កោះកុង៖ កាលពីថ្ងៃសុក្រទី១០ខែកុម្ភៈឆ្នាំ២០២៣ដោយមានការចង្អុលបង្ហាញ និងការណែនាំពីលោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុងលោក ក្រូច បូរីសីហា អភិបាល នៃគណ:អភិបាលស្រុកបូទុមសាគរ នៅក្នុងអំឡុងពេលថ្មីៗនេះ បានដឹកនាំមន្រ្តីសាលាស្រុក មេភូមិជីមាល និងមេភូមិអណ្ដូងទឹក អាជ្ញាធរឃុំអណ្ដូងទឹក ចុះទៅពិនិត្យ និងធ្វើការជួសជុលផ្លូវចំនួនពីរខ្សែស្ថិតនៅក្នុងភូមិជីមាល និងភូមិអណ្ដូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង ដើម្បីទុកសម្រាប់ជួយសម្រួលដល់ពលរដ្ឋក្នុងការធ្វើដំណើរចេញចូលឬក៏ដឹកកសិផលនានាមកកាន់ទីផ្សារ។
សូមបញ្ជាក់ផងដែរថាផ្លូវដែលបានស្ថាបនារួចរាល់ជាស្ថាពរនោះរួមមានះ
១.ផ្លូវលំក្រាលគ្រួសក្រហមខ្សែទី១ ដែលមានបណ្ដោយប្រវែង ១០០០ម៉ែត្រ ទទឹងមានប្រវែង ០៦ម៉ែត្រនៅចំណុចទល់មុខកាហ្គាសាំងតេលា ស្ថិតនៅភូមិជីមាល បានរួចរាល់ជាស្ថាពរ។
២.ផ្លូវលំគ្រួសក្រហមខ្សែទី២ ដែលមានបណ្ដោយប្រវែង ១០០ម៉ែត្រ ទទឹងមានប្រវែង០៥ម៉ែត្រ នៅចំណុចភូមិថ្មីសិរីដីដុះ ស្ថិតនៅក្នុងភូមិអណ្ដូងទឹក បានរួចរាល់ជាស្ថាពរ។
នៅក្នុងឱកាសចុះពិនិត្យការសាងសង់ផ្លូវទាំងពីរខ្សែនោះផងដែរ។លោក ក្រូច បុរីសីហា អភិបាលនៃគណៈអភិបាលស្រុកបទុមសាគរ ក៏បានផ្ដាំផ្ញើដល់អាជ្ញាធរភូមិឃុំ ត្រូវយកចិត្តទុកដាក់ចុះពិនិត្យជាប្រចាំរាល់បញ្ហាផ្សេងៗដែលកើតមានឡើងនៅក្នុងមូលដ្ឋានរបស់ខ្លួនឱ្យបានល្អប្រសើរ ព្រមទាំងបានផ្ដាំផ្ញើដល់ប្រជាពលរដ្ឋក្រោយពីបានទទួលផ្លូវដ៏ល្អស្អាតនេះរួចហើយ សូមចូលរួមថែរក្សាទាំងអស់គ្នាដើម្បីឲ្យផ្លូវទាំងនោះប្រើប្រាស់បានយូរអង្វែងជាផលប្រយោជន៍រួម ពីព្រោះផ្លូវជាសរសៃឈាមយ៉ាងសំខាន់របស់ពលរដ្ឋក្នុងមូលដ្ឋាន៕