Breaking News

រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ កម្ពុជាដើរតួនាទីដ៏សំខាន់ក្នុងតំបន់អាស៊ាន និងអន្តរជាតិ ក្នុងក្របខ័ណ្ឌ​សេដ្ឋកិច្ច និងនយោបាយ ខណៈសម្ដេច ហ៊ុន ម៉ាណែត ​គ្រោងទស្សនកិច្ចនៅចិន

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានលើកឡើងថា កម្ពុជាកំពុងតែដើរតួនាទីយ៉ាងសំខាន់ក្នុងតំបន់អាស៊ាន និងក្នុងក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការទាំងផ្នែកសេដ្ឋកិច្ច និងនយោបាយនៅលើឆាកអន្តរជាតិ និងស្របពេលជាមួយនឹងគម្រោងដំណើរ ទស្សនកិច្ចរបស់សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ​កម្ពុជា នៅប្រទេសចិន នៅថ្ងៃទី១៤ ខែកញ្ញាខាងមុខ។

ការថ្លែងយ៉ាងដូច្នេះរបស់លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាននៅក្នុងកម្មវិធីបើក បាឋកថាស្តីពី«កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់(RCEP)៖ ទិដ្ឋភាពភូមិសាស្ត្រនយោបាយ និងភូមិសាស្ត្រសេដ្ឋកិច្ច» ដែលឧទ្ទេសនាមដោយលោកសាស្ត្រាចារ្យបណ្ឌិតសភាចារ្យ សុក ស៊ីផាន់ណា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស នាថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣ នៅទីស្ដីការក្រសួងព័ត៌មាន។

«កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ ឬហៅកាត់តាមភាសាអង់គ្លេសថា «RCEP» មានសារៈសំខាន់ខ្លាំងណាស់សម្រាប់ប្រទេសកម្ពុជាយើង ដែលសាធារណជនទូទៅ ជាពិសេស ពាណិជ្ជករ និងអ្នកវិនិយោគទាំងជាតិនិងអន្តរជាតិ ចាំបាច់ត្រូវយល់ដឹងអំពីយុទ្ធសាស្តក្នុងការទាញយកអត្ថប្រយោជន៍នៃកិច្ចព្រមព្រៀងនេះ»។ នេះជាប្រសាសន៍របស់​រដ្ឋមន្ត្រីក្រសួងព័ត៌មាន ​នេត្រ ភក្ត្រា។

​ជាមួយគ្នានេះ ​រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានជំរុញដល់អ្នកសារព័ត៌មាន ​នាំយកនូវដំណឹងទាំងអស់នេះដើម្បីផ្សព្វផ្សាយបន្តជូនដល់សាធារណជន។ លោកថាទស្សនាទាននៃកិច្ចព្រមព្រៀងនេះត្រូវបានផ្តួចផ្តើមឡើងនៅអំឡុងពេលនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី១៩ នៅខែវិច្ឆិកា ឆ្នាំ២០១១ ហើយមួយឆ្នាំបន្ទាប់មក ត្រូវបានលើកយកមកពិភាក្សានៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី២១ នៅខែវិច្ឆិកា ឆ្នាំ២០១២ នៅរាជធានីភ្នំពេញ។

រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានគូសបញ្ជាក់ថា ការសម្រេចបាននូវកិច្ចព្រមព្រៀងដ៏ធំមហិមាមួយនេះ បានបង្ហាញយ៉ាងច្បាស់ពីការវិលត្រឡប់មកវិញនូវពហុភាគីនិយម ដោយបង្ហាញពីការប្តេជ្ញាចិត្តរបស់តំបន់អាស៊ីប៉ាស៊ីហ្វិកក្នុងការចូលរួម និងលើកកម្ពស់ការធ្វើពាណិជ្ជកម្មដោយសេរីនិងការប្រាស្រ័យទាក់ទងគ្នាទៅវិញទៅមកកាន់តែជិតស្និទ្ធ ដើម្បីជំរុញការងើបឡើងវិញនៃសេដ្ឋកិច្ចសកលនៅក្រោយវិបត្តិនៃជំងឺកូវីដ-១៩។ ដូច្នេះ ការយល់ច្បាស់គោលបំណងអំពីកិច្ចព្រមព្រៀងនេះ នឹងជួយឲ្យបណ្ដាវិនិយោគិន និងក្រុមហ៊ុនក្នុងស្រុករបស់កម្ពុជា អាចអភិវឌ្ឍន៍ខ្លួនស្របតាមការវិវឌ្ឍនៃសភាពការណ៍នៅលើសកលលោក និងបង្កើននូវភាពប្រកួតប្រជែងរបស់ខ្លួន។

