Breaking News

យកផលិតផល ខូចគុណភាពលក់ឲ្យភ្ញៀវ ពេលភ្ញៀវសួរនាំឡាយជេរផ្អើលបណ្តាញសង្គមហ្វេសប៊ុក

ភ្នំពេញ៖ អ្នកលក់ផលិផលតាមអនឡាញចំនួន២នាក់រស់នៅសហរដ្ឋអាមេរិក  ក្នុងនោះមានម្នាក់ជាអ្នកលក់ឡេ និងម្នាក់ទៀតជាអ្នកលក់ត្រីងៀតបានឡាយហ្វេសប៊ុកជំទាលជេរអតិថិជនរបស់ខ្លួនកប់ៗ  មាត់ដោយប្រើនូវ ពាក្យអសុរស គ្រោតគ្រាតប្រមាថមាក់ងាយយ៉ាងខ្លាំង ក្រោយពីអតិថិជនបានសួរនាំរឿងយកផលិតផលគ្មានគុណភាពមកលក់ឲ្យខ្លួននោះ។ 

សូមបញ្ជាក់ថាវប្បធម៌នៃការជេរបញ្ចោរគ្នាតាមរយៈបណ្តាញសង្គមហ្វេសប៊ុក នៅតែបន្តកើតមានជាហូរហែរ ទោះបីគេដឹងថាការធ្វើបែបនេះវាប៉ះពាល់យ៉ាងខ្លាំងទៅដល់សេចក្តីថ្លៃថ្នូរក៏ដូចជាសិទ្ធបុគ្គលយ៉ាងណាក្តីជាពិសេស ធ្វើឲ្យប៉ះពាល់ដល់សេចក្តីថ្លៃថ្នូររបស់ស្រ្តីខ្មែរយ៉ាងធ្ងន់ធ្ងរទៀតផង ។

ជុំវិញរឿងរ៉ាវនៃការជេរបញ្ចោររបស់ស្រ្តីពីរនាក់ខាងលើនេះដែរគឺផ្តើមឡើងពីការនាំចូលផលិតផលខូចគុណភាពចែកចាយបងប្អូនខ្មែរនៅអាមេរិក ដែលទិញអស់រាប់រយរាប់ពាន់ដុល្លារ ហើយយកទៅប្រើប្រាស់មិនកើត លុះពេលសួរនាំបែរគ្មានទំនួលខុសត្រូវ និងជេរបញ្ចោរកប់ៗមាត់តែម្តង។

សូមរំលឹកថា ថ្មីៗនេះ មហាជននៅលើបណ្តាញសង្គមហ្វេសប៊ុក ទាំងក្នុងនិងក្រៅប្រទេស បានសម្តែងការហួសចិត្តយ៉ាងខ្លាំងបន្ទាប់ពីបានឃើញបងប្អូនខ្មែរនៅអាមេរិក បានចេញមុខឡាយវីដេអូទម្លាយពី ទង្វើរកស៊ីលក់ផលិតខូចគុណភាព និងគ្មានការទទួលខុសត្រូវ របស់ស្រ្តីរូបស្រស់ម្នាក់ជាអ្នករស់នៅ             អាមេរិកដូចគ្នា ដែលមានផេករបស់ខ្លួនចំនួនពីរលក់ផលិតផលខុសគ្នា ប៉ុន្តែបក្សពួកតែមួយ ។

បើតាមការឲ្យដឹងពីស្រ្តីរងគ្រោះម្នាក់ក្នុងល័ក្ខខ័ណ្ឌ សុំមិនបញ្ចេញឈ្មោះ បានប្រាប់ឲ្យដឹងថា ដោយសារតែជាមិត្តភក្តិរាប់អានគ្នា ទៅនឹងស្រ្តីម្ចាស់ផេកដែលមានឈ្មោះ Sovan SLK slk និងមួយទៀតឈ្មោះ SLK beauty products ពួកគាត់ក៏បានគាំទ្រជួយទិញផលិតផលឡេលាបមុខមួយឈុតតម្លៃ ២៨៥ ដុល្លារ ដោយបានទិញអស់រហូតដល់ទៅ ៦០០ ទៅ ៧០០ ដុល្លារឯណោះ ប៉ុន្តែ អ្វីដែលធ្វើឲ្យគាត់ខកចិត្តយ៉ាងខ្លាំងនោះ គឺថាឈុតឡេទាំងនោះខូចគុណភាពពេលលាបទៅធ្វើឲ្យខូចស្បែកមុខយ៉ាងធ្ងន់ធ្ងរ (ដូចមានជាតិកាត់ លាបទៅក្រហាយដូចម្ទេស ឡើងក្តៅខ្លាំងតែម្តង)។

