Breaking News

រដ្ឋមន្ត្រីកសិកម្ម ជំរុញមន្ត្រីជំនាញនៅស្ថានីយស្រាវជ្រាវ ឱ្យបង្កាត់ពូជត្រីខ្យា ក្រោមជំនួយរបស់ក្រសួងកសិកម្ម

ស្ទឹងត្រែង៖ លោកឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទ បានជំរុញដល់មន្ត្រីដែលគ្រប់គ្រងនៅមជ្ឈមណ្ឌលស្រាវជ្រាវ និងផលិតពូជវារីសត្វមេគង្គលើ ដែលមានទីតាំងនៅខេត្តស្ទឹងត្រែង សូមជួយបង្កាត់ពូជត្រីខ្យា និងសាកល្បងចិញ្ចឹមត្រី១ប្រភេទនេះឡើងវិញ ក្រោមការជួយឧបត្ថម្ភពីក្រសួងកសិកម្ម។

លោករដ្ឋមន្ត្រីថ្លែងយ៉ាងដូច្នេះ​ ខណៈដែលលោកដឹកនាំក្រុមការងារចុះមកពិនិត្យមើលផ្ទាល់ភ្នែក លើវិស័យកសិកម្មនៅខេត្តស្ទឹងត្រែង។

ក្នុងនោះ លោករដ្ឋមន្ត្រីក៏បានស្នើសុំដល់អភិបាលខេត្តស្ទឹងត្រែងផងដែរ សូមជួយសហការរកទីផ្សារគាំទ្រទិញកូនត្រីពីកន្លែងផលិតកូនត្រីដ៏ធំមួយនេះ។

ទន្ទឹមនេះលោករដ្ឋមន្ត្រីបានមានប្រសាសន៍ជំរុញដល់មន្ត្រីជំនាញនៅស្ថានីយស្រាវជ្រាវ និងបង្កាត់ពូជ និងសាកល្បងចិញ្ចឹមត្រីខ្យាឱ្យបានច្រើនដើម្បីធានាផ្គត់ផ្គង់លើទីផ្សារ ហើយក្រសួងកសិកម្មនឹងគាំទ្រជួយជាថវិកាទៅលើគម្រោងមួយនេះ។ម្យ៉ាងទៀតដើម្បីកុំត្រី១ប្រភេទនេះ ដែលជាត្រីធម្មជាតិផុតពូជពីទឹកដីនៃតំបន់ខេត្តស្ទឹងត្រែងថែមទៀត។

ក្នុងឱកាសនោះ លោក ប៊ុន រ៉ាស៊ី អនុប្រធាននាយកដ្ឋានអភិរក្សជលផល ដែលជាអ្នកក្តាប់ការងារនៅមជ្ឈមណ្ឌលខាងលើបាននិយាយថា នៅក្នុងមជ្ឈមណ្ឌល បច្ចុប្បន្នបានផលិត នឹងចិញ្ចឹមពូជត្រីដូចជាត្រីឆ្ពិន អណ្តែង ប្រា និងត្រីទីឡាព្យា ជាដើម។ ហើយបន្ថែមលើនេះ លោកនឹងខិតខំចិញ្ចឹមពូជត្រីខ្យា ដែលជាត្រីកម្រមួយប្រភេទនៅក្នុងបំតន់ទឹកសាបខេត្តស្ទឹងត្រែង តាមអនុសាស្ត្ររបស់លោករដ្ឋមន្ត្រី។

ជាមួយគ្នានេះ លោក ស្រី សមវិចិត្រ នាយខណ្ឌរដ្ឋបាលជលផលស្ទឹងត្រែង បានឱ្យដឹងដែរថា ជាការពិតណាស់ បើសិនជាគម្រោងចិញ្ចឹមត្រីខ្យា ដែលជាប្រភេទត្រីក្នុងស្រុក អាចផលិតបាន នោះប្រជាជននឹងចាប់អារម្មណ៍ ហើយងាកមកចិញ្ចឹមត្រី១ប្រភេទវិញជាមិនខាន ព្រោះថាត្រីនេះមានរស់ជាតិឆ្ងាញ់ លក់បានថ្លៃ និងពេញនិយមលើទីផ្សារថែមទៀត។

សូមបញ្ជាក់ផងដែរថា មជ្ឈមណ្ឌលស្រាវជ្រាវ និងផលិតពូជវារីសត្វមេគង្គលើបើកសម្ពោធ ដាក់ឱ្យដំណើរការកាលពីឆ្នាំ២០២១កន្លងទៅ ហើយបានចំណាយថវិកាអស់១លាន៧សែនដុល្លារលើផ្ទៃដីជាង១០ហិកតា ស្ថិតក្នុងភូមិសាមឃួយ ឃុំសាមឃួយ ស្រុកសេសាន ខេត្តស្ទឹងត្រែង ហើយបច្ចប្បន្នមជ្ឈមណ្ឌលខាងលើនេះ ត្រូវបានគ្រប់គ្រងផ្ទាល់របស់ក្រសួងកសិកម្ម មិនមែនគ្រប់គ្រងដោយមន្ទីរកសិកម្មនៅខេត្តស្ទឹងត្រែងនោះទេ៕

Check Also

ទីបំផុត! តារាចម្រៀងរ៉េប Vanthan បានសម្រេចចិត្តប្តឹងនារីម្នាក់ ដែលបានចោទប្រកាន់ថាបានបៀតបៀនផ្លូវភេទ និងចម្លងជំងឺដ៏កាចសាហាវដល់នាង ទៅស្ថាប័នតុលាការ ដើម្បីបញ្ជាក់ភាពស្អាតស្អំរបស់ខ្លួន

Leave a Reply

Your email address will not be published. Required fields are marked *