កណ្តាល ៖ ដោយសារទ្រាំមិនបាននឹងទង្វើប្តីកំហូច ចូលចិត្តតែផឹកស្រា ហើយមកវិញវាយដុំជេរប្រមាថប្រពន្ឋរួមនឹងម្តាយក្មេកជាប្រចាំ ហើយបំផ្លិចបំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះស្ទើរគ្មានសល់នោះ បានធ្វើឱ្យស្រ្តីជាប្រពន្ឋទ្រាំលែងបាន ក៏ដាក់ពាក្យបណ្តឹងទៅតុលាការសុំលែងលះតែម្តង។
នារីរងគ្រោះដោយសារប្តីធ្វើបាបខាងលើ ឈ្មោះ ផន ផល្លី អាយុ៣៤ឆ្នាំ និងប្តីកំហូចចូលចិត្តផឹកស្រាស្រវឹងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះ វាយដុំប្រពន្ឋខាងលើនោះឈ្មោះ យិន បូរ័ត្ន អាយុ៥៣ឆ្នាំ បច្ចុប្បន្នរស់នៅភូមិត្រពាំងទឹម ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល។
បើតាមការរៀបរាប់របស់ស្រ្តីជាប្រពន្ឋខាងលើ ឱ្យដឹងថា គាត់នឹងប្តីបានរៀបការជាមួយគ្នាជាយូរមកហើយ ហើយពេលដែលរៀបការឆ្នាំដំបូងៗ ដូចជាមិនមានកើតរឿងរកាំរកូសអ្វីនោះទេ រហូតដល់៣ទៅ៤ឆ្នាំក្រោយមកទើបប្តី ចូលចិត្តចេញក្រៅទៅផឹកស៊ីជាមួយមិត្តភក្រ្តបាត់ៗ លុះពេលត្រឡប់មកដល់ផ្ទះមិនជួយការងារប្រពន្ឋហើយ បែជារករឿងជាប្រពន្ឋ ជេរប្រមាថដល់ម្តាយក្មេកថែមទៀត ធ្វើឱ្យគាត់ជួបការលំបាកក្នុងការរួមរស់ជាមួយគ្នារហូតមក មិនដែលមានពេលបានសប្បាយចិត្តម្តងណាទេ។
ស្រ្តីជាប្រពន្ឋខាងលើបន្តថា កន្លងមកប្តីរបស់គាត់គ្រាន់តែជេរវាយប្រពន្ឋប៉ុណ្ណោះ ប៉ុន្តែឮឡូវនេះឈានដល់ការជេរប្រមាថដល់ម្តាយក្មេក វាយកំទេចរបស់របរក្នុងផ្ទះគ្មានសល់។ ហើយនៅពេលដែលខ្លួនដាក់ពាក្យប្តឹងសុំលែង ធ្វើឱ្យប្តីរឹតតែខឹង វាយកំទេចតុទូចាប់បោកធុងទឹកកកដាក់លក់ភេសជ្ជះមុខផ្ទះបែកខ្ទេចគ្មានសល់ នឹងបានអូសម៉ូតូចេញពីផ្ទះយកទៅបាត់ ធ្វើដូចជាចោប្លន់អីចឹង។
ជាមួយគ្នានេះស្រ្តីជាម្តាយឈ្មោះ យ៉ែម ផល្លា អាយុ៥៣ឆ្នាំ ក៏បានរៀបរាប់ទាំងអួលដើមករ ថាសព្វថ្ងៃនេះគ្រួសារគាត់ជួបការលំបាកណាស់ ដោយសារតែកូនប្រសារឈ្មោះ យិន បូរ័ត្ន តែងដើរជេរប្រមាថដៀមដាប់គាត់មិនលុះថ្ងៃ ហើយថែមទាំងវាយដុំទ្រព្យសម្បត្តិ ក្នុងផ្ទះទាំងប៉ុន្មានអស់គ្មានសល់ កុំថាឡើយតុទូររបស់របស់កំប៉ុកកំប៉ុក សូម្បីតែខ្នោះទ្វារក៏កូនប្រសានេះដោះយកទៅបាត់ផងដែរ។
ស្រ្តីជាម្តាយខាងលើបញ្ជាក់ថា សព្វថ្ងៃគាត់ជួបការលំបាកខ្លាំងណាស់ ដេកភ័យទាំងយប់ទាំងថ្ងៃ ដោយសារតែកូនប្រសាដើរជេរប្រមាថដៀមដាម ហើយខ្លាចក្រែង កើតមានហិង្សាណាមួយ មកលើរូបគាត់នឹងកូនស្រីថែមទៀត។ ករណីនេះគាត់សំណូមពរ ដល់តុលាការក៏ដូចជាអាជ្ញាធរជួយដោះស្រាយករណីគ្រួសារគាត់ឱ្យបានចប់សព្វគ្រប់ឆាប់ៗនេះផង។
ករណីនេះដែរ នៅរសៀលថ្ងៃទី២៧ ខែមិថុនា ឆ្នាំ ២០២៣នេះ សារព័ត៌មាន អែស អរ អិន មិនអាចសុំការបំភ្លឺពីលោក យិន បូរ័ត្ន បានទេ ដោយទូរស័ព្វរបស់លោកទំនាក់ទំនងមិនបាន ឡែកលោកនាយប៉ុស្តិ៍នគបាលរដ្ឋបាលក្រាំងម្កាក់ បានឱ្យដឹងថា ករណីនេះលោកបានចុះទៅអន្តរាគមន៍សម្របសម្រួលរួចហើយ ហើយត្រូវកូនប្រសាឈ្មោះ យិន បូរ័ត្ន នោះគម្រាមបកស័ក្តលោកថែមទៀត តែលោកមិនតបតនោះទេ ដោយសារតែបុរសនោះស្រវឹងស្រាជោកទៅហើយ។ តែនៅពេលសាកសួររឿងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះ បុរសជាកូនប្រសានោះឆ្លើយថា ជាទ្រព្យសម្បត្តិរបស់ខ្លួនដែលធ្លាប់បានទិញចូលផ្ទះនេះទាំងអស់។
ករណីខាងលើ ស្រ្តីជាម្តាយរួមនឹងកូនស្រី បានស្នើសុំតុលាការពន្លឿនរឿងក្តីឱ្យបានឆាប់ផង ធ្វើយ៉ាងណាលែងលះជាមួយប្តីប្រមឹកនេះ ឱ្យបានកាន់តែឆាប់កាន់តែល្អ៕