ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបញ្ជាក់ថា ពលរដ្ឋអាចគូសសញ្ញាសម្គាល់ជាច្រើនបែបលើសន្លឹកឆ្នោតត្រង់លេខរៀងគណបក្សនយោបាយនីមួយៗ ដែលអាចយកជាការបាន។ ពលរដ្ឋអាចគូសសញ្ញា ១២បែប ដូចជា √ (ធីក) × (គុណ) + (បូក) – / ឬ \ (សញ្ញាប្រភាគ) V (អក្សរវី) U (អក្សរយូ) ឬអក្សរយូរបញ្ច្រាស ឬ O (អក្សរអូ) ឬ ( ) (វង់ក្រចក) ឬ ~ (អវគ្រហសញ្ញា) ឬគូសសញ្ញាណាដែលគេមិនអាចស្គាល់អត្តសញ្ញាណរបស់អ្នកបោះឆ្នោត។ តែយ៉ាងណា គ.ជ.ប លើកទឹកចិត្តឱ្យពលរដ្ឋគូសសញ្ញាធីក។
សញ្ញាសម្គាល់ដែលចាត់ទុកមិនបានការនោះមានដូចជាសន្លឹកឆ្នោតមានសរសេរពាក្យពេចន៍ ពាក្យអធិប្បាយ សន្លឹកឆ្នោតមានផ្តិតស្នាមម្រាមដៃ សន្លឹកឆ្នោតមានបិទតែម ឬក្រដាសប្រាក់ ឬក្រដាសបកបិទ ឬក្រដាសមានសំណេរ ឬរូបសញ្ញាផ្សេងៗ សន្លឹកឆ្នោតមានឯកសារផ្សេងៗបិទ ឬខ្ចាស់ជាប់ជាមួយ សន្លឹកឆ្នោតមានសរសេរឈ្មោះ ឬហេត្ថលេខា ឬសញ្ញាដែលនាំឱ្យគេស្គាល់អត្តសញ្ញាណរបស់អ្នកបោះឆ្នោតជាដើម។
សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានចេញបទបញ្ជាឱ្យចាប់ខ្លួនជនទុច្ចរិតដែលបន្លំខ្លួនជាថ្នាក់ដឹកនាំគណបក្សនយោបាយផ្សេងៗ ជាពិសេសគណបក្សប្រជាជនកម្ពុជា ណែនាំឱ្យពលរដ្ឋគូសសញ្ញាធីក១ ឬ ២ ឬសរសេរជាលេខលើសន្លឹកឆ្នោត ដើម្បីបង្ហាញពីការពេញចិត្តគណបក្សប្រជាជនកម្ពុជា ឬគណបក្សផ្សេងៗទៀត។
ជាមួយគ្នានេះសម្តេចតេជោបានបញ្ជាឲ្យក្រសួងប្រៃសណីយ៍ស្រាវជ្រាវ និងចាប់ឱ្យបាននូវជនដែលបន្លំខ្លួននេះជាបន្ទាន់។ សម្តេចអះអាងថាជនទុច្ចរិតទាំងនេះគឺមិនត្រូវមានការអត់ឱនឱ្យឡើយ។
សម្តេចតេជោ ហ៊ុនសែន ថ្លែងថា៖ «យើងចាប់ឱ្យបានអ្នកដែលតាំងខ្លួនជាគណបក្សប្រជាជន ជាអ្នកគាំទ្រគណបក្សប្រជាជនដែលទៅបង្រៀនប្រជាជនឲ្យគូសសន្លឹកឆ្នោតខុស»។
សម្តេចតេជោ បានស្នើឲ្យបណ្តាគណបក្សនយោបាយនីមួយៗរួមគ្នាណែនាំពលរដ្ឋឲ្យគូសសន្លឹកឆ្នោតឱ្យបានត្រឹមត្រូវដើម្បីឱ្យការបោះឆ្នោតនេះប្រព្រឹត្តិទៅដោយជោគជ័យ។
សូមបងប្អូនជនរួមជាតិ ដែលមានឈ្មោះបោះឆ្នោត មេត្តា អនុវត្តតាមការណែនាំរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។
តាមរយៈខិត្តបណ្ណស្ដីពី ការគូសសញ្ញាគាំទ្រគណបក្សលើសន្លឹកឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ ដូចមានភ្ជាប់ជាមួយបញ្ជាក់យ៉ាងច្បាស់នេះ ៕