Breaking News

ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ ប្រធានគណៈកម្មាធិការជាតិអេស្កាប់ បានជួបពិភាក្សាការងារជាមួយ លោក Hu Kaiqiang អគ្គនាយកកម្មវិធីពហុការងារពាណិជ្ជកម្ម និងសេដ្ឋកិច្ច សម្រាប់ប្រទេសនៃអង្គការប្រតិបត្តិការសៀងហៃ

(ឆុងឈីង, ចិន)៖  នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣ ក្នុងនាមរាជរដ្ឋាភិបាល ឯកឧត្តម បណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានគណៈកម្មាធិការជាតិអេស្កាប់ បានជួបពិភាក្សាការងារជាមួយ លោក Hu Kaiqiang អគ្គនាយកកម្មវិធីពហុការងារពាណិជ្ជកម្ម និងសេដ្ឋកិច្ច សម្រាប់ប្រទេសនៃអង្គការប្រតិបត្តិការសៀងហៃ (Trade and Economic Multifunctional Platform for Shanghai Cooperation Organization_SCO Countries) ដែលប្រព្រឹត្តិទៅនៅទីស្នាក់ការក្នុងទីក្រុងឆុងឈីង សាធារណរដ្ឋប្រជាមានិតចិន ក្នុងនោះក៏មានការចូលរួមផងដែរពីតំណាងរដ្ឋាភិបាលប្រជាជនក្រុងឆុងឈីង  និងគណៈកម្មាធិការអប់រំក្រុងឆុងឈីង។ 

ក្នុងជំនួបទ្វេភាគី ក្នុងនាមរាជរដ្ឋាភិបាល ឯកឧត្តមទេសរដ្ឋមន្រ្តី បានវាយតម្លៃខ្ពស់ចំពោះកម្មវិធីពហុការងារពាណិជ្ជកម្ម និងសេដ្ឋកិច្ចសម្រាប់ប្រទេសនៃអង្គការប្រតិបត្តិការសៀងហៃ ដែលបានបង្ហាញអំពីទស្សនវិស័យរួម គោលដៅរួម តួនាទី និងសកម្មភាពសំខាន់ៗនានា ក្នុងការចូលរួមលើកកម្ពស់ដល់ការអភិវឌ្ឍ និងការថែរក្សាសន្តិភាពសម្រាប់ប្រទេសក្នុងតំបន់ និងពិភពលោក។ តាមរយៈកម្មវិធីនេះ ប្រទេសចិន ក៏ដូចបណ្តាប្រទេសនៃអង្គការប្រតិបត្តិការសៀងហៃ នឹងក្លាយជាដៃគូមួយយ៉ាងសំខាន់ក្នុងការចូលរួមផ្តល់នូវការគាំទ្រ និងកិច្ចសហប្រតិបត្តិការដល់កិច្ចការអភិវឌ្ឍនៅកម្ពុជា ផងដែរ។

ទន្ទឹមនឹងនោះ ឯកឧត្តម ទេសរដ្ឋមន្រ្តី ក៏បានលើកឡើងអំពីចំណងមិត្តភាពជាប្រវត្តិសាស្រ្តរវាងកម្ពុជា និងចិន ហើយតាមរយៈទំនាក់ទំនងនេះ និងការបង្កើតនូវគំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវរបស់ចិន កម្ពុជា គឺជាប្រទេសមួយដែលបានទទួលផលប្រយោជន៍យ៉ាងច្រើនសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម។ ក្នុងនាមរដ្ឋាភិបាល និងប្រជាជនកម្ពុជា ឯកឧត្តមបណ្ឌិត បានសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅជូនមហាមិត្តចិន ដែលតែងតែផ្តល់ការគាំទ្រ និងចូលរួមដល់ការអភិវឌ្ឍនៅកម្ពុជាលើគ្រប់វិស័យ ហើយកម្ពុជាមានមោទនភាពក្នុងការចូលរួមជាមួយប្រទេសចិនផងដែរ។

ក្នុងនាម សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ឯកឧត្តមទេសរដ្ឋមន្រ្តី បានអញ្ជើញលោក Hu Kaiqiang ដឹកនាំគណៈប្រតិភូ និងអ្នកវិនិយោគចិន ក៏ដូចជាបណ្តាប្រទេសនៃអង្គការប្រតិបត្តិការសៀងហៃ មកស្វែងយល់អំពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា តាមពេលវេលាសមស្របណាមួយ៕ដោយ៖ សិរី នាគ

Check Also

ឯកឧត្ដម​បណ្ឌិត​ លី​ ធុជ​ អនុប្រធាន​ទី១​ អាជ្ញាធរ​មីន​ បាន​ជួប​ពិភាក្សា​ក្រៅ​ផ្លូវ​ការ​ជាមួយ​ ឯកឧត្ដម​បណ្ឌិត​ Ale Musar​ ស្វាមី​លោកជំទាវ​ប្រធានាធិបតី​នៃ​ប្រទេស​ស្លូវើនៀ

Leave a Reply

Your email address will not be published. Required fields are marked *