Breaking News

លោក តាន់ ហ្សង់ហ្វ្រង់ស័រ៖ ទំនាក់ទំនងកម្ពុជា-អាមេរិក កាន់តែប្រសើរឡើង បើមានប្រយោជន៍រួម

ភ្នំពេញ៖ ក្នុងសន្និសីទសារព័ត៌មាន នៅព្រឹកថ្ងៃទី២៥ ខែកញ្ញានេះ លោក តាន់ ហ្សង់ហ្វ្រង់ស័រ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានលើកឡើងថា ទំនាក់ទំនងរវាងកម្ពុជា និងមហាអំណាចអាមេរិក មានភាពល្អប្រសើរជាលំដាប់។ ប៉ុន្តែ លោក បានបញ្ជាក់ថា ដើម្បីធ្វើឱ្យទំនាក់ទំនងប្រទេសទាំងពីរកាន់តែរឹងមាំថែមទៀត ទាល់តែប្រទេសទាំងពីរមានផលប្រយោជន៍រួមគ្នា។

ការលើកឡើងរបស់លោក តាន់ ហ្សង់ហ្វ្រង់ស័រ បែបនេះ ក្រោយមានជំនួបរវាងសម្ដេចធិបតី ហ៊ុន ម៉ាណែត ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងអនុរដ្ឋមន្ត្រីការបរទេសអាមេរិក លោកស្រី វ៉ិចតូរីយ៉ា នូលែន (Victoria Nuland) ក្នុងឱកាសសម្ដេចធិបតី អញ្ជើញទៅចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិ នាទីក្រុងញូវយ៉ក កាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣។

បើតាមលោកតាន់ ហ្សង់ហ្វ្រង់ស័រ ជំនួបការងារនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកស្រីអនុរដ្ឋមន្ត្រីការបរទេសអាមេរិក សុទ្ធតែមានបង្ហាញនូវឆន្ទៈមុះមុតក្នុងការពង្រីកពង្រឹងទំនាងក់ទំនងរវាងប្រទេសទាំងពីរ កម្ពុជា-អាមេរិក ឱ្យកាន់ តែរឹងមាំ និងមានភាពប្រសើរឡើងថែមទៀត។ លោក ហ្សង់ហ្វ្រង់ស័រ បានបន្តឱ្យដឹងថា ភាគីទាំងពីរមិនទាន់បាននិយាយអំពីវិធីសាស្ត្រ ឬមធ្យោបាយណាមួយក្នុងការធ្វើឱ្យប្រទេសទាំងពីរអាចចាប់ដៃគ្នាឱ្យជាប់ ដើម្បីដើរទៅតាមទិសដៅតែមួយនោះទេ។

តែយ៉ាងណាលោក តាន់ ហ្សង់ហ្វ្រង់ស័រ បញ្ជាក់ថា ទំនាក់ទំនងរវាងប្រទេស និងប្រទេស បើមិនមានផលប្រយោជន៍រួមទេ គឺមិនអាចឈានទៅដល់គោលដៅរួមគ្នាតែមួយបានឡើយ។ លោក លើកឡើងដូច្នេះថា៖ «គួរមានសុទិដ្ឋិនិយមចំពោះទំនាក់ទំនងរវាងកម្ពុជា និងអាមេរិក ព្រោះកម្ពុជា ជាប្រទេសតូចខ្សោយ ខណៈសហរដ្ឋអាមេរិក ជាកំពូលមហាអំណាច ដូច្នេះ កម្ពុជា និងអាមេរិក អាចត្រូវរ៉ូវគ្នា ចាប់ដៃគ្នារលាក់យ៉ាងកក់ក្ដៅបាន នៅពេលណាដែលមានប្រយោជន៍រួមគ្នា»។

លោកបន្តថា ទំនាក់ទំនងរវាងប្រទេស និងប្រទេស ជាពិសេសទំនាក់ទំនងជាមួយប្រទេសមហាអំណាចមួយ ហើយកម្ពុជា ជាប្រទេសតូចផងនោះ គេសំលឹងមើលមិនឃើញទេ។ ត្រង់ន័យនេះ លោក ហ្សង់ហ្វ្រង់ស័រ បានបញ្ជាក់ថា ការផ្ដល់ផលប្រយោជន៍រួមគ្នានេះ គឺសំដៅដល់ទំនាក់ទំនងពាណិជ្ជកម្ម សេដ្ឋកិច្ច ឬផលប្រយោជន៍ភូមិសាស្ត្រនយោបាយ និងទំនាក់ទំនងនយោបាយរវាងប្រទេសទាំងពីរ។ ដូច្នេះ ជាគោលដៅទៅមុខ កម្ពុជានឹងខិតខំធ្វើយ៉ាងណាទាក់ទាញវិនិយោគិនអាមេរិកឱ្យមកបណ្ដាក់ទុនរកស៊ីនៅកម្ពុជាកាន់តែច្រើនថែមទៀត។

បើតាមមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលរូបនេះ មកទល់ពេលនេះ កម្ពុជា និងសហរដ្ឋអាមេរិក មានទំនាក់ទំនងពាណិជ្ជកម្មល្អដោយកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំងពីរ នៅក្នុងឆ្នាំ២០២២ កន្លងទៅនេះ មានប្រមាណជាង ១៣,៥ ប៊ីលានដុល្លារ។ លោក ចាត់ទុកទំនាក់ទំនងពាណិជ្ជកម្មរវាងកម្ពុជា-អាមេរិក ក្នុងពេលនេះមានទំហំធំ ដែលនេះហើយជាកត្តាកំណត់អាចជំរុញឱ្យទំនាក់ទំនងរវាងប្រទេសទាំងពីរបោះពួយទៅមុខកាន់តែលឿន និងរីកចម្រើន៕SRN

 

Check Also

ក្នុងរយៈពេល៩ខែ នាឆ្នាំ២០២៤នេះ ក្រុមការងារតាមដានអំពីការដោះស្រាយ ចំពោះមតិយោបល់ឬសំណូមពររបស់បងប្អូនប្រជាពលរដ្ឋ ក្នុងទំព័រហ្វេសប៊ុក លោកអភិសន្តិបណ្ឌិត ស សុខា និងសម្តេចក្រឡាហោម ស ខេង ចំនួន ៥៨២គណនី

Leave a Reply

Your email address will not be published. Required fields are marked *