Breaking News

សម្ដេច ហ៊ុន សែន៖ គណបក្សប្រជាជនកម្ពុជាឈ្នះ គឺខ្មែរឈ្នះទាំងអស់គ្នា​ ខណៈកម្ពុជានឹងមាននាយករដ្ឋមន្រ្តីថ្មីបន្ដដឹកនាំប្រទេស ដើម្បីបម្រើផលប្រយោជន៍ជាតិ

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានលើកឡើងថាច្បាស់ណាស់ គឺនៅពេលដ៏ខ្លីខាងមុខនេះកម្ពុជានឹងមាននាយករដ្ឋមន្រ្តីថ្មីបន្ដដឹកនាំប្រទេស ដើម្បីបម្រើផលប្រយោជន៍ប្រជាពលរដ្ឋជាម្ចាស់ឆ្នោត។

​«គណបក្សប្រជាជនឈ្នះ គឺខ្មែរឈ្នះទាំងអស់គ្នា ហើយគណបក្សនានាក៏អាចរួមរស់ក្រោមម្លប់សន្តិភាពបានទាំងអស់គ្នា»។ នេះជាប្រសាសន៍សម្ដេច ហ៊ុន សែន។

​ការថ្លែងយ៉ាងដូច្នេះរបស់សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា នៅរសៀលថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៣ តាមរយៈបណ្ដាញសង្គមតេលេក្រាមផ្លូវការរបស់សម្ដេច។

ជាមួយគ្នានេះ សម្ដេចតេជោ បានថ្លែងអំណរគុណចំពោះបងប្អូនជនរួមជាតិដែលបានផ្តល់នូវសេចក្តីស្រឡាញ់ ការគាំទ្រនិងទំនុកចិត្តជ្រាលជ្រៅចំពោះ សម្តេច​ និងលោកបណ្ឌិត​ ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តីដើម្បីដឹកនាំរាជរដ្ឋាភិបាលកម្ពុជាសម្រាប់អាណត្តិទី៧ ឆ្នាំ២០២៣។

យោងតាមសម្ដេចតេជោ, លោកបណ្ឌិត ហ៊ុន ម៉ាណែត នឹងក្លាយនាយករដ្ឋមន្ត្រី ចាប់ពី​ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ តទៅ។

សូមបញ្ជាក់ថា បើរាប់ពីថ្ងៃទី១៤ ខែមករា ឆ្នាំ១៩៨៥ រហូតដល់ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ សម្ដេច ហ៊ុន សែន ធ្វើជានាយករដ្ឋមន្ត្រីបាន ២.០១៤ សប្តាហ៍ គិតជាខែគឺបាន ៤៦៣ខែ ហើយបើគិតជាឆ្នាំគឺបាន៣៨ឆ្នាំ ៧ខែ និង៨ថ្ងៃ។ សម្ដេច ជាប្រមុខរាជរដ្ឋាភិបាលដែលកាន់តំណែងយូរជាងគេលើពិភពលោក៕SRN

Check Also

ទីបំផុត! តារាចម្រៀងរ៉េប Vanthan បានសម្រេចចិត្តប្តឹងនារីម្នាក់ ដែលបានចោទប្រកាន់ថាបានបៀតបៀនផ្លូវភេទ និងចម្លងជំងឺដ៏កាចសាហាវដល់នាង ទៅស្ថាប័នតុលាការ ដើម្បីបញ្ជាក់ភាពស្អាតស្អំរបស់ខ្លួន

Leave a Reply

Your email address will not be published. Required fields are marked *