ខេត្តកណ្ដាល៖ ថ្លែងទៅកាន់សិស្សានុសិស្សជាង ៣០០នាក់ នៅក្នុងពិធីអបអរសាទរខួបលើកទី៧៤ នៃទិវាកុមារអន្តរជាតិ ១មិថុនា ក្រោមប្រធានបទ កុមាររស់ក្នុងសន្តិភាព នៅមជ្ឈមណ្ឌលគរុកោសល្យភូមិភាគ ហ៊ុន សែន ខេត្តកណ្ដាល នាព្រឹកថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៣នេះ លោកជំទាវ ហ៊ុន កុសនី អភិបាលរងខេត្តកណ្ដាល បានចាត់ទុកទិវាកុមារអន្តរជាតិ ១មិថុនា គឺជាថ្ងៃប្រវត្តិសាស្ត្រ ដែលមនុស្សជាតិគ្រប់ពណ៌សម្បុរទាំងអស់នៅលើពិភពលោក រួបរួមគ្នាក្រោកឡើងក្នុងមនសិការ ស្មារតីការពារអាយុជីវិត និងសេចក្តីសុខក្សេមក្សាន្តរបស់កុមារលើភពផែនដីយើងនេះ។
លោកជំទាវ ហ៊ុន កុសនី បានបញ្ជាក់ថា បច្ចុប្បន្ននេះរាជរដ្ឋាភិបាលកម្ពុជាយើង បាននឹងកំពុងតែយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះ បញ្ហាគ្រឿងញៀន បញ្ហាការជួញដូរ និងកេងប្រវ័ញ្ច ទាំងពលកម្ម ទាំងផ្លូវភេទ ចំពោះស្ត្រី និងកុមារ ដោយជំរុញឱ្យមានការចុះកិច្ចព្រមព្រៀងអនុស្សារណៈយោគយល់ គ្នារវាងបណ្តាប្រទេសក្នុងតំបន់ និងពិភពលោក ដែលមានទំនាក់ទំនងទៅនឹងការជួញដូរមនុស្ស ជាពិសេសកុមារ ហើយក្រសួងមហាផ្ទៃជាសេនាធិការដឹកនាំ ក្នុងនោះ យើងក៏មាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនសម្រាប់អនុវត្តប្រកបដោយប្រសិទ្ធភាពផងដែរ។
ក្នុងពិធីនេះដែរ លោកជំទាវ បានផ្ដាំផ្ញើដល់ក្មួយៗសិស្សនុសិស្ស ត្រូវចេះថែទាំ សុខភាព អនាម័យ បរិស្ថាន ទាំងក្នុងនិងក្រៅសាលារៀនរបស់ក្មួយៗ ឱ្យបានខ្ជាប់ខ្ជួនជានិច្ច ដើម្បីឱ្យការរស់នៅរបស់យើងប្រកបដោយសុខសុវត្ថិភាព និងមានសុភមង្គល។ ត្រូវខិតខំរៀនសូត្រឱ្យមានចំណេះដឹងប្រកបដោយគុណភាព ដើម្បីរួមចំណែក រក្សាកសាង និងជាអ្នកបន្តវេនដ៏មានសក្ដានុពល។
ក្មួយៗ ត្រូវចូលរួមគ្រប់សកម្មភាពក្នុងសាលារៀន និងសហគមន៍ ក្នុងការជួយគាំទ្រលើ៖ ការពង្រឹងគុណភាពអប់រំ ការងារបរិស្ថាន វិន័យសណ្ដាប់ធ្នាប់ និងការពង្រឹងសុវត្ថិភាពចរាចរណ៍ជាដើម។
លោកជំទាវបាន អំពាវនាវចំពោះអាជ្ញាធរគ្រប់ស្ថាប័នពាក់ព័ន្ធទាំងអស់ និងមាតាបិតា អាណាព្យាបាលសិស្ស សូមចូលរួមសហការឱ្យបានល្អប្រសើរជាមួយលោកគ្រូ អ្នកគ្រូ រួមចំណែកថែទាំកុមារ ឱ្យក្លាយជាពលរដ្ឋល្អមានសមត្ថភាព យ៉ាងពេញលេញក្នុងការបន្តវេនកសាងមាតុភូមិកម្ពុជាដ៏រុងរឿងរបស់យើង និងសម្រេចឱ្យបាននូវគោលដៅនៃការអប់រំប្រកបដោយបរិយាប័ន្ន ដើម្បីការអប់រំរក្សាបាននូវគុណភាពសម្រាប់កុមារកម្ពុជាយើង៕