ភ្នំពេញ៖ បុរសចំណាស់ម្នាក់អង្គុយក្នុងផ្ទះ បានយកជំពាមកៅស៊ូគ្រាប់ឃ្លីដែកសំងំចាំបាញ់កុមារីម្នាក់ ដែលកំពុងរត់លេងជាមួយក្មេងៗផ្សេងទៀតមបណ្ដាលឲ្យរងរបួសក្រោមភ្នែកខាងស្តាំយ៉ាងដំណុំ សង្ស័យជាករណីខឹងកុមារីរូបនោះ ឈ្លោះគ្នាជាមួយចៅស្រីគាត់។ ករណីនេះបានកេីតឡេីងកាលពីម៉ោង៦:៣០នាទីល្ងាច ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣ នៅផ្លូវបេតុង ភូមិ១៦ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
បុរសចំណាស់ជាជនសង្ស័យឈ្មោះ ង្វៀង ចាំងងី ហៅ ហេង ផល្លា អាយុ៦៣ឆ្នាំ ជនជាតិវៀតណាម ស្នាក់នៅផ្ទះកេីតហេតុខាងលើ មុខរបរនៅផ្ទះ។
ប្រភពពីអាណាព្យាបាលកុមារីរងគ្រោះ បានឱ្យដឹងថា គាត់ជាអ្នករស់នៅភូមិជាមួយគ្នាជាមួយបុរសចំណាស់ខាងលេី ប៉ុន្តែមិនធ្លាប់មានជម្លោះនឹងគ្នាឡើយ។ ប៉ុន្ដែប្រមាណជា៥ខែកន្លងទៅ កុមារីរងគ្រោះ និងចៅស្រីបុរសចំណាស់ខាងលេី បានលេងជាមួយគ្នា ហើយឈ្លោះគ្នារវាងក្មេងនិងក្មេង មិនរាលដល់មនុស្សចាស់ឡេីយ បន្ទាប់មកបុរសចំណាស់រូបនោះ មិនអនុញ្ញាតឱ្យចៅស្រីគាត់ចេញមកលេងជាមួយក្មេងៗផ្សេងទៀតឡើយ។
នៅល្ងាចថ្ងៃកេីតហេតុ យោងតាមកាមេរ៉ាសុវត្ថិភាពពីផ្ទះប្រជាពលរដ្ឋនៅកន្លែងកើតហេតុ បានឃេីញសកម្មភាព ក្រុមក្មេងបានរត់ប្រលែងគ្នា ក្នុងនោះក៏មានចៅស្រីបុរសចំណាស់ខាងលេីផងដែរ។ ចំណែកកុមារីរងគ្រោះ ក៏លេងជាមួយគ្នាដែរ ប៉ុន្ដែជិះកង់ស្គីឆ្លងកាត់មុខផ្ទះបុរសចំណាស់ខាងលេីទៅវិញទៅមក។ កាមេរ៉ាសុវត្ថិភាព បានថតជាប់សកម្មភាពបុរសចំណាស់ជាជនសង្ស័យរូបនោះអង្គុយសម្ងំក្នុងផ្ទះ យកជំពាមកៅស៊ូបាញ់គ្រាប់ឃ្លីដែក សំដៅលេីកុមារីរីរងគ្រោះ ខណៈពេលដែរលកុមារីរងគ្រោះជិះស្គីឆ្លងកាត់មុខផ្ទះគាត់ ដោយបាញ់ចំនួន៣ដងទៅហើយ តែមិនត្រូវ ដោយបន្តចាំបាញ់រហូតដល់គ្រាប់ទី៤ ក៏ត្រូវកុមារីរងគ្រោះចំក្រោមភ្នែកខាងឆ្វេង ធ្លុះសាច់រងរបួស ត្រូវបានអាណាព្យាបាលបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។
នៅល្ងាចថ្ងៃកេីតហេតុនោះ អាណាព្យាបាលកុមារីរងគ្រោះបានប្រមូលបានវត្ថុតាង គ្រាប់ឃ្លីដែកចំនួន៣គ្រាប់ មកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្រះចក។ បន្ទាប់ពីទទួលពាក្យបណ្ដឹង សមត្ថកិច្ចបានចុះទៅស្រាវជ្រាវ និងធ្វើកំណត់ហេតុ ប្រមូលភស្តុតាងរហូតដល់រសៀលថ្ងៃទី១២ ខែកញ្ញា សមត្ថកិច្ចបានឃាត់ខ្លួនបុរសចំណាស់រូបនោះនាំមកកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលស្រះចកចាត់ការបន្តតាមនិតិវិធី។
នៅចំពោះមុខសមត្ថកិច្ច បុរសចំណាស់ខាងលេី បានឆ្លេីយបដិសេធថាមិនបានធ្វើ ទាំងកាមេរ៉ាសុវត្ថិភាពថតជាប់សកម្មភាពគាត់ស្តែងៗទៅហេីយ៕