Breaking News