​ទន្ទឹមនឹងនេះ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានថ្លែង​ថា សក្តានុពលទាំងឡាយដែលកើតចេញពីកិច្ចព្រមព្រៀង RCEP នៅក្នុងដំណាក់កាលនៃការស្ដារឡើងវិញក្រោយវិបត្តិកូវីដ-១៩នេះ ពិតជាមានសារៈសំខាន់ជាសារវន្តសម្រាប់កម្ពុជា តាមរយៈការពន្លឿនដំណើរការឧស្សាហូបនីយកម្ម និងឌីជីថលូបនីយកម្ម និងការផលិតដែលមានលក្ខណៈវៃឆ្លាតនានា ដោយជំរុញនិងពង្រឹងសក្តានុពលវិស័យឧស្សាហកម្ម បច្ចេកវិទ្យាក្នុងស្រុកឲ្យក្លាយជាផ្នែកមួយនៃខ្សែច្រវាក់ផលិតកម្មក្នុងតំបន់ សម្រាប់គោលដៅរួមក្នុងការនាំកម្ពុជាឈានឆ្ពោះទៅសម្រេចបាននូវចក្ខុវិស័យដើម្បីក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០និងមានចំណូលខ្ពស់នៅឆ្នាំ២០៥០។

ក្នុងឱកាសនេះដែរ លោក សុក ស៊ីផាន់ណា ​​បាន​បញ្ជាក់​ថា កិច្ចព្រមព្រៀង RCEP ជា​កិច្ច​ព្រមព្រៀង​ធំ​បំផុត​នៅ​ក្នុង​តំបន់​និង​ធំ​លំដាប់​ទី ២ បន្ទាប់​ពី​កិច្ច​ព្រមព្រៀង WTO។

​សេដ្ឋកិច្ច​វិទូរូបនេះ​ បានលើកឡើងថា កម្ពុជា​ជា​សមាជិក​មួយ​នៅ​ក្នុង​កិច្ច​ព្រមព្រៀង RCEP ដែល​មាន ១០ ប្រទេស​ក្នុង​អាស៊ាន​រួម​ទាំង​ប្រទេស ៥ ទៀត មាន​ ចិន ជប៉ុន កូរ៉េ នូវែលសេឡង់ និង​អូស្ត្រាលី។ លោកថា​ប្រយោជន៍​ដែល​កម្ពុជា​អាច​ទាញ​បាន​ពី​ការ​ក្លាយ​ជា​សមាជិក​កិច្ចព្រមព្រៀង RCEP ដែល​អាច​ពង្រីក​ទីផ្សារ​នាំ​ចេញ​កាន់​តែ​ទូលំទូលាយ​​គ្រប់​ដណ្តប់​​ទីផ្សារ​អ្នក​ប្រើប្រាស់​ជាង​​ ២,២ ពាន់​លាន​នាក់​ជាមួយ​ទំហំ​ពាណិជ្ជកម្ម​ដោះដូរ​ជាង ២៦ ទ្រីលាន​ដុល្លារអាម៉េរិក។

នៅ​ក្នុង​រយៈ​ពេល ១០ ទៅ ២០ ឆ្នាំ​ទៀត​កម្ពុជា​អាច​ពឹងផ្អែក​លើ​កិច្ចព្រមព្រៀង RCEP នេះ តាមរយៈកំណើន​ការ​វិនិយោគ​ដោយផ្ទាល់​ពីបរទេស ហើយ​ទំនិញ​ពី​កម្ពុជា​អាច​ផលិត​នាំ​ចេញ​ទៅ​​ប្រទេស​ដែល​ជា​សមាជិក​ក្នុង​កិច្ចព្រមព្រៀងនេះ។ នេះជាការបញ្ជាក់របស់​លោក ​សុក ស៊ីផាន់ណា​៕

Check Also

ទីបំផុត! តារាចម្រៀងរ៉េប Vanthan បានសម្រេចចិត្តប្តឹងនារីម្នាក់ ដែលបានចោទប្រកាន់ថាបានបៀតបៀនផ្លូវភេទ និងចម្លងជំងឺដ៏កាចសាហាវដល់នាង ទៅស្ថាប័នតុលាការ ដើម្បីបញ្ជាក់ភាពស្អាតស្អំរបស់ខ្លួន

Leave a Reply

Your email address will not be published. Required fields are marked *