ភ្នំពេញ៖ នេះបើយោងតាមសេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋនៅតំបន់ភូមិភ្នំដែក ឃុំរមណីយ ស្រុករវៀង ខេត្តព្រះវិហារ នោះ រាយការណ៍ជូនអង្គភាពសារព័ត៍មានក្នុងស្រុកមួយនៅរសៀលថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣នេះយ៉ាងដូច្នេះថា៖ យ៉ាងហោចណាស់ក៏មានគ្រឿងចាក់ចំនួន ២គ្រឿង អាប៊ុល១គ្រឿង និងអេស្កាវេទ័រ ១គ្រឿង បានធ្វើសកម្មភាពឈូសឆាយ ជាលក្ខណៈទ្រង់ទ្រាយធំ ទៅលើដីព្រៃឈើ រុក្ខាទិវារបស់រដ្ឋបាលព្រៃឈើនេះ។
សេចក្ដីរាយការណ៍ដដែល បានបញ្ជាក់ថា៖ អ្នកដែលធ្វើសកម្មភាព ឈ្មោះ (សិលា) មេការ ក្រុមហ៊ុន គ្លូប៊ល ហ្គី្រន (ខេមបូឌា) អេនើជី ឌីវេឡុបមេន ។ ប៉ុន្តែគេពុំដឹងថាសកម្មភាពបែបនេះ មានច្បាប់អនុញ្ញាត ឬកំពុងតែបំពាន បំផ្លាញ ព្រៃឈើដែលបានដាំដុះ ដោយអង្គភាពរដ្ឋបាលព្រៃឈើខេត្តព្រះវិហារ ក្រោមការចុងផ្ដើមពីក្រសួងកសិកម្មរុក្ខា ប្រមាញ់ និងនេសាទនោះ។
ពាក់ព័ន្ធករណីធ្វើសកម្មភាពឈូសឆាយដោយគ្រឿងចក្រ ទៅលើដីព្រៃឈើទិវារុក្ខា ដែលប្រជាពលរដ្ឋអះអាងថា មានបុគ្គលឈ្មោះ(សិលា) ជាអ្នកមើលការខុសត្រូវ និងជាមេការក្រុមហ៊ុន ប៊ល ហ្គី្រន (ខេមបូឌា) អេនើជី ឌីវេឡុបមេន , នៅល្ងាចថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣ បុគ្គលឈ្មោះ (សិលា) បានប្រាប់សារព័ត៍មានក្នុងស្រុកតាមរយៈទូរស័ព្ទ ទាំងចម្លើយគ្មានសំណួរ បានន័យថា , មិនទាន់នឹងសួរ អំពីការប្រើគ្រឿងចក្រធ្វើសកម្មភាពនៅតំបន់ខាងលើនេះផង បែរជាគាត់និយាយយ៉ាងដូច្នេះថា , ( តើបានព័ត៌មានមកពីណា , ចំពោះករណីខ្ញុំប្រើគ្រឿងចក្រឈូសឆាយនេះ ខ្ញុំធ្វើតាមតែច្បាប់ក្រុមហ៊ុនរបស់ខ្ញុំទេ ហើយខ្ញុំក៏ធ្វើជាមួយអាជ្ញាធរ និងសមត្ថកិច្ចនៅទីនេះ ។ ក្រោយមកលោក(សិលា) រូបនេះក៏បិទទូរសព្ទតែម្ដង។
ជុំវិញករណីនេះដែរ លោក ហោ ប៊ុនហួរ អភិបាល នៃគណៈអភិបាលស្រុករវៀង ខេត្តព្រះវិហារ បានប្រាប់អង្គភាពសារព័ត៍មានក្នុងស្រុកដែរថា៖” ខ្ញុំដូចជាពុំទាន់បានដឹងរឿងនេះនៅឡើយទេ ! ចំពោះពាក់ព័ន្ធដែលសួរថាតើមានច្បាប់អនុញ្ញាតដែរឬទេ ? លោកអភិបាលស្រុកបានបញ្ជាក់ថា, បើចង់ដឹងច្បាស់មកស្រុកមក , …! ពីព្រោះខ្ញុំក៏ពុំបានដឹងអំពីបញ្ហានេះទាំងអស់ “។
ដោយឡែកលោក អ៊ុង វុទ្ធី អភិបាលស្ដីទី ខេត្តព្រះវិហារ តាមទូរសព្ទ ពាក់ព័ន្ធនឹងសកម្មភាពខាងលើនេះលោកបានបញ្ជាក់ថា, ខ្ញុំអត់ទាន់ ដឹងរឿងនេះ និងទទួលព័ត៌មាននៅឡើយទេ ថាមានការឈូសឆាយនោះ ។ លោកបានបន្តថា, យកល្អអាចសួរទៅអភិបាលស្រុក , ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ , ឬខាងរដ្ឋបាលព្រៃឈើ ពីព្រោះថាមន្ត្រីជំនាញទាំងនេះគាត់អាចដឹង ។
ចំពោះលោក ពឹង ទ្រីដា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះវិហារ អង្គភាពយេីង មិនអាចធ្វើការទំនាក់ទំនងសុំការបំភ្លឺបានទេ ខណៈទូរស័ព្ទចូលជាច្រើនលើក គ្មានអ្នកទទួល។
សូមបញ្ជាក់ថា ការធ្វើសកម្មភាពឈូសឆាយព្រៃ ជាទីតាំងរុក្ខទិវា របស់រដ្ឋបាលព្រៃឈើ ស្ថិតក្នុងភូមិភ្នំដែក ឃុំរមណីយ ស្រុករវៀង ខេត្តព្រះវិហារ ដែលមានឈ្មោះ (សីលា) មេការ ក្រុមហ៊ុន គ្លូប៊ល ហ្គី្រន (ខេមបូឌា) អេនើជី ឌីវេឡុបមេន ជាអ្នក រៀបចំគ្រប់គ្រង គ្រឿងចក្រ ដាក់ឈូសឆាយ នៅព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣ រហូតដល់ប្រជាពលរដ្ឋមានការភ្ញាក់ផ្អើល អាចជាអំពើបំពានច្បាប់ ពីព្រោះថា, កន្លែងដាំកូនឈើ ដែលគេហៅថាតំបន់ទិវារុក្ខា របស់រដ្ឋបាលព្រៃឈើ ត្រូវបានការពារ និងបន្តដាំដុះ ដែលក្រសួងកសិកម្ម យកចិត្តទុកដាក់ ក្នុងការអភិរក្ស មិនអាចឲ្យក្រុមហ៊ុនណា ឬឈ្មួញ ធ្វើសកម្មភាពឈូសឆាយ ដោយគ្មានច្បាប់អនុញ្ញាតនោះឡើយ ។
ពាក់ព័ន្ធករណីនេះដែរ លោកស្រី អុឹម រចនា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មិនអាចសុំការបំភ្លឺបានទេ ដោយទូរស័ព្ទចូលគ្មានអ្នកទទួលនៅល្ងាចថ្ងៃខែឆ្នាំមិនដែលនេះ៕SRN