Breaking News

មណ្ឌលថែទាំមនុស្សចាស់ជរាគ្មានទីពឹង ដោយឥតគិតថ្លៃ ជាលើកដំបូង ក្នុងស្រុកព្រះស្តេច ត្រូវបានដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ដោយផ្តោតលើមុខងារសំខាន់ចំនួន៣

ព្រៃវែង៖ មណ្ឌលថែទាំមនុស្សចាស់ជរាគ្មានទីពឹង ដោយឥតគិតថ្លៃ ជាលើកដំបូង ក្នុងស្រុកព្រះស្តេច នៃខេត្តព្រៃវែង ដែលមានទីតាំងនៅបរិវេណវត្តសឹម្ពិលីព្រឹក្សារកាជួរ ស្ថិតក្នុងភូមិរកាជួរទី១ ឃុំបន្ទាយចក្រី ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៣នេះ។

គោលគំនិតនៃការបង្កើតឡើង ឱ្យមានជាមណ្ឌលថែទាំមនុស្សចាស់នេះ ត្រូវបានផ្ដួចផ្ដើមឡើងដោយ លោក ហ៊ឺ បាវី ប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយមូលដ្ឋានស្រុកព្រះស្តេច ក្នុងគោលបំណងដើម្បីបង្ហាញអំពីការយកចិត្តទុកដាក់ ចំពោះមនុស្សចាស់ នៅក្នុងសហគមន៍ ជាពិសេសដើម្បីចូលរួមសម្រាលទុក្ខលំបាក របស់មនុស្សចាស់ ដែលគ្មានទីពឹង។

មានប្រសាសន៍ ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់នេះ, លោក ហ៊ឺ បាវី បានបញ្ជាក់ថា មណ្ឌលនេះ បង្កើតឡើងផ្តោតលើមុខងារសំខាន់ចំនួន៣៖

គឺ ១.ថែទាំមនុស្សចាស់ជរាគ្មានទីពឹង និងលំបាកក្នុងជីវភាព ដោយទទួលបានស្នាក់នៅ និងហូបចុកសមរម្យ។

ទី២.មនុស្សចាស់ស្នាក់នៅ នឹងទទួលបានដំណើរកម្សាន្ត ទៅកាន់តំបន់ប្រវត្តិសាស្ត្រ និងទេសចរណ៍សំខាន់ៗរបស់កម្ពុជា ។

ទី៣.ជាទីកន្លែងសម្រាប់ប្រមូលផ្តុំចាស់ ដែលមានបទពិសោធន៍ ដើម្បីធ្វើការពិគ្រោះជាមួយយុវជន ដើម្បីចែករំលែកបទពិសោធន៍ ឈានទៅរកការជួយលើកកម្ពស់សង្គមជាតិ។

លោក ហ៊ឺ បាវី បានបញ្ជាក់ថា លោកមានគម្រោងបង្កើតមណ្ឌលថែទាំមនុស្សចាស់គ្មានទីពឹងនេះ សម្រាប់គ្រប់ឃុំទាំងអស់ នៅក្នុងស្រុកព្រះស្តេច ពោលគឺទាំង១១ឃុំ ក្នុងគោលបំណងដើម្បីបង្ហាញអំពីការយកចិត្តទុកដាក់ ចំពោះមនុស្សចាស់ នៅក្នុងសហគមន៍ ដែលស្របតាមគោលនយោបាយ របស់គណបក្សប្រជាជនកម្ពុជា។

លោកបានបន្ថែមថា លោកក៏មានគម្រោងសាងសង់មណ្ឌលថែទាំមនុស្សចាស់ជរា សម្រាប់ជនបរទេសផងដែរ ប៉ុន្តែមានការគិតថ្លៃសេវា ហើយថវិកាដែលទទួលបានពីមណ្ឌលនោះ នឹងយកទៅទ្រទ្រង់ដល់មណ្ឌលថែទាំមនុស្សចាស់ជរា សម្រាប់ប្រជាពលរដ្ឋកម្ពុជា។

ក្នុងឱកាសនោះ លោកប្រធានក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានស្រុកព្រះស្តេច បានលើកឡើងដែរថា មិនមានគណបក្សណា អាចប្រៀបនឹងគណបក្សប្រជាជនកម្ពុជាបានទេ។ ជាក់ស្តែង កន្លងមកគណបក្សប្រជាជនកម្ពុជា ជានិច្ចជាកាលបានយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋ ជាមួយគ្នានោះ ក៏បានដឹកនាំអភិវឌ្ឍន៍ប្រទេសកម្ពុជា​ ឲ្យមានការរីកចម្រើនលើគ្រប់វិស័យផងដែរ។
ក្នុងន័យនេះ លោកបានអំពាវនាវដល់ប្រជាពលរដ្ឋ កុំជឿពាក្យបំផុសគោលនយោបាយគ្មានការពិត របស់គណបក្សមួយចំនួន ហើយសូមអញ្ជើញទៅចូលរួមបោះឆ្នោតឲ្យបានគ្រប់ៗគ្នា នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខ និងសូមបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីឲ្យកម្ពុជាបន្តមានការអភិវឌ្ឍបន្ថែមទៀត៕

Check Also

ក្នុងរយៈពេល៩ខែ នាឆ្នាំ២០២៤នេះ ក្រុមការងារតាមដានអំពីការដោះស្រាយ ចំពោះមតិយោបល់ឬសំណូមពររបស់បងប្អូនប្រជាពលរដ្ឋ ក្នុងទំព័រហ្វេសប៊ុក លោកអភិសន្តិបណ្ឌិត ស សុខា និងសម្តេចក្រឡាហោម ស ខេង ចំនួន ៥៨២គណនី

Leave a Reply

Your email address will not be published. Required fields are marked *