Breaking News

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បូកសរុបការងាររៀបចំធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍ធំៗចំនួន២​ ពីថ្ងៃទី១៧-ថ្ងៃទី២២​ ខែកញ្ញានេះ

ភ្នំពេញ៖ ក្នុងគោលបំណងដើម្បីបូកសរុបលទ្ធផលការងាររៀបចំធ្វើជាម្ចាស់ផ្ទះ និង ទទួលការណែនាំសម្រេចពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជាលើកិច្ចការមួយចំនួនទៀតដែលត្រូវអនុវត្តបន្ត តាមរបៀបវារៈដូចជាត្រួតពិនិត្យការងាររៀបចំជាម្ចាស់ផ្ទះនៃកិច្ចប្រជុំថ្នាក់ដឹកនាំ និងវេទិកាយុវជន ព្រមទាំងពិភាក្សា និងគោរពសុំការណែនាំសម្រេចពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន រួមនិងផ្សេងៗទៀត កាកបាទក្រហមកម្ពុជាបានបើកកិច្ចប្រជុំបូកសរុបការងារគណៈកម្មការ និងអនុគណៈកម្មការរៀបចំកិច្ចប្រជុំថ្នាក់ដឹកនាំលើកទី២០ និងវេទិកាយុវជនលើកទី២នៃសមាគមជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ភូមិភាគអាស៊ីអាគ្នេយ៍ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជាក្នុងរាជធានីភ្នំពេញ នាថ្ងៃចន្ទ ទី១១ ខែកញ្ញា ឆ្នាំ២០២៣ ។

បន្ទាប់ពីបានស្តាប់របាយការណ៍លោកជំទាវ អ៊ុក ម៉ាលី អគ្គហេរញ្ញិក និងលោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ ជម្រាបជូនពីវឌ្ឍនភាពការងាររបស់គណៈកម្មការ និងអនុគណៈកម្មការ ព្រមទាំងបានជម្រាបជូនពីរបៀបវារៈ និងដំណើរការរៀបចំកម្មវិធិដែលនឹងត្រូវមានក្នុងកិច្ចប្រជុំថ្នាក់ដឹកនាំលើកទី២០ និងវេទិកាយុវជនលើកទី២នៃសមាគមជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ភូមិភាគអាស៊ីអាគ្នេយ៍យ៉ាងលំអិត និងក្បោះក្បាយរួចមក សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានថ្លែងអំណរគុណដល់មន្ត្រី និងក្រុមការងារនៃគណៈកម្មការ និងអនុគណៈកម្មការទាំងអស់​ទន្ទឹមនេះសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក៏បានណែនាំ និងផ្តល់អនុសាសន៍ដល់គណៈកម្មការ និងអនុគណៈកម្មការបន្តខិតខំប្រឹងប្រែងដោយការទទួលខុសត្រូវខ្ពស់ចំពោះចំណុចសេសសល់​ ជាពិសេសត្រូវក្តាប់ឲ្យជាប់ការងារដើម្បីឲ្យការធ្វើជាម្ចាស់ផ្ទះនៅជុំទី៣នេះប្រព្រឹត្តទៅទទួលបានលទ្ធផលល្អប្រសើរ ដែលជាកិត្តិនាម​ និងកិត្យានុភាពរបស់កាកបាទក្រហមកម្ពុជា​ផង​ និងប្រទេសកម្ពុជាផងទាំងក្នុងតំបន់​ និងពិភពលោក​ ។

សូមជម្រាបថា ៖ សម្រាប់កិច្ចប្រជុំថ្នាក់ដឹកនាំលើកទី២០ និងវេទិកាយុវជនលើកទី២នៃសមាគមជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ភូមិភាគអាស៊ីអាគ្នេយ៍ ដែលកាកបាទក្រហមកម្ពុជាធ្វើជាម្ចាស់ផ្ទះនេះនឹងប្រព្រឹត្តទៅពីថ្ងៃទី១៧ ដល់ ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣ ក្នុងនោះវេទិកាយុវជនលើកទី២ ប្រព្រឹត្តទៅពីថ្ងៃទី១៧ ដល់ថ្ងៃទី២០ ខែកញ្ញាដែលមានប្រតិភូយុវជនមកពីសមាគមជាតិទាំង១១ប្រទេស មន្ត្រីសម្របសម្រួលមកពីសហព័ន្ធអន្តរជាតិ និងយុវជនកាកបាទក្រហមកម្ពុជា ជាអិល.អូ ( ជួយសម្រួលទំនាក់ទំនងទូទៅជូនគណៈប្រតិភូមកពីសមាគមជាតិនីមួយៗ ) ។ ដោយផ្តោតសំខាន់លើការកសាងសមត្ថភាពនៃការប្រាស្រ័យទាក់ទង និងដោះស្រាយបញ្ហាយុវជនដោយប្រើបច្ចេកវិទ្យាឌីជីថល និងវេទិកាផ្សេងៗដោយការអនុវត្តវិធីសាស្ត្រច្នៃរកដំណោះស្រាយថ្មីក្នុងការងារមនុស្សធម៌ ជាមួយគ្នានេះក៏មានគម្រោងដាំដើមឈើ២,០០០ ( ពីរពាន់ ) ដើម នៅមជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនា ក្នុងឧទ្យានជាតិសុរាម្រឹតព្រះកុសុមៈគិរីរម្យ ក្រោមកិច្ចហការជាមួយក្រសួងបរិស្ថាន ក្រសួងកសិកម្ម និងមជ្ឈមណ្ឌល ។

ចំណែកឯកិច្ចប្រជុំថ្នាក់ដឹកនាំលើកទី២០ គឺប្រព្រឹត្តទៅពីថ្ងៃទី២១ ដល់ ថ្ងៃទី២២ ខែកញ្ញា ដែលជាការប្រជុំថ្នាក់ដឹកនាំសមាគមជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ក្នុងភូមិភាគអាស៊ីអាគ្នេយ៍១១ប្រទេស៖

១.កាកបាទក្រហមកម្ពុជា

២.អឌ្ឍចន្ទក្រហមព្រុយណេ

៣.កាកបាទក្រហមឡាវ

៤.កាកបាទក្រហមថៃ

៥.កាកបាទក្រហមមីយ៉ាន់ម៉ា

៦.កាកបាទក្រហមវៀតណាម

៧.កាកបាទក្រហមឥណ្ឌូនេស៊ី

៨.កាកបាទក្រហមសឹង្ហបុរី

៩.អឌ្ឍចន្ទម៉ាឡាស៊ី

១០.កាកបាទក្រហមហ្វីលីពីន

១១. កាកបាទក្រហមទីម័រខាងកើត និងសហព័ន្ធអន្តរជាតិនៃសមាគមកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ព្រមទាំង គណៈកម្មាធិការអន្តរជាតិកាកបាទក្រហម៕SRN

Check Also

ទីបំផុត! តារាចម្រៀងរ៉េប Vanthan បានសម្រេចចិត្តប្តឹងនារីម្នាក់ ដែលបានចោទប្រកាន់ថាបានបៀតបៀនផ្លូវភេទ និងចម្លងជំងឺដ៏កាចសាហាវដល់នាង ទៅស្ថាប័នតុលាការ ដើម្បីបញ្ជាក់ភាពស្អាតស្អំរបស់ខ្លួន

Leave a Reply

Your email address will not be published. Required fields are marked *