សៀមរាប៖ ក្រោយពីចូលខ្លួន ទៅកាន់ស្នងការដ្ឋាននគរបាលខេត្តសៀមរាប តាមដីកាឲ្យចាប់ខ្លួនរបស់សាលាដំបូងរាជធានីភ្នំពេញ ឧកញ៉ា លី សាយឃាង កំពុងត្រូវបានសមត្ថកិច្ច បញ្ជូនខ្លួនពីខេត្តសៀមរាប មកកាន់រាជធានីភ្នំពេញ។
ការចូលខ្លួននេះធ្វើឡើងបន្ទាប់ពីលោក សេង លាង ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាបង្គាប់ឲ្យចាប់ខ្លួនឧកញ៉ា លី សាយឃាង ពាក់ព័ន្ធបទល្មើសរំលោភលើទំនុកចិត្ត និងបរិហារកេរ្តិ៍ជាសាធារណៈ ប្រព្រឹត្តនៅឃុំអូរបីជាន់ ស្រុកអូរជ្រៅ សង្កាត់និមិត្ត និងសង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាល ពីអំឡុងឆ្នាំ២០១៨ និងអំឡុងឆ្នាំ២០១៩។
តុលាការបានបញ្ជាក់ថា ករណីរំលោភលើទំនុកចិត្ត និងបរិហារកេរ្តិ៍ជាសាធារណៈនេះ មានចែងឱ្យផ្តន្ទាទោសតាមមាត្រា ៣៩១ មាត្រា ៣៩២ និងមាត្រា ៣០៥ នៃក្រមព្រហ្មទណ្ឌ។ «ហេតុដូច្នេះ ដើម្បីធានាដល់ការស៊ើបសួរឱ្យ បានពេញលេញ គប្បីសម្រេចនាំខ្លួនឈ្មោះ លី សាយឃាង ភេទប្រុស អាយុ ៥៨ឆ្នាំ ជនជាតិខ្មែរ មកចំពោះចៅក្រមស៊ើប សួរដើម្បីធ្វើការសាកសួរបំភ្លឺការពិត»។ នេះបើតាមដីការបង្គាប់ឱ្យនាំខ្លួន។
លោក សេង លាង ចៅក្រមស៊ើបសួរនៃសាលាដំបូូងរាជធានីភ្នំពេញ ក៏បាន បង្គាប់មកកងកម្លាំងសាធារណៈ ឱ្យចាប់ និងនាំខ្លួនលោកឧកញ៉ា លី សាយឃាង មកប្រគល់ជូនសាលាដំបូងរាជធានីភ្នំពេញ ឱ្យបានមុនថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១ ដើម្បីចាត់ការតាមច្បាប់ផងដែរ៕SRN