ខេត្តកណ្តាល៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានមានប្រសាសន៍ ណែនាំដល់បណ្តាអភិបាលរាជធានី ខេត្ត ទាំងអស់ ត្រូវចុះដោះស្រាយជូនដល់បងប្អូនកម្មករ-កម្មការិនីជាបន្ទាន់ នៅពេលដែលពួកគាត់មានបញ្ហាអ្វីមួយ ជាមួយរោងចក្រ ដោយកុំបណ្តោយឱ្យពួកគាត់ ឈានដល់ការឡើងដល់តុលាការនោះ។ ការលើកឡើងរបស់ សម្ដេចតេជោនាយករដ្ឋមន្ត្រីបានថ្លែងដូច្នេះ ក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករ និយោជិត ចំនួនជិត២ម៉ឺននាក់ នៅសួនឧស្សាហកម្មខេមតុន (CAMTON INDUSTRIAL PARK) ដែលមកពីរោងចក្រសហគ្រាសចំនួន១៩ នាព្រឹកថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៣ ក្នុងឃុំផ្សារដែក ស្រុកពញាឮ ខេត្តកណ្តាល។
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា៖ «ខ្ញុំសុំបញ្ជាក់ជាមួយអស់លោកខេត្តទាំងអស់ កិច្ចការដែលត្រូវបានប្រគល់ជាបន្តបន្ទាប់ ខិតខំដោះស្រាយបញ្ហាការមិនចុះសម្រុងណាមួយរវាងកម្មករ ជាមួយនឹងម្ចាស់រោងចក្រឱ្យបានលឿនបំផុត កុំរង់ចាំតែក្រសួងការងារ គឺអស់លោកចៅហ្វាយខេត្តត្រូវតែនាំមុខ ឬ ប្រគល់ឱ្យអនុខេត្តណាមួយធ្វើ តាមដានរឿងឱ្យជាប់ជាមួយនឹងមន្ទីរការងារ រួចហើយពេលដែលមានការឃើញថាសំណុំរឿងត្រូវធ្វើការបន្ទាន់ ត្រូវអញ្ជើញថៅកែរោងចក្រ មកនិយាយដោយស្ងាត់ស្ងៀម និងអញ្ជើញកម្មករមកជួបជុំគ្នា ដើម្បីដោះស្រាយ។ មានតែវិធីនេះទេ កុំឡើងតុលាការ រឿងរ៉ាវវែងឆ្ងាយណាស់»។ សម្ដេចតេជោថ្លែងបន្តថា សុខុដុមការងាររវាងកម្មករ កម្មការិនី និងថៅកែរោងចក្រ គឺជាការបំពេញឱ្យគ្នាទៅវិញទៅមក កម្មករមានការងារធ្វើប្រាក់ខែសមរម្យ ឯរោងចក្រដំណើរការបានរលូនល្អ ទទួលបានប្រាក់ចំណេញ។
សម្តេចតេជោនាយករដ្ឋមន្រ្ដីរំពឹងថា រោងចក្រសហគ្រាសនីមួយៗ នឹងក្លាយទៅជាកន្លែងសុខសាន្ត និងសម្បូរសប្បាយ ដោយពុំមានអំពើហិង្សា ការប្រើប្រាស់គ្រឿងញៀន និងមិនមែនជាកន្លែងប្រណាំងម៉ូតូ។ សម្តេចតេជោបានប្រាប់ដល់បងប្អូនកម្មករ-កម្មការិនីទាំងអស់ត្រូវចងចាំថា ពួកប្រឆាំង ជាពិសេសមេបក្សប្រឆាំងតែម្តងតែងតែវាយបំបែកឆ្នាំងបាយរបស់កម្មករ តាមរយៈធ្វើការញុះញង់ និងអំពាវនាវឱ្យបរទេសមិនទិញផលិតផលខ្មែរ និងមិនឱ្យបរទេសមកធ្វើការវិនិយោគនៅស្រុកខ្មែរ។
សម្តេចតេជោក៏បានណែនាំឱ្យកម្មករ កម្មការិនី យកច្បាប់ការងារជាម៉ែត្រវាស់ ហើយត្រូវប្រកាន់យកនូវការដោះស្រាយបញ្ហាដោយសន្តិវិធី ដោយមានការចូលរួមពីសំណាក់សហជីព អាជ្ញាធរ ម្ចាស់រោងចក្រ និងកម្មករ៕