កណ្តាល៖ អភិបាលខេត្តកណ្ដាល បានព្រមានដល់អាជ្ញាធរ និងកម្លាំង មានសមត្ថកិច្ចនៅថ្នាក់មូលដ្ឋាន ហាមដាច់ខាត មិនត្រូវពាក់ព័ន្ធ បទល្មើសល្បែងស៊ីសង ខុសច្បាប់គ្រប់ប្រភេទ ដោយគប់គិតជាមួយជនល្មើស ប្រសិនបើរកឃើញបុគ្គលណាមួយ ពាក់ព័ន្ធបញ្ហានេះនឹងត្រូវផ្តន្ទាទោសតាមច្បាប់ លោកអភិបាល ខេត្តក៏បានដាក់បញ្ជាយ៉ាង ម៉ឺងម៉ាត់ឲ្យចុះបង្រា្កបបទល្មើសខុសច្បាប់ គ្រប់ប្រភេទ ឲ្យអស់ពីមូលដ្ឋានរបស់ខ្លួនដើម្បីសុវត្ថិភាព និងភាពសុខសាន្តរបស់ប្រជាពលរដ្ឋ។
អភិបាលខេត្តកណ្តាល លោក គង់សោភ័ណ្ឌ បានដាក់បទបញ្ជាបែបនេះ ក្នុងឱកាសដែលលោកអញ្ជើញចូលរួម ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការផ្លូវបេតុងអាមេប្រវែង ១.០០០ម៉ែត្រ ទទឹង ៦ម៉ែត្រ កម្រាស់ ០,១៥ម៉ែត្រ និងបើកការដា្ឋនជួសជុលផ្លូវចាក់បេតុងអាមេ ប្រវែង ១.០០០ម៉ែត្រ ទទឹង ៦ម៉ែត្រ កម្រាស់ ០,១៥ម៉ែត នៅភូមិដំបូកមានល័ក្ខ និងភូមិត្រពាំងអណ្តូង ឃុំទំនប់ធំ ស្រុកពញាឮ នៅថ្ងៃទី៣០ ខែឧសភា។
ជាមួយគ្នានោះ លោកអភិបាលខេត្ត ក៏បានលើកទឹកចិត្តឲ្យប្រជាពលរដ្ឋត្រូវរាយការណ៍ ដល់អាជ្ញាធរនិងកម្លាំងមានសមត្ថកិច្ច គ្រប់លំដាប់ថ្នាក់ រាល់បទល្មើសនានា ដែលកើតមានឡើង
នៅក្នុង មូលដ្ឋាន សំដៅធ្វើយ៉ាងណាឲ្យភូមិ-ឃុំ គ្មានបទល្មើសគ្រប់ប្រភេទកើតមាននៅក្នុងមូលដ្ឋានរបស់ខ្លួន។
នាឱកាសនោះ លោកអភិបាលខេត្ត គូសបញ្ជាក់ថា មានស្ពានផ្លូវ គឺមានក្តីសង្ឃឹម ដូច្នេះផ្លូវស្ពាន ដើរតួនាទីសំខាន់ណាស់ គឺមិនគ្រាន់ តែជាផ្លូវគមនាគមន៍ជនបទ សម្រាប់ប្រជាពលរដ្ឋ
ធ្វើដំណើរ ឆ្លងកាត់ ការដឹកជញ្ជូនកសិផលដែលប្រជាពលរដ្ឋ ផលិតបាន យកទៅលក់នៅទីផ្សារ ប៉ុណ្ណោះទេ ប៉ុន្តែវាជាសរសៃរឈាមសេដ្ឋកិច្ច បម្រើឲ្យជីវភាពរស់នៅ របស់បងប្អូន កាន់តែប្រសើរឡើង។
លោកអភិបាលខេត្ត សំណូមពរដល់ប្រជាពលរដ្ឋ នៅតំបន់នោះ ពេលទទួលបានផ្លូវថ្មីហើយ សូមគោរពច្បាប់ចរាចរណ៍បើកបរ ដោយប្រុងប្រយ័ត្ន មានការយោគយល់ អធ្យាស្រ័យឲ្យគ្នាទៅវិញ
ទៅមក ពិសេសសូមកុំបើកបរលើសល្បឿន កុំដឹកលើសទម្ងន់ ធ្វើយ៉ាងណា ចូលរួមរក្សា ឲ្យបានគង់ វង្សដើម្បីប្រើប្រាស់បានយូរអង្វែង៕