កំពង់ឆ្នាំង៖ លោកបណ្ឌិត ហ៊ុន ម៉ាណែត បានមានប្រសាសន៍ បញ្ជាក់ថា ការធានាបាននូវសុខដុមនីយកម្មសាសនានៅកម្ពុជា គឺអាស្រាយដោយកត្តា២យ៉ាង។ លោកបានមានប្រសាសន៍ បញ្ជាក់បែបនេះ នៅក្នុងពិធីសម្ពោធវិហារអាល់រ៉ស់ម៉ះ និងសមិទ្ធផល នានា ស្ថិតក្នុងភូមិអូរតានេស ឃុំរលាប្អៀរ ស្រុក រលាប្អៀរ ខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៣ ។ លោកបណ្ឌិត ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា ការធានាបាននូវសុខដុមនីយកម្មសាសនានៅកម្ពុជា គឺអាស្រ័យដោយកត្តា២ យ៉ាង៖
ទី១. កត្តាថ្នាក់ដឹកនាំសាសនា ដែលប្រកាន់ការដឹកនាំទៅតាមផ្លូវវិជ្ជមាន និងមានការបដិបត្តិតឹងរ៉ឹង ឬធូរស្រាលទៅតាមជំនឿ ហើយមានគោលជំហររួមរស់ជាមួយគ្នានិងមិនរើសអើង ។
ទី២. កត្តាគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលបានផ្តល់ឱកាស និងបង្កលក្ខណៈគ្រប់បែបយ៉ាង ក្នុងការអនុញ្ញាតឱ្យប្រជាជនមានសិទ្ធិក្នុងការជឿ និងគោរពបដិបត្តិសាសនា ទៅតាមការពេញចិត្ត ជាពិសេសរាជរដ្ឋាភិបាល ក៏បានចូលរួមចំណែកក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ បម្រើដល់គ្រប់សាសនិកទាំងអស់ និងបូកបន្ថែមដោយគោលនយោបាយលើកកម្ពស់កម្រិតជីវភាពរបស់ប្រជាជន ក៏ដូចជាការលើកកម្ពស់ការអនុវត្តវប្បធម៌ចែក រំលែក។
លោកបណ្ឌិត ហ៊ុន ម៉ាណែត បានមានប្រសាសន៍ បញ្ជាក់ទៀតថា សាសនាមានសារៈសំខាន់ណាស់នៅក្នុងការអប់រំ ជាពិសេសសម្រាប់ការរស់នៅជាប្រចាំរបស់យើង ហើយការណ៍ដែលរក្សាបាននូវសុខដុមនីយកម្មសាសនា គឺកើតពីការរួបរួមគ្នារបស់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានទាំងអស់ ទាំងផ្នែកអាណាចក្រ ពុទ្ធចក្រ និងគ្រប់សាសនាទាំងអស់ ។
ប្រទេសកម្ពុជា មិនមានសង្គ្រាម គឺដោយសារគ្រប់សាសនានៅកម្ពុជា មានជោគវាសនាតែមួយរួមគ្នា។ នៅពេលមានទុក្ខ ដូចជាពេលធ្លាក់ក្នុងភ្លើងសង្គ្រាម គឺគ្រប់សាសនាទាំងអស់ក៏រងការបំផ្លាញហើយលំបាកវេទនានិងមានការបិទសិទ្ធិសេរីភាពដូចគ្នា ហើយនៅពេលមានសុខ គ្រប់សាសនាទាំងអស់ ក៏បានរស់ឡើងវិញពីសង្គ្រាមនិងទទួលបានសិទ្ធិសេរីភាពដូចគ្នានិងរស់នៅក្រោមដំបូលសុខសន្តិភាពដូចគ្នា៕