ព្រះសីហនុ៖ លោកឧត្តមសេនីយ៍ទោ ជួន ណារិនស្នងការនគរបាលខេត្តព្រះសីហនុ បានឲ្យដឹងថា កាលពីថ្ងៃទី ០២ ខែកក្កដា ឆ្នាំ២០២៣ វេលាម៉ោង ០១ និង ៣០នាទី រំលងអធ្រាត្រ មានប្រជាពលរដ្ឋ ១នាក់ដែលជាថៅកែរបស់ជនរងគ្រោះ បានរាយការណ៍មកថា អ្នកបើកបររថយន្តរបស់គាត់ បានជិះរថយន្ត ១គ្រឿង ម៉ាក ALPHARD ពណ៌ខ្មៅ ពាក់ស្លាកលេខ កម្ពុជា C.K.7899 ដឹកភ្ញៀវជាជនជាតិចិន២នាក់ ភេទប្រុស ពីភ្នំពេញ មកខេត្តព្រះសីហនុ តាមផ្លូវល្បឿនលឿន លុះដល់ចំណុចស្ថានីយប្រេង តូតាល់ ស្ថិតក្នុងស្រុកកំពង់សីលា ខេត្តព្រះសីហនុ ស្រាប់តែជនជាតិចិនទាំំង២នាក់ បានហៅឲ្យគាត់ឈប់រថយន្ត និងបានព្រួតគ្នាវាយនិងប្រើកាំបិតចាក់ គាត់ប្លន់យករថយន្ត រួចបានបើករថយន្តគេចខ្លួន។
បន្ទាប់ពីទទួលបានព័ត៌មានភ្លាម កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានសហការជាមួយកម្លាំងនគរបាលចរាចរណ៍ប្រចាំផ្លូវល្បឿនលឿន និងខាងក្រុមហ៊ុនផ្លូវល្បឿនលឿន ធ្វើការឃាត់រថយន្តខាងលើ និងជនសង្ស័យចំនួន ០២នាក់ ភេទប្រុស ជនជាតិចិន នៅចំណុច បញ្ជរបង់ប្រាក់ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ។
ជនរងគ្រោះ ភេទប្រុស ជនជាតិខ្មែរ មុខរបរអ្នកបើកបរ បានរងរបួសធ្ងន់ កំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យឯកជន ។
ដោយឡែក ជនសង្ស័យចំនួន ០២នាក់ មានឈ្មោះ JIN JR-HAN ភេទប្រុស កើតថ្ងៃទី១៣-០៧-២០០២ ជនជាតិចិន (តៃវ៉ាន់) កាន់លិខិតឆ្លងដែនលេខ 360041268, ២-ឈ្មោះ KANG JIH-YAO រឺ ឈ្មោះ SAE-E PHANSAK (ឈ្មោះក្នុងលិខិតឆ្លងដែនថៃ) ភេទប្រុស ជនជាតិចិន (ចិនតៃវ៉ាន់ សញ្ជាតិថៃ) កើតថ្ងៃទី ១៨-០១-១៩៩៦ កាន់លិខិតឆ្លងដែនលេខ AB3380084 (លិខិតឆ្លងដែនថៃ) ។
សម្ភារដកហូតបាន មានរថយន្ត ១គ្រឿង ម៉ាក ALPHARD ពណ៌ខ្មៅ ពាក់ស្លាកលេខ កម្ពុជា C.K.7899 និងសម្ភារមួយចំនួន។
ករណីខាងលើនេះ ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល កំពុងធ្វើការសាកសួរតាមនីតិវិធីជំនាញ៕