កណ្តាល៖ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាល តាមរយៈបណ្តាញព័ត៌មាន សកម្មជនហ្វេសប៊ុកកម្ពុជា នៅល្ងាចថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២១នេះ បានចេញមកច្រានចោល និងអំពាវនាវកុំឲ្យចាញ់បោកជនល្មើស ដែលបានបង្កើតគណនីហ្វេសប៊ុកក្លែងក្លាយក្លែងបន្លំឈ្មោះរបស់លោក តាមបណ្តាញសង្គម Facebook ដើម្បីផ្សព្វផ្សាយព័ត៌មានផ្សេងៗ និងឆាតទៅសុំនេះ ឬសុំនោះ។
ការចេញមកច្រានចោលនេះរបស់លោកឧត្តមសេនីយ៍ បានធ្វើឡើងភ្លាមៗ ក្រោយពេលប៉ុន្មានថ្ងៃនេះ មានជនល្មើសបានយកឈ្មោះរបស់លោកជាភាសាអង់គ្លេសទៅបង្កើតគណនីហ្វេសប៊ុកក្លែងក្លាយ ដើម្បីស្នើសុំអ្វីផ្សេងៗ និងទាមទារយកឯកសារសំខាន់ៗដើម្បីទុកប្រព្រឹត្តបទល្មើសអ្វីមួយ។
អាស្រ័យហេតុនេះ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាល សូមគោរព ជម្រាបជូនដល់ ឯកឧត្តម លោកជំទាវ លោក លោកស្រី សូមមានការប្រុងប្រយ័ត្នចំពោះគណនីបណ្ដាញសង្គមហ្វេសប៊ុក(Facebook) ឈ្មោះ Chhoeun Sochhet ខាងលើ ហើយសមត្ថកិច្ចនឹងចាត់វិធានការតាមផ្លូវច្បាប់ចំពោះការក្លែងបន្លំនេះ៕