ភ្នំពេញ៖ ក្រសួងទេសចរណ៍ ប្រកាសដាក់ឱ្យអនុវត្តចលនាប្រឡង ប្រណាំង “បដិសណ្ឋារកិច្ចល្អ” ក្នុងវិស័យទេសចរណ៍ ឆ្នាំ២០២៣-២០២៤ ដើម្បីចូលរួម ចលនាប្រឡងប្រណាំង “ទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ បដិសណ្ឋារកិច្ចល្អ”។
រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវ ចលនាប្រឡងប្រណាំង “បដិសណ្ឋារកិច្ចល្អ ក្នុងវិស័យទេសចរណ៍” សំដៅជំរុញនិងលើកទឹកចិត្ត ដល់ប្រតិបត្តិករទេសចរណ៍ ឱ្យខិតខំប្រឹងប្រែងអភិវឌ្ឍន៍សម្បទាទេសចរណ៍របស់ខ្លួន ប្រកបដោយស្តង់ដាត្រឹមត្រូវ អភិរក្សវប្បធម៌ប្រពៃណី របស់ជនជាតិខ្មែរ លើកកំពស់ធនធានមនុស្ស ដែលមានជំនាញ គុណភាព ប្រសិទ្ធភាពខ្ពស់សំដៅទាក់ទាញទេសចរ ក៏ដូចជាពន្យារការស្នាក់នៅរបស់ ទេសចរ និងចូលរួមបង្កើនដល់ការលើកកម្ពស់កម្ពុជា ជាគោលដៅទេសចរណ៍ ប្រកបដោយភាពទាក់ទាញ និងផ្តល់ភាពកក់ក្តៅ ដល់ភ្ញៀវទេសចរ និងប្រកបដោយ ផាសុកភាព សម្រាប់ការស្នាក់នៅរបស់ភ្ញៀវទេសចរ សក្តិសមនឹងការប្រសិទ្ធនាម៖ “កម្ពុជា៖ ព្រះរាជាណាចក្រអច្ឆរិយៈ ផ្តល់ភាពកក់ក្តៅ”។
ដំណើរការនៃការប្រឡងប្រណាំង “បដិសណ្ឋារកិច្ចល្អ” ក្នុងវិស័យទេសចរណ៍ ធ្វើឡើង ជារៀងរាល់ឆ្នាំដោយចែកចេញជា ៣ដំណាក់កាល ។
ដំណាក់កាលទី១៖ ចាប់ពីថ្ងៃជូនដំណឹងដល់ខែកញ្ញាឆ្នាំ២០២៣ មូលដ្ឋានអាជីវកម្ម ទេសចរណ៍ត្រូវដាក់ពាក្យសុំចូលរួមប្រឡងប្រណាំងតាមរយៈគេហទំព័រ www.cambodiabesthospitality.org (អាចចូលបានតាមការស្កេន QR-Code)ដោយភ្ជាប់មកជាមួយនូវឯកសារពាក់ព័ន្ធចាំបាច់នានា។ មូលដ្ឋានអាជីវ កម្មទេសចរណ៍ក៏អាចធ្វើការចុះឈ្មោះចូលរួមប្រឡងប្រណាំងដោយគ្រាន់តែបំពេញពាក្យសុំចូលរួមប្រឡងប្រណាំង និងផ្ញើមក អ៊ីម៉ែល info@cambodiabesthospitality.org។
ដំណាក់កាលទី២៖ ខែវិច្ឆិកា ឆ្នាំ២០២៣ ដល់ខែមករា ឆ្នាំ២០២៤ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ និងប្រជាពលរដ្ឋអាចចូលរួមការវាយតម្លៃ (Vote) ដោយផ្ទាល់ ឬតាមប្រព័ន្ធវាយតម្លៃអនឡាញ (www.cambodiabesthospitality.org) ឬអាចចូលវាយតម្លៃដោយគ្រាន់តែស្គេន QR-Code របស់សេវាណាមួយ និងធ្វើការវាយតម្លៃ។
ដំណាក់កាលទី៣៖ ខែមីនា ឆ្នាំ២០២៣ ក្រសួងទេសចរណ៍ នឹងរៀបចំរបាយការណ៍ ចុងក្រោយ និងឈានទៅប្រកាសលទ្ធផលជ័យលាភី “បដិសណ្ឋារកិច្ចល្អ ក្នុងវិស័យ ទេសចរណ៍”៕SRN