Breaking News

សម្តេចក្រឡាហោម ស ខេង បញ្ជាឱ្យមានការធ្វើអធិការកិច្ច ករណីអ្នកទោស ៧នាក់ វាយទម្លុះជញ្ជាំងរត់គេចខ្លួនពីពន្ធនាគារខេត្តស្ទឹងត្រែង

ស្ទឹងត្រែង៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបញ្ជាឱ្យមានការធ្វើអធិការកិច្ច ទៅលើករណីអ្នកទោស ៧នាក់ ដែលបានវាយទម្លុះជញ្ជាំងរត់គេចខ្លួនពីពន្ធនាគារខេត្តស្ទឹងត្រែង ។ នេះបើយោងតាមប្រសាសន៍របស់សម្តេច ស ខេង នៅក្នុងបណ្តាញសង្គម ហ្វេសប៊ុក កាលពីយប់ថ្ងៃទី ១២ ខែ វិច្ឆិកា ឆ្នាំ ២០២១ ម្សិលមិញនេះ ។

សម្តេច ស ខេង បានមានប្រសាសន៍ថា តាមលទ្ធផលនៅពេលនេះសមត្ថកិច្ចយើងបានចាប់ខ្លួនជនជាប់ឃុំចំនួន ៥នាក់ មកវិញហើយ ក្នុងចំណោមជនជាប់ឃុំចំនួន ៧នាក់ ដែលបានវាយទម្លុះជញ្ជាំងពន្ធនាគារលួចរត់គេចខ្លួនកាលពីយប់ថ្ងៃទី ៨ ខែ វិច្ឆិកា ឆ្នាំ ២០២១ កន្លងទៅនេះ ។ ជនជាប់ឃុំដែលសមត្ថកិច្ចចាប់បានមកវិញនោះ គឺមានជនជាតិឡាវចំនួន ២នាក់ និងជនជាតិ ខ្មែរចំនួន ៣នាក់៖

ទី១-ឈ្មោះ ទូច វ៉ាត់ ភេទប្រុស អាយុ ៣៨ឆ្នាំ ជនជាតិខ្មែរ មានបទល្មើសសមគំនិតក្នុងអំពើជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន និងមានកម្រិតទោស ៣០ឆ្នាំ។

ទី២-ឈ្មោះ វ៉ា ភូ ភេទប្រុស អាយុ ២៨ឆ្នាំ ជនជាតិខ្មែរ មានបទល្មើស ជួញដូរដោយ ខុសច្បាប់នូវសារធាតុញៀន និងមានកម្រិតទោស ២០ឆ្នាំ។

ទី៣-ឈ្មោះ ភិត ងិន ភេទប្រុស អាយុ ៤០ឆ្នាំ ជនជាតិឡាវ មានបទល្មើសប៉ុនប៉ងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន និងមានកម្រិតទោស ០៤ឆ្នាំ។

ទី៤-ឈ្មោះ ចាក លីប៊ីតាលី ភេទប្រុស អាយុ២៨ឆ្នាំជនជាតិឡាវ មានបទល្មើស ជួញដូរដោយខុសច្បាប់នូវសារធាតុ ញៀន កម្រិតទោស អស់មួយជីវិត ។

ទី៥-ឈ្មោះ ហន វិមាន ភេទប្រុស អាយុ ២១ឆ្នាំ ជនជាតិខ្មែរ មានបទល្មើស លួចមានស្ថានទម្ងន់ ទោសដោយសារការប្រើទារុណកម្ម និងមានកម្រិតទោស ២៧ឆ្នាំ ។ ទន្ទឹមនឹងនេះ ទណ្ឌិត ២នាក់ ជាជនជាតិឡាវដែលមានបទល្មើសគ្រឿងញៀន ក៏សមត្ថកិច្ចកំពុងតែស្វែងរកចាប់ខ្លួនមកវិញដែរ ។

សម្តេចក្រឡាហោម បានបញ្ជាក់ទៀតថា សម្តេចបានចាត់ចែងឱ្យមានការធ្វើអធិការកិច្ចប្រកបដោយការទទួលខុសត្រូវចំពោះបញ្ហាដែលបានកើតឡើង គឺធ្វើឱ្យជនជាប់ឃុំរត់រួចពីពន្ធនាគារ ដែលពេលនេះក្រុមការងារកំពុងតែធ្វើកិច្ចការនេះ ។

សម្តេច ស ខេង ក៏បានអំពាវនាវផងដែរដល់បងប្អូនជនរួមជាតិ គ្រប់មជ្ឈដ្ឋានសូមបន្តគាំទ្រនិងចូលរួមអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព ក៏ដូចជាការគាំទ្រនិងចូលរួមបន្ត អនុវត្តតាម ពាក្យស្លោកជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ៣កុំ ១រាយការណ៍ ទាំងអស់គ្នា ដើម្បីសុវត្ថិភាព និងភាពសុខសាន្តក្នុងសង្គមជាតិយើង ៕ដោយ៖ សិរី នាគ

Check Also

ទីបំផុត! តារាចម្រៀងរ៉េប Vanthan បានសម្រេចចិត្តប្តឹងនារីម្នាក់ ដែលបានចោទប្រកាន់ថាបានបៀតបៀនផ្លូវភេទ និងចម្លងជំងឺដ៏កាចសាហាវដល់នាង ទៅស្ថាប័នតុលាការ ដើម្បីបញ្ជាក់ភាពស្អាតស្អំរបស់ខ្លួន

Leave a Reply

Your email address will not be published. Required fields are marked *