ភ្នំពេញ៖ សម្ដេចប្រធានគណបក្សប្រជាជនកម្ពុជា(CPP) បានធ្វើការវិភាគថា « អ្វីដែលគណបក្សប្រឆាំង ចង់បាន គឺយកបរទេសមកគាបសង្កត់កម្ពុជា »។ ក្នុងនោះដែរ សម្ដេចតេជោ មិនជឿសោះឡើយថា គណបក្សប្រឆាំង បាត់ប្រកាសស្ដីពី ការចុះឈ្មោះក្នុងបញ្ជីគណបក្សនយោបាយ នៅក្រសួងមហាផ្ទៃនោះឡើយ។
« ពិតហើយ គណបក្សខ្លះ ត្រូវបានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងក្រុមប្រឹក្សាធម្មនុញ្ញ ទាត់ចោលមិនឲ្យចុះឈ្មោះ មានគណបក្ស ២ ក្នុងចំណោមគណបក្ស ២០ សំបុត្រកំណើតមួយសន្លឹក ខ្ញុំមិនជឿថា អានេះបាត់ទេ វានៅជាមួយអ្នកណាម្នាក់ ដែលជាមេដឹកនាំ គោលដៅរបស់គេដែលខ្ញុំវិភាគនៅកន្លែងនេះ គោលដៅរបស់គេ គេមិនចង់ឲ្យគណបក្សនេះចូលរួមបោះឆ្នោតទេ ដោយគេដឹងថា វាចាញ់ ប៉ុន្តែអ្វីដែលគេចង់បាន គឺគេចង់យកបរទេសមកគាបកម្ពុជាៗ»។ នេះជាប្រសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន។
ជាមួយគ្នានេះ សម្ដេចតេជោ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ក៏ដូចជាកម្មករ កម្មការិនី សូមទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ដ នីតិកាលទី៧ ទាំងអស់គ្នា នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខ ដើម្បីប្រើប្រាស់សិទ្ធិរបស់ខ្លួនជ្រើសរើសគណបក្សនយោបាយណា ដែលខ្លួនពេញចិត្ត។
សូមជម្រាបជូនថាការថ្លែងយ៉ាងដូច្នេះរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជាក្នុងពិធីជំនួបសំណេះសំណាលជាមួយកម្មករ និយោជិត សរុបចំនួនជិត២ម៉ឺននាក់ក្នុងតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ភ្នំពេញ ដែលមានអ្នកឧកញ៉ា គិត ម៉េង ជាប្រធានក្រុមប្រឹក្សាភិបាល នៅព្រឹកថ្ងៃទី ២៦ ខែឧសភា ឆ្នាំ២០២៣៕