Breaking News

ឯកឧត្តម គួច ចំរើន៖ ចូលទៅមន្ទីរ អង្គភាពណាមួយ ឬចូលសាលាខេត្ត សាលាក្រុង/ស្រុក សាលាឃុំ/ សង្កាត់ ត្រូវបង្ហាញប័ណ្ណចាក់វ៉ាក់សាំងជាមុនទើបអនុញ្ញាតឱ្យចូល

ព្រះសីហនុ៖នៅរសៀលថ្ងៃចន្ទ ១១កើត ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃចន្ទទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១ រដ្ឋបាលខេត្តព្រះសីហនុ បានបើកកិច្ចប្រជុំ ស្តីពីការអនុវត្តវិធានសុវត្ថិភាពទេសចរ (SOP) ដើម្បីត្រៀមលក្ខណៈទទួលទេសចរបរទេសវ៉ាក់សាំង ក្រោមអធិបតីភាពឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ តាមប្រព័ន្ធ Zoom Meeting មានក្រុង ស្រុកទាំង៥ ចូលរួម និងអង្គភាពពាក់ពន្ធនានាក្នុងខេត្តព្រះសីហនុ ។

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានមានប្រសាសន៍ថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវវិធានការថ្មីៗបន្ថែមទៀត ដោយអនុញ្ញាតឱ្យរាជធានី ខេត្ត នៃព្រះរាជាណាចក្រកម្ពុជា ទទួលភ្ញៀវទេសចរវ៉ាក់សាំង ហើយការបើកឱ្យទទួលភ្ញៀវទេសចរវ៉ាក់សាំង គឺដើម្បីបើកសេដ្ឋកិច្ចសង្គមឡើងវិញ បន្ទាប់ពីជំងឺកូវីដ-១៩ មានការថយចុះ ។    ឯកឧត្តម អភិបាលខេត្តបានបន្តថា រាជរដ្ឋាភិបាលអនុញ្ញាតឱ្យអ្នកដំណើរចូលមកកម្ពុជា តាមផ្លូវអាកាស ផ្លូវទឹក និងផ្លូវគោក ដោយមិនតម្រូវឱ្យធ្វើចត្តាឡីស័កទៀតទេ គឺគ្រាន់តែ តម្រូវឱ្យធ្វើតេស្តរហ័ស ឬតេស្ត PCR។ ដោយឡែកចំពោះអ្នករត់តាក់ស៊ីដឹកភ្ញៀវនៅតាមព្រលានយន្តហោះ ក៏ត្រូវមានប័ណ្ណចាក់វ៉ាក់សាំង បើមិនមានប័ណ្ណចាក់វ៉ាក់សាំង មិនអនុញ្ញាត ឱ្យចូលអាកាសយានដ្ឋានអន្តរជាតិឡើយ ហើយអាកាសយានដ្ឋានអន្តរជាតិ ត្រូវគ្រប់គ្រងអ្នករត់តាក់ស៊ីឱ្យបានត្រឹមត្រូវ ដើម្បីចៀសវាងការដណ្តើមភ្ញៀវគ្នានាំឱ្យបាត់បង់សណ្តាប់ធ្នាប់។ ដោយឡែកចំពោះភ្ញៀវទេសចរចូលតាមផ្លូវទឹក មុនពេលចុះពីលើនាវាត្រូវធ្វើតេស្តរកមេរោគកូវីដ-១៩ ជាមុនសិន ។ ដូច្នេះត្រូវជូនដំណឹងមករដ្ឋបាលខេត្ត ដើម្បីងាយស្រួលត្រៀមក្រុមគ្រូពេទ្យចុះយកសំណាកពីភ្ញៀវបានទាន់ពេលវេលា ។

ជាមួយគ្នានេះរាជរដ្ឋាភិបាល ក៏អនុញ្ញាតឱ្យញែកភ្ញៀវទេសចរជាពីរ ដោយ ទី១-ភ្ញៀវទេសចរដែលបានចាក់វ៉ាក់សាំងគ្រប់ដូស អនុញ្ញាតឱ្យគាត់ធ្វើតេស្តរហ័ស ដោយមិនចាំបាច់ធ្វើចត្តាឡីស័ក។ ទី២-ចំពោះភ្ញៀវមិនទាន់ចាក់វ៉ាក់សាំងចូលមកកម្ពុជា តម្រូវឱ្យពួកគាត់ធ្វើតេស្ត PCR ពីរលើក និងធ្វើចត្តាឡីស័ក ១៤ថ្ងៃ ទើបអនុញ្ញាតឱ្យគាត់ធ្វើដំណើរកម្សាន្តបាន ។

ឯកឧត្តម អភិបាលខេត្ត បានប្រកាសជូនសាធារណជន ដែលមិនមានឯកសារចាក់វ៉ាក់សាំង សូមទៅកាន់សាលាឃុំ-សង្កាត់ ឱ្យអាជ្ញាធរបញ្ជាក់លិខិតជូន ដើម្បីមានឯកសារគ្រប់គ្រាន់ក្នុងការចាក់វ៉ាក់សាំងបានទាន់ពេលវេលា ។ ប្រសិនប្រជាពលរដ្ឋ ឬភ្ញៀវទេសចរណាមិនបានចាក់វ៉ាក់សាំង ត្រូវមានលិខិតបញ្ជាក់សុខភាព ពីក្រុមគ្រូពេទ្យទើបអនុញ្ញាតឱ្យចូល។   ឯកឧត្តម អភិបាលខេត្ត ក៏បានណែនាំដល់ប្រធានមន្ទីរ អង្គភាពទាំងអស់ត្រូវចាប់ផ្តើមអនុវត្តន៍ ដោយផ្តោតសំខាន់លើប្រជាពលរដ្ឋ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងអង្គការសង្គមស៊ីវិល ដែលត្រូវចូលទៅមន្ទីរ អង្គភាពណាមួយ ឬចូលសាលាខេត្ត សាលាក្រុង ស្រុក សាលាឃុំ សង្កាត់ ត្រូវបង្ហាញប័ណ្ណចាក់វ៉ាក់សាំងជាមុនទើបអនុញ្ញាតឱ្យចូល។ យើងចាប់ផ្តើមត្រួតពិនិត្យប័ណ្ណចាក់វ៉ាក់សាំង ដើម្បីបង្ការការឆ្លងជំងឺកូវីដ-១៩ ក្នុងសហគមន៍ ៕ដោយ៖ សិរី នាគ

 

Check Also

ទីបំផុត! តារាចម្រៀងរ៉េប Vanthan បានសម្រេចចិត្តប្តឹងនារីម្នាក់ ដែលបានចោទប្រកាន់ថាបានបៀតបៀនផ្លូវភេទ និងចម្លងជំងឺដ៏កាចសាហាវដល់នាង ទៅស្ថាប័នតុលាការ ដើម្បីបញ្ជាក់ភាពស្អាតស្អំរបស់ខ្លួន

Leave a Reply

Your email address will not be published. Required fields are marked *