ភ្នំពេញ៖ អាជ្ញាធរជាតិអប្សរា បើកឱ្យប្រើប្រាស់ស្ពានហាលប្រាសាទអង្គរវត្តជាបណ្តោះអាសន្ន ក្នុងព្រឹត្តិការណ៍អង្គរសង្រ្កាន្តឆ្នាំ២០២៣។ នេះបើយោងតាម សេចក្តីជូនដំណឹងស្តីពី ការបើកឱ្យប្រើប្រាស់ស្ពានហាលប្រាសាទអង្គរវត្តជាបណ្តោះអាសន្ន ក្នុងព្រឹត្តិការណ៍អង្គរសង្រ្កាន្តឆ្នាំ២០២៣ របស់អាជ្ញាធរអប្សរា នៅព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៣។
អាជ្ញាធរជាតិអប្សរាមានកិត្តិយស សូមជូនដំណឹងដល់ក្រសួង ស្ថាប័នជាតិ អន្តរជាតិ អាជ្ញាធរដែនដី មន្ទីរ-អង្គភាព សមាគមទីភ្នាក់ងារទេសចរណ៍ សមាគមមគ្គុទ្ទេសក៍ទេសចរណ៍ សមាគមដឹកជញ្ជូនភ្ញៀវទេសចរ ក្រុមហ៊ុនទេសចរណ៍ ភ្ញៀវទេសចរជាតិ-អន្តរជាតិ សាធារណជន ព្រមទាំងបងប្អូនប្រជាពលរដ្ឋទាំងអស់មេត្តា ជ្រាបថា ដើម្បីចូលរួមអបអរសាទរពិធីចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី១៤ ១៥ និង១៦ ខែមេសា ឆ្នាំ២០២៣ ខាងមុខនេះ ក៏ដូចជាដើម្បីឱ្យការរៀបចំខួប១០ឆ្នាំ នៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ឆ្នាំ២០២៣ នៅរមណីយដ្ឋានអង្គរប្រព្រឹត្តទៅដោយរលូន និងជោគជ័យ អាជ្ញាធរជាតិអប្សរានឹងបើកឱ្យប្រើប្រាស់ ស្ពានហាលប្រាសាទអង្គរវត្តជាបណ្តោះអាសន្ន ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៣។
សេចក្តីដូចបានជម្រាបជូនខាងលើ សូមក្រសួង ស្ថាប័នជាតិ អន្តរជាតិ អាជ្ញាធរដែនដី មន្ទីរ-អង្គភាព សមាគមទីភ្នាក់ងារទេសចរណ៍ – សមាគមមគ្គុទ្ទេសក៍ទេសចរណ៍ សមាគមដឹកជញ្ជូនភ្ញៀវទេសចរ ក្រុមហ៊ុន ទេសចរណ៍ ភ្ញៀវទេសចរជាតិ-អន្តរជាតិ សាធារណជន ព្រមទាំងបងប្អូនប្រជាពលរដ្ឋទាំងអស់មេត្តាជ្រាបជា ព័ត៌មាន៕SRN