ភ្នំពេញ៖ លោកបណ្ឌិត ថោង ខុន បានអះអាងថា ពិធីបើក-បិទ នៃព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ ដែលនឹងត្រូវធ្វើនៅពហុកីឡដ្ឋានជាតិមរតកតេជោ នាថ្ងៃទី៣ និងទី៩ ខែមិថុនា ឆ្នាំ២០២៣ នឹងមានការរៀបចំឲ្យបានល្អ ដូចគ្នាទៅនឹងពិធីបើក-បិទស៊ីហ្គេម លើកទី៣២ កន្លងមកដែរ គ្រាន់តែវាមានទម្រង់ប្លែកពីគ្នា។
លោកបណ្ឌិត ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្រ្តៃយ៍គណៈកម្មាធិការជាតិ CAMSOC-CAMAPGOC បានលើកឡើងបែបនេះ ក្នុងឱកាសដឹកនាំកិច្ចប្រជុំត្រួតពិនិត្យសមាសភាព និងទទួលយកបណ្ណចូលរួម សម្រាប់ពិធីបើក-បិទ ជាផ្លូវការ អាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣។
«ពិធីបើកអាស៊ានប៉ារ៉ាហ្គេម នៅថ្ងៃទី៣ ខែមិថុនា គឺដូចយើងចូលរួមពិធីបើកស៊ីហ្គេម ហើយពិធីបិទក៏អ៊ីចឹងដែរ ទាំងបច្ចេកទេស ពិធីបើក ពិធីបិទ រឿងភ្លឺ សំឡេង ដូចនៅស៊ីហ្គេមអ៊ីចឹង»។ នេះជាប្រសាសន៍របស់លោកបណ្ឌិត ថោង ខុន។
លោកបណ្ឌិត ថោង ខុន បានបន្ថែមថា «រឿងស៊ីហ្គេម ជាទម្រង់របស់ស៊ីហ្គេម វាល្អតាមបែបស៊ីហ្គេម ចំណែកអាស៊ានប៉ារ៉ាហ្គេមនេះ វាល្អតាមបែបអាស៊ានប៉ារ៉ាហ្គេម។ យើងធានាថា ល្អ តែល្អតាមបែបអាស៊ានប៉ារ៉ាហ្គេម អ៊ីចឹងយើងត្រូវខិតខំទាំងអស់គ្នា។ ម្យ៉ាងទៀត សម្តេចតេជោ នាយករដ្ឋមន្រ្តី លោកជាប្រធាន ហើយយើងទើបធ្វើជាលើកទី១ទៀត ដូច្នេះយើងត្រូវខិតខំរៀបចំឲ្យបានល្អ»។
ជាមួយគ្នានេះដែរ លោកបណ្ឌិត ថោង ខុន បានឲ្យដឹងថា ទីលានប្រកួត សម្រាប់ការប្រកួតអាស៊ានប៉ារ៉ាហ្គេម លើកទី១២នេះ បានរៀបចំរួចរាល់អស់ហើយ ចំណែកមន្រ្តីបច្ចេកទេស ជាចៅក្រម អាជ្ញាកណ្តាល ក៏បានត្រៀមរួចជាស្រេចដូចគ្នា ដើម្បីចូលរួមដឹកនាំ និងកាត់សេចក្តី ទៅលើប្រភេទកីឡាទាំង១៤ ក្នុងព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមនេះ ក្នុងនោះមានកីឡាអត្តពលកម្ម, វាយសី, ប៊ូស្យា, អុក, បាល់ទាត់៥ម្ខាង, បាល់ទាត់៧ម្ខាង, បាល់បោះពិការភ្នែក, យូដូ, លើកទម្ងន់, ហែលទឹក, វាយកូនឃ្លីលើតុ បុរស-នារី, បាល់ទះអង្គុយបុរស-នារី, បាល់បោះជិះរទេះបុរស-នារី, និងកីឡាដាក់បង្ហាញ E-Sport។
ទន្ទឹមនឹងនេះ លោកបណ្ឌិត ថោង ខុន បានកោតសរសើរពីការខិតខំប្រឹងប្រែងរបស់ក្រុមអត្តពលិកជនពិការកម្ពុជា ដែលមានសមត្ថភាព និងកម្រិតលេងខ្លាំង ដែលអាចនឹងដណ្តើមបានមេដាយច្រើនជូនជាតិ សម្រាប់ការប្រកួតអាស៊ានប៉ារ៉ាហ្គេម លើកនេះ។ ដោយឡែកលោកក៏បានអំពាវនាវដល់ប្រជាពលរដ្ឋកម្ពុជា សូមចូលរួមគាំទ្រដល់ការប្រកួតនេះឲ្យបានច្រើន ដើម្បីលើកទឹកចិត្តបន្ថែមទៀត ដល់ក្រុមអត្តពលិកជនពិការកម្ពុជា ហើយគណៈកម្មការគ្រប់ជំនាញរបស់ CAMSOC-CAMAPGOC ក៏ត្រូវបំពេញការងារឲ្យបានល្អ ដើម្បីភាពជោគជ័យ ការធ្វើម្ចាស់ផ្ទះអាស៊ានប៉ារ៉ាហ្គេមនេះ៕