ភ្នំពេញ៖ តាមរយៈសារជាសំឡេងរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នាយប់ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៣នេះ សម្តេចបានថ្លែងថា «តាមការសង្កេត និងទទួលបានព័ត៌មានជាបន្តបន្ទាប់ ដោយសារជិតបោះឆ្នោត តាមការសង្កេត និងទទួលបានព័ត៌មានជាបន្តបន្ទាប់ក្នុងរយៈពេលកន្លងទៅ និងពេលនេះ ដោយសារកៀកជិតបោះឆ្នោតពួកខិលខូចបានធ្វើសកម្មភាពក្នុងការទន្ទ្រានយកដីធ្លីរដ្ឋដែលជាធនធានសម្បត្តិរបស់ជាតិ»។
សម្តេច ក៏បានបញ្ជាក់ថា «ឲ្យតែមានការបោះឆ្នោតអំពើល្មើស ការកាប់ព្រៃឈើ និងទន្ទ្រានយកដីតែងតែកើតមាន ដូច្នេះខ្ញុំសូមរំឭកចំពោះក្រសួងដែលមានការពាក់ព័ន្ធ ជាពិសេសក្រសួងបរិស្ថាន ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ត្រូវបញ្ចេញកម្លាំងរារាំងគ្រប់លទ្ធភាពទាំងអស់ ដើម្បីបំផ្លាញចោល នូវពួកខិលខូចដែលឆ្លៀតឱកាសនៅពេលវេលាដែលរាជរដ្ឋាភិបាលកំពុងជាប់រវល់ទៅលើកិច្ចការងារបោះឆ្នោត ហើយពួកគេលួចបំផ្លាញព្រៃឈើ»។
សម្តេច ក៏បានបញ្ជាក់ថា «ការងារទាំងអស់នេះពឹងផ្អែកទៅលើការខិតខំប្រឹងប្រែងរបស់ឯកឧត្តម លោកជំទាវដែលជាអភិបាលខេត្តដែលមានព្រៃឈើទាំងនោះ »។
សម្តេចតេជោ ក៏បានបញ្ជាក់ថា «សូមយកចិត្តទុកដាក់ធ្វើកិច្ចការងារនេះ ហើយខ្ញុំក៏សូមអំពាវនាវចំពោះប្រជាពលរដ្ឋទាំងឡាយ សូមគោរពច្បាប់ និងសូមកុំទន្ទ្រានយកដីរបស់រដ្ឋ ហើយខ្ញុំក៏សូមដាក់ចេញបទបញ្ជាម៉ឺងម៉ាត់ចាប់យកមេខ្លោងទាំងឡាយ យកមកផ្ដន្ទាទោសតាមច្បាប់។ យើងមិនអាចលើកលែង និងយោគយល់ដោយគ្រាន់តែសន្លឹកឆ្នោតសម្រាប់មនុស្សប៉ុន្មាននាក់នោះទេ យើងត្រូវធ្វើកិច្ចការដើម្បីការពារធនធានធម្មជាតិព្រៃឈើ និងដីធ្លីរបស់រដ្ឋ។ យើងមិនអាចយោគយល់រាល់សកម្មភាពទាំងឡាយណាដែលល្មើសច្បាប់នៅក្នុងពេលវេលាដែលរាជរដ្ឋាភិបាលកំពុងជាប់រវល់»។
សម្តេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវឲ្យអ្នកដែលមានប្រាក់កាស ឬអ្នកមានអំណាចនៅពីក្រោយក្រុមជនខិលខូច ឬប្រើប្រាស់ជនខិលខូចទាំងនេះ ដើម្បីទៅកាប់ទន្រ្ទាន ឲ្យដកខ្លួន ប្រសិនបើមានការស្រាវជ្រាវឃើញថា មានការពាក់ព័ន្ធជាប់នូវមន្ត្រីណា ឬអ្នកមានប្រាក់កាសណាក៏ដោយ រាជរដ្ឋាភិបាលមិនអត់ឱន និងមិនលើកលែងចំពោះសកម្មភាពនៅពីក្រោយខ្នងនោះដែរ ។
សម្តេចក៏បានបញ្ជាក់ថា «ទទួលបានបទបញ្ជានេះ សូមឯកឧត្តមលោកជំទាវចាត់វិធានការជាបន្ទាន់ បញ្ជូនកម្លាំងបង្ក្រាបភាពអនាធិបតេយ្យក្នុងការកាប់ទន្ទ្រានយកដីព្រៃ និងបំផ្លាញព្រៃឈើដើម្បីយកដីធ្លី ត្រូវអ្វើកិច្ចការនេះជាបន្ទាន់មិនត្រូវពន្យារពេល ហើយកិច្ចការងារនេះត្រូវធ្វើដូចភ្លៀងរលឹម មិនអាចឲ្យកើតឡើងសាជាថ្មី ដើម្បីបំផ្លាញទៅដល់ព្រៃឈើ និងដីធ្លីរបស់រដ្ឋនោះឡើយ»៕SRN
សូមស្តាប់សារសម្លេងពិសេស របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ទាក់ទងដល់ការទប់ស្កាត់ការកាប់ព្រៃឈើទន្ទ្រានយកដីពីសំណាក់ជនខិលខូចខាងក្រោមនេះ។
សូមទស្សនាខាងក្រោមនេះ