Breaking News

ក្រសួងអប់រំ​ បន្តធ្វើកំណែទម្រង់វិស័យអប់រំ ​ឆ្នាំ២០២៣-២០២៨​ នៅគ្រប់កម្រិតសិក្សា ការបង្កើនការចូលរៀនមុខវិជ្ជាវិទ្យាសាស្ត្រ​ បច្ចេកវិទ្យា​ និងការអប់រំឌីជីថល

ភ្នំពេញ៖​ ក្រសួងអប់រំ​​ នឹងបន្តកំណែទម្រង់វិស័យអប់រំ​ដែលផ្ដោតលើការពង្រឹងគុណភាពអប់រំនៅគ្រប់កម្រិតសិក្សា ការបង្កើនការចូលរៀនមុខវិជ្ជាវិទ្យាសាស្ត្រ​ និងបច្ចេកវិទ្យា​ ការអប់រំឌីជីថល ជំរុញការពង្រឹងការបណ្ដុះបណ្ដាលជំនាញសម្រាប់យុវជន​ ពង្រឹងការអប់រំកាយ​ និងកីឡា និង​ភាពជាពលរដ្ឋល្អ ក្នុងរយៈពេល៥ឆ្នាំខាងមុខនេះ។

ការថ្លែងនេះរបស់លោកបណ្ឌិតសភាចារ្យ​ ហង់ជួន​ ណារ៉ុន​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រីក្រសួងអប់រំ​ យុវជន​ និងកីឡា​ នាថ្ងៃទី២៥ ខែសីហា​ ឆ្នាំ២០២៣​ ក្នុងឱកាសដឹកនាំកិច្ចប្រជុំ​ និងជួបសំណេះសំណាល​ ជាមួយថ្នាក់ដឹកនាំជារដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការ និងការអបអរសាទរចំពោះសមិទ្ធផលការងារដែលសម្រេចបានក្នុងរយៈពេល១០ឆ្នាំកន្លង​ទៅនេះ​។

ក្រសួងអប់រំ បានបញ្ជាក់ថា ការដាក់ចេញនូវការសម្រួចអាទិភាពយុទ្ធសាស្ត្រកំណែទម្រង់វិស័យអប់រំ យុវជន និងកីឡា ឆ្នាំ២០២៣-២០២៨​ ដើម្បីចូលរួមចំណែកក្នុងកំណែទម្រង់អាទិភាពរាជរដ្ឋាភិបាល នីតិកាលទី៧នៃរដ្ឋសភា។

លោកបណ្ឌិតសភាចារ្យ​ បានគូសបញ្ជាក់ថា យោងតាមអនុសាសន៍របស់​ លោកកិត្តិទេសាភិបាលបណ្ឌិត​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រី នៃ​កម្ពុជា​ នៅក្នុងកិច្ចប្រជុំដំបូងគណៈរដ្ឋមន្ត្រីសម្រាប់នីតិកាលទី៧នៃរដ្ឋសភា កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣ ការលើកកម្ពស់គុណភាពអប់រំដោយផ្តោតការពង្រឹងគុណភាពសាលារដ្ឋចាប់ពីថ្នាក់មត្តេយ្យ ដល់ មធ្យមសិក្សា តាមរយៈការពង្រឹងកិច្ចការសំខាន់ៗចំនួន៤រួមមាន ការពង្រឹងអភិបាលកិច្ចសាលា, ការពិនិត្យ កែសម្រួលនិងរៀបចំកម្មវិធីសិក្សា និងសកម្មភាពក្រៅម៉ោងសិក្សាឱ្យស្របទៅតាមតម្រូវការក្នុងការពង្រឹងចំណេះដឹង វិន័យ សីលធម៌ និងឥរិយាបថរបស់សិស្ស
ហើយនិង ការយកចិត្តទុកដាក់លើសុខភាពរបស់សិស្សតាមរយៈកម្មវិធីអាហារូបត្ថម្ភដល់កុមារ និងការត្រួតពិនិត្យគុណភាពចំណីអាហារនៅតាមសាលា ​រួមនឹង
​ ការជំរុញ និងលើកទឹកចិត្តការចូលរួមរបស់មាតាបិតា អាណាព្យាបាល និងសហគមន៍ក្នុងការអប់រំ ស្របតាមពាក្យស្លោក “ភាពជាដៃគូ រដ្ឋ និងសហគមន៍ ដើម្បីការអប់រំ” Public-Community Partnership for Education (PCPE)។

សូមជម្រាបថា ក្នុងអាណត្តិទី៧​នេះ​ រាជរដ្ឋាភិបាលកម្ពុជា​ នឹងដាក់ចេញយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដែលបានចាត់ទុកការអភិវឌ្ឍមូលធនមនុស្សជាអាទិភាពទីមួយសម្រាប់ដំណាក់កាលបន្ទាប់នៃយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទីមួយ៕

Check Also

ទីបំផុត! តារាចម្រៀងរ៉េប Vanthan បានសម្រេចចិត្តប្តឹងនារីម្នាក់ ដែលបានចោទប្រកាន់ថាបានបៀតបៀនផ្លូវភេទ និងចម្លងជំងឺដ៏កាចសាហាវដល់នាង ទៅស្ថាប័នតុលាការ ដើម្បីបញ្ជាក់ភាពស្អាតស្អំរបស់ខ្លួន

Leave a Reply

Your email address will not be published. Required fields are marked *