ទន្ទឹមនិងនោះស្រ្តីរងគ្រោះក៏បានបង្ហាញវីដេអូ និងប្រាប់ឲ្យដឹងទៀតថា ដបឈុតទឹកសារ៉ូម បាញ់ចេញខ្មៅហួសដឺឡេ ពេលលាបបណ្តាលឲ្យខូចមុខ របក របើកខ្ទេចខ្ទីអស់ហើយ ពោលគឺស្បែកមុខស្តែងឡើងចេញសរសៃឈាមគួរឲ្យខ្លាចតែម្តង។ ហើយទឹកសារ៉ូមចេញព័ណ៌ខ្មៅហ្នឹង ពេលសួរនាំ អ្នកលក់បានប្រាប់ថា វាជា [យិនស៊ិន] តែយកមកលាបបែរជាធ្វើឲ្យខូចមុខខ្ទេចខ្ទីអស់ ខណៈនៅអាមេរិកដូចលោកអ្នកបានដឹងស្រាប់ហើយថា ទៅព្យាបាលទម្រាំបានមុខដូចដើមវិញគឺត្រូវចំណាយលុយអស់រាប់ពាន់ដុល្លារឯណោះ។

ស្រ្តីរងគ្រោះបន្តទម្លាយឲ្យដឹងទៀតថា ឡេក្លងតូចៗ ១ក្លងតម្លៃ 50$ ខ្វេះលាបតែ ២,ទៅ៣ ដង អស់ហើយ តែអ្វីដែលសំខាន់នោះ គឺលាបមិនកើតទៀត ខណៈម៉ាស់បិទមុខវិញធ្វើឲ្យរមាស់ ដោយត្រូវបង្ខំចិត្តបោះចោលក្នុងធុងសំរាមទាំងអស់។ ប៉ុន្តែ អ្វីដែលហួសចិត្តខ្លាំងនោះ គឺនៅពេលសួរនាំហេតុអ្វីផលិតផលអត់ល្អ រកស៊ីលក់ដូរបោកប្រាស់បែបនេះ ស្រាប់តែអ្នកលក់ដែលពុំមានទំនួលខុសត្រូវសម្រាប់អតិថិជន បែរជាឆ្លើយតបជាមួយការជេរបញ្ចោ ប្រមាថធ្ងន់ៗទៅភ្ញៀវសព្វគ្រប់បែបយ៉ាងទៅវិញ។

ជាក់ស្តែង តាមរយៈការ Live វីដេអូ ស្រ្តីអ្នកលក់ដែលជាអ្នកនាំយកផលិតផល ចែកចាយលក់ទៅដល់បងប្អូនខ្មែរនៅអាមេរិក បាននិយាយដោយគ្មានទំនួលខុសត្រូវយ៉ាងរំភើយថា ខ្លួនមិនមានជារោងចក្រ ផលិត មិនមែននៅក្នុងផលិតផលទាំងនោះទេ ព្រោះខ្លួនបានត្រឹមចំណាយលុយយកទៅទិញពីក្រុមហ៊ុនគេដែរ ដើម្បីយកមកចែកចាយបន្តប៉ុណ្ណោះ។ 

