល់ សុខុមាលភាព និងសេវាបានា ជូនដល់ប្រជាពលរដ្ឋនិងគ្រួសារដែលមានពិការភាព ឲ្យបានដល់គេហដ្ឋានគ្រប់ៗគ្នា។
លើសពីនេះទៀតលោក សាយ គឹមឡម បានអំពាវនាវដល់ប្រជាពលរដ្ឋគ្រប់មូលដ្ឋានត្រូវចេះរស់នៅតាមគន្លងប្រក្រតីភាពថ្មី នាំគ្នាទៅចាក់វ៉ាក់សាំងដូសជំរុញ បង្ការមេរោគកូវីដ19ឲ្យបានគ្រប់ៗគ្នា ព្រោះពេលនេះស្ថានភាពកូវីដ19នៅព្រះរាជាណាចក្រកម្ពុជាយើង និងនៅលើសកលលោកកំពុងមានសភាពកក្រើកសារជាថ្មី ។
គួរបញ្ជាក់ផងដែរថា អំណោយដែលចែកជូនប្រជាពលរដ្ឋនៅក្នុងឱកាសនេះក្នុងមួយគ្រួសារៗទទួលបាននូវ អង្ករមួយបេ ត្រីខរមួយយួរ ទឹកត្រីមួយយួរ ទឹកស៊ីអ៊ីវមួយយួរ មីមួយកេស៕ដោយ៖ សិរី នាគ