Breaking News

អាជ្ញាធរមីន ទទួលជំនួយជាគ្រឿងបរិក្ខារពីរាជរដ្ឋាភិបាល និងប្រជាជនជប៉ុន សម្រាប់ប្រើប្រាស់ក្នុងដំណើរការសកម្មភាពមីនមនុស្សធម៌នៅកម្ពុជា

ភ្នំពេញ៖ នៅទីស្នាក់ការអាជ្ញាធរមីន នារសៀលថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៥ មានរៀបចំពិធីប្រគល់និង ទទួលជំនួយពីរាជរដ្ឋាភិបាល និងប្រជាជនជប៉ុន ក្រោម “កម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ចនិងសង្គម” ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី អនុប្រធានទី១ អាជ្ញាធរមីននិងមន្រ្តីថ្នាក់ដឹកនាំមានអគ្គលេខាធិការ អគ្គលេខាធិការរងរួមទាំងមន្រ្តីបច្ចេកទេសអាជ្ញាធរមីន ដែលសម្ភារទាំងនេះប្រគល់ជូនដោយ ឯកឧត្តម UENO Atsushi ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា សម្រាប់ប្រើប្រាស់ក្នុងដំណើរការសកម្មភាពមីនមនុស្សធម៌នៅកម្ពុជា ។

រំលឹកថា ជាមួយគ្នានោះ ប្រទេសជប៉ុន បានដើរតួនាទីយ៉ាងសំខាន់ក្នុងដំណើរការស្វែងរកសន្តិភាព កំណើនសង្គម និងសេដ្ឋកិច្ចរបស់កម្ពុជា លើវិស័យជាច្រើនដូចជា ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ទេសចរណ៍ ការអប់រំ ការអភិរក្ស និងជួសជុលរមណីយដ្ឋានប្រវត្តិសាស្ត្រ ក៏ដូចជាសកម្មភាពមីនមនុស្សធម៌ ជាដើម។ពាក់ព័ន្ធនឹងការងារសកម្មភាពមីនមនុស្សធម៌ ប្រទេសជប៉ុន បានចូលរួមជួយឧបត្ថម្ភគាំទ្រដល់កម្ពុជាចាប់តាំងពីឆ្នាំ១៩៩៤ គិតជាទឹកប្រាក់ជាង ២០០ លានដុល្លារអាមេរិក បន្ថែមពីលើគ្រឿងបរិក្ខានាថ្ងៃនេះ ដែលឯកឧត្តមទេសរដ្ឋមន្រ្តី បានចាត់ទុកថា ប្រទេសជប៉ុនគឺជាដៃគូយូរអង្វែង និងរឹងមាំមួយក្នុងការសម្រេចបាននូវសមិទ្ធិផលសកម្មភាពមីនរយៈពេលជាង៣០ឆ្នាំនេះ។

ក្នុងឱកាសទទួលនូវជំនួយឥតសំណងនេះ ឯកឧត្តមទេសរដ្ឋមន្រ្តី បានថ្លែងវាយតម្លៃខ្ពស់ចំពោះចំណងការទូតជាប្រវត្តិសាស្រ្តរវាងកម្ពុជា និងជប៉ុន រយៈពេល ៧០ឆ្នាំនេះ គឺចាប់ពីឆ្នាំ១៩៥៣ ដែលប្រទេសទាំងពីរបានបង្កើតទំនាក់ទំនងយ៉ាងជិតស្និទ្ធ ដោយផ្អែកលើការគោរពគ្នាទៅវិញទៅមក និងមានតម្លៃរួមគ្នា។ វិភាគទានរបស់ជប៉ុន ជាមួយនឹងកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ប្រទេសម្ចាស់ជំនួយ ដៃគូអភិវឌ្ឍន៍ ប្រតិបត្តិករដោះមីន និងអ្នកពាក់ព័ន្ធដទៃទៀត គឹជាធានាបាននូវដីប្រកបសុវត្ថិភាពសម្រាប់ប្រជាពលរដ្ឋប្រើប្រាស់ ក៏ដូចជាកាត់បន្ថយគ្រោះថ្នាក់ដោយសារគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះដទៃទៀត។

ឯកឧត្តម UENO Atsushi ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលទទួលបាននៃការងារបោសសម្អាតមីននៅកម្ពុជា ដោយទទួលបានផ្ទៃដីធំជាងគេក្រោយបញ្ចប់សង្រ្គាម។ ការសម្រេចបានរបស់កម្ពុជា ក៏មានការរួមចំណែកពីរាជរដ្ឋាភិបាល និងប្រជាជនជប៉ុន ហើយជប៉ុនសង្ឃឹមថា គ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមដែលនៅសេសសល់ នឹងត្រូវរំដោះចេញពីទឹកដីកម្ពុជា ហើយប្រជាជនកម្ពុជានឹងទទួលបាននូវសុវត្ថិភាព។ ឯកឧត្តមបានបន្តទៀតថា ក្រៅពីជួយដល់ការងារបោសសម្អាតមីននៅកម្ពុជា ជប៉ុនក៏បានចូលរួមជួយដល់កម្ពុជាក្នុងកិច្ចសហប្រតិបត្តិការអន្តរជាតិ ក្នុងនោះថ្មីៗនេះ បានចូលរួមដល់ការបណ្តុះបណ្តាលអ្នកជំនាញការមកពីប្រទេសអ៊ុយក្រែន ផងដែរ។

ក្នុងនាមសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងជាប្រធានអាជ្ញាធរមីន ឯកឧត្តមទេសរដ្ឋមន្រ្តី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់រាជរដ្ឋាភិបាល និងប្រជាជនជប៉ុនចំពោះការចូលរួមគាំទ្រប្រកបដោយទឹកចិត្តសប្បុរសនេះ ព្រមទាំងជឿជាក់ថា ជំនួយជាគ្រឿងបរិក្ខារនាថ្ងៃនេះ នឹងជួយបង្កើនប្រសិទ្ធភាពប្រតិបត្តិការរបស់អាជ្ញាធរមីន ក្នុងការវាយតម្លៃនៅទីវាល ការសិក្សាស្រាវជ្រាវ ការគ្រប់គ្រងគុណភាព ការអប់រំហានិភ័យ និងភាពជាអ្នកដឹកនាំនៃវិស័យសកម្មភាពមីន ក៏ដូចជាជួយជំរុញឱ្យមានការខិតខំប្រឹងប្រែងបន្តឆ្ពោះទៅរកការសម្រេចបាននូវប្រទេសកម្ពុជាដែលគ្មានមីន។

គូសបញ្ជាក់ថា ជំនួយរបស់រាជរដ្ឋាភិបាល និងប្រជាជនជប៉ុន ប្រគល់ជូនដល់អាជ្ញាធរមីន រួមមាន៖ រថយន្ត(Pickup) ២៣គ្រឿង, ម៉ូតូ ៣៧ គ្រឿង, ឧបករណ៍ GPS ៥៤គ្រឿង, ឧបករណ៍ការពារសុវត្ថិភាព ៣០ឈុត, ម៉ាស៊ីនរាវមីន ៣០គ្រឿង, កុំព្យូទ័រយួរដៃ ៧៥គ្រឿង, គ្រឿងបន្លាស់រថយន្ត ២៣គ្រឿង និងគ្រឿងបន្លាស់ម៉ូតូ ៣៧គ្រឿង៕ដោយ៖ សិរី នាគ

Check Also

ចោរលួចទូរស័ព្ទម្នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ!

Leave a Reply

Your email address will not be published. Required fields are marked *