ទោះជាយ៉ាងណា ក្នុងនាមជាអ្នកលក់ដែលមានការទទួលខុសត្រូវខ្ពស់នោះប្រសិនបើអតិថិជនត្អូញត្អែរថា ផលិតផលប្រើមិនកើត ឬធ្វើឲ្យមានបញ្ហា គឺត្រូវតែទទួលយកការពិត និងធ្វើការឆ្លើយតបទៅកាន់អតិថិជនរបស់ខ្លួននូវពាក្យសម្តី ឲ្យបានសមរម្យ ពោលគឺនាំចូលមកពីប្រភពណា គឺត្រូវតែឲ្យប្រភពនោះជាអ្នកទទួលខុសត្រូវបន្ត មិនមែនឆ្លើយតបជាមួយការជេរបញ្ចោដ៏គ្មានតម្លៃសេចក្តីថ្លៃថ្នូរ ទៅកាន់អតិថិជន ព្រោះតែខឹងគេចោទប្រកាន់រកស៊ីចែកចាយផលិតផលគ្មានគុណភាពបែបនេះឡើយ។

ពិតណាស់ បើទោះជាស្រ្តីអ្នកលក់ខាងលើ បានអះអាងថា ផលិតផលរបស់ខ្លួននាំចូលមកអាមេរិក ត្រូវបានបង់ពន្ធត្រឹមត្រូវយ៉ាងណា ប៉ុន្តែ សម្រាប់ផលិតគ្មានគុណភាព ដែលបង្កគ្រោះថ្នាក់ដល់សុខភាពអ្នកប្រើប្រាស់ ដោយគ្មានការធានារ៉ាប់រង គឺជាអំពើខុសច្បាប់យ៉ាងធ្ងន់ធ្ងរ ពោលគឺនៅអាមេរិកមិនអាចឲ្យកើតមាននោះឡើយ។

ដោយឡែកអាខោនផេកហ្វេសប៊ុកមួយទៀតដែលមានឈ្មោះ Sareum Ro Petersen  ជាអ្នកលក់ត្រីងៀតក៏បានឡាយជេរភ្ញៀវរបស់ខ្លួន ដោយប្រើពាក្យសម្តីបែបអាសអាភាសយ៉ាងខ្លាំងផងដែរ ។

សូមបញ្ជាក់ឲ្យដឹងផងដែរថា អ្នកលក់ត្រីងៀតដែលជាម្ចាស់ផេក sareum ro Petersen ដែលបានជេរ អតិថិជនខាងលើនេះគឺបន្ទាប់ពីមាន ស្រ្តីរងគ្រោះទម្លាយឲ្យដឹងថា ក៏ជាអ្នកលក់គ្មានការទទួលខុសត្រូវ ដែលពួកគាត់បានចោទប្រកាន់ថា បានបោកប្រាស់ត្រីងៀតពីពួកគាត់អស់ជាង ៣០០០ ដុល្លារ ខណៈលក់ត្រីងៀតខូចគុណភាព (ធុំក្លិនស្អុយ) ហើយស៊ីគីឡូ ដោយក្នុង១គីឡូ បានតែ៦ខាំ ប៉ុណ្ណោះ រីឯប្រហុកវិញ គឺថាធុំក្លិនឆ្អាបខ្លាំងតែម្តង។

ជាមួយគ្នានេះ ស្រ្តីរងគ្រោះក៏សូមឲ្យបងប្អូនខ្មែរនៅក្រៅប្រទេសទាំងអស់ ឈប់បន្ត Support ទិញអ្នកលក់ដូរចែកចាយគ្មានការទទួលខុសត្រូវទាំងពីរខាងលើនេះទៀត ដើម្បីកុំឲ្យជួបរឿងដ៏ឈឺចាប់ដូចពួកគាត់ អស់លុយរាប់រាយពាន់ដុល្លារ ត្រូវខូចមុខ ផលិផតផលទិញមកប្រើប្រាស់មិនកើតហើយ ត្រូវអ្នកលក់ជេរបញ្ចោ ប្រមាថមើលងាយធ្ងន់ៗថែមទៀតផង៕SRN

 

Check Also

ទីបំផុត! តារាចម្រៀងរ៉េប Vanthan បានសម្រេចចិត្តប្តឹងនារីម្នាក់ ដែលបានចោទប្រកាន់ថាបានបៀតបៀនផ្លូវភេទ និងចម្លងជំងឺដ៏កាចសាហាវដល់នាង ទៅស្ថាប័នតុលាការ ដើម្បីបញ្ជាក់ភាពស្អាតស្អំរបស់ខ្លួន

Leave a Reply

Your email address will not be published. Required fields are marked *