Breaking News

លោក ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាល មានបំណងប្រាថ្នាចម្បងតែមួយគត់ គឺការផ្តល់ឱ្យប្រជាពលរដ្ឋ នូវជីវភាពធូរធាចម្រុងចម្រើន

  សៀមរាប៖ រាជរដ្ឋាភិបាល ដែលមាន សម្តេចតេជោជាប្រមុខ មានបំណងប្រាថ្នាចម្បងតែមួយគត់ គឺការផ្តល់ឱ្យប្រជាពលរដ្ឋ នូវជីវភាពធូរធាចម្រុងចម្រើន និងការរស់នៅ ប្រកបដោយភាពសុខសាន្ត ក្រោមម្លប់នៃសន្តិភាព ព្រមជាមួយនឹងសិទ្ធិសេរីភាព និងឱកាសគ្រប់បែបយ៉ាង ក្នុងការកសាងអភិវឌ្ឍខ្លួន ឱ្យទទួលបានជោគជ័យ។

នេះជាប្រសាសន៍របស់លោកបណ្ឌិត ហ៊ុន ម៉ាណែត ប្រធានគណៈកម្មាធិការអាហារូបករណ៍សិស្ស-និសិ្សតក្រីក្រ របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ក្នុងពិធីសំណេះសំណាលជាមួយនិស្សិត និងសម្ពោធអគារសិក្សាថ្មី នៃសាកលវិទ្យាល័យអង្គរ នាក្រុងសៀមរាប នៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៣។

លោក ហ៊ុន ម៉ាណែត បន្ថែមថា ពិតណាស់ ការប្រែក្លាយគំនិតឱ្យចេញជាលទ្ធផលជាក់ស្តែង ប្រកបដោយនិរន្តរភាពនៃការរីកចម្រើន គឺទាមទារនូវចក្ខុវិស័យវែងឆ្ងាយ និងច្បាស់លាស់ ក៏ដូចជាការប្តេជ្ញាចិត្តខ្ពស់ ពីគ្រប់ភាគីពាក់ព័ន្ធ ក្នុងការជម្នះនូវរាល់គ្រប់ឧបសគ្គ។ ក្នុងន័យនេះ លោកបានអំពាវនាវ ដល់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ចូលរួមថែរក្សា និងប្រឹងប្រែងចាប់យកឱកាសអំណោយផល ពីកត្តាសុខសន្តិភាព ស្ថិរភាព និងកំណើន ឱ្យបានជាប្រយោជន៍សម្រាប់ខ្លួន ក្រុមគ្រួសារ និងសង្គមជាតិ។

ក្នុងឱកាសនោះ លោកបណ្ឌិត ហ៊ុន ម៉ាណែត ក៏បានកោតសរសើរ ចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងប្រជាពលរដ្ឋទូទាំងខេត្តសៀមរាប ដែលបានរួមគ្នាជាកម្លាំងសរុប ក្នុងការលើកកម្ពស់កិត្យានុភាពជាតិ តាមរយៈការចូលរួមសហការរៀបចំព្រឹត្តិការណ៍អង្គរសង្រ្កាន, ព្រឹត្តិការណ៍បំបែកឯតទគ្គកម្មពិភពលោក បត់បេះដូងជិត ៤ លាន និងរាំម៉ាឌីហ្សុន ដែលមានអ្នករំាច្រើនជាងគេសរុប ៤.៩៩៩ នាក់ ព្រមទាំងព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ក្នុងវិញ្ញាសារត់ម៉ារ៉ាតុង និងដើរប្រណាំងជាដើម ដោយព្រឹត្តិការណ៍ទាំងអស់នេះ សុទ្ធតែបានរួមចំណែកក្នុងការផ្សព្វផ្សាយ និងលើកតម្កើងកិត្តិយសជាតិខ្មែរ នៅលើឆាកអន្តរជាតិ៕SRN

 

Check Also

ទីបំផុត! តារាចម្រៀងរ៉េប Vanthan បានសម្រេចចិត្តប្តឹងនារីម្នាក់ ដែលបានចោទប្រកាន់ថាបានបៀតបៀនផ្លូវភេទ និងចម្លងជំងឺដ៏កាចសាហាវដល់នាង ទៅស្ថាប័នតុលាការ ដើម្បីបញ្ជាក់ភាពស្អាតស្អំរបស់ខ្លួន

Leave a Reply

Your email address will not be published. Required fields are marked *