ក្រចេះ៖ កម្លាំងសមត្ថកិច្ចចម្រុះមួយក្រុម មានរដ្ឋបាលព្រៃឈើ នគរបាល អាជ្ញាធរដែនដី ដែលដឹកនាំបញ្ជាផ្ទាល់ លោក រ៉ា បូរ៉ាន់ឌី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តក្រចេះ បានចុះឆែកឆេររកឃើញវត្ថុតាងសត្វព្រៃជាច្រើនប្រភេទ មានដូចជា សត្វត្រកួត ជ្រូកព្រៃ និងក្របីព្រៃ កាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣។ ក្នុងប្រតិបត្តិការនេះបានឃាត់ខ្លួនបានម្ចាស់ហាងម្នាក់ឈ្មោះ ចក់ ចែម ភេទប្រុស ត្រូវជាប្តី និងប្រពន្ធឈ្មោះ សុខ ខឿន រត់គេចខ្លួនបាត់ ដែលជាម្ចាស់ហាងបាយ និងជាមេឈ្មួញសត្វព្រៃរាប់ឆ្នាំមកហើយ។
សមត្ថកិច្ច បានបញ្ជាក់ថា ហាងបាយមួយកន្លែងដែលសមត្ថកិច្ចចុះឆែកឆេរនេះ ស្ថិតនៅភូមិស្រែត្រែង ឃុំក្បាលដំរី ស្រុកអូគ្រៀងសែនជ័យ ខេត្តក្រចេះ។ ហាងមួយនេះដែលគេដឹងគ្រប់ៗគ្នាថា ជាហាងបាយលក់សត្វព្រៃ។ សមត្ថកិច្ចរកឃើញ សត្វត្រកួតចំនួន ៥ក្បាល ទម្ងន់ ៧គីឡូក្រាម, សាច់ជ្រូកព្រៃចំនួន ៤០គីឡូក្រាម និងសាច់ក្របីព្រៃចំនួន ១០គីឡូក្រាម។ វត្ថុតាងសត្វព្រៃត្រូវបានដុតបំផ្លាញចោល ចំណែកឈ្មួញសត្វព្រៃឈ្មោះ ចក់ ចែម ត្រូវបានតុលាការឃុំខ្លនតាមនីតិវិធី រីឯប្រពន្ធឈ្មោះ សុខ ឃឿន ដែលជាជនដៃដល់ខ្វាច និងយកដុំថ្មគប់ទៅលើសមត្ថកិច្ចបានរត់គេចខ្លួន។
នេះបើយោងតាមប្រភពប្រជាពលរដ្ឋនៅតំបន់នោះ បានឲ្យដឹងថា ហាងបាយមួយកន្លែងនោះ លក់បាយម្ហូបសត្វព្រៃ និងលក់សត្វយូរឆ្នាំមកហើយ មិនដែលឃើញមានសមត្ថកិច្ចខាងណាចុះបង្ក្រាបនោះឡើយ ហើយការចុះបង្ក្រាបនេះគឺជាលើកទី១៕SRN