ខេត្តព្រះសីហនុ៖ ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣នេះ បានបង្ហាញមុខជនជាតិចិនម្នាក់ ពាក់ព័ន្ធនឹងករណីគ្រឿងញៀននៅក្រុងព្រះសីហនុ ក្រោយឃាត់ខ្លួនយកមកសាកសួររហូតបញ្ចប់នីតិវិធី និងត្រៀមខ្លួនបញ្ជូនទៅកាន់ សាលាដំបូងខេត្តដើម្បីចាត់ការតាមច្បាប់។
នេះបើយោងតាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្ត បានឱ្យដឹងថា ដោយមានការដឹកនាំបញ្ជាពីសំណាក់លោកឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលខេត្តព្រះសីហនុ ការិយាល័យនគរបាលប្រឆាំងបទល្មើសគ្រឿងញៀននៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ជាជនជាតិចិន ពាក់ព័ន្ធនឹងករណីគ្រឿងញៀន នៅចំណុចក្រុមទី១ ភូមិ៤ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ ព្រមទាំងដកហូតវត្ថុតាងមួយចំនួន ។
ជនសង្ស័យមានឈ្មោះ XIONG QI HUI ភេទប្រុស អាយុ ៥៥ឆ្នាំ ជនជាតិ ចិន មុខរបរមិនពិតប្រាកដ ទីលំនៅបច្ចប្បន្នក្រុម១ ភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។
វត្ថុតាងដកហូតរួមមាន ៖
ម្សៅក្រាមពណ៍សថ្លា សង្សុយ័ជាសារធាតុញៀនចំនួន ០៧ កញ្ចប់ ម្សៅពណ៍ស សង្សយ័ជាសារធាតុញៀនចំនួន ០១ កញ្ចប់ ថ្នាំគ្រាប់ (WY) សង្សយ័ជាសារធាតុញៀន ចំនួន ១៦ គ្រាប់ ទូរសព្ទ័ដៃចំនួន ០២ គ្រឿង ជញ្ជីងថ្លឹងគ្រឿងញៀន ០១ គ្រឿង នាឡិកាដៃ ០១ គ្រឿង ម៉ូតូ ០១ គ្រឿង លិខិតឆ្លងដែន ០១ ក្បាល ឧបករណ៍ប្រេីប្រាស់ និងសម្ភារៈវេចខ្ចប់មួយចំនួន ។
បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានឃាត់ខ្លួននៅស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុដើម្បីសាកសួរ និងបន្ដនីតិវិធី ៕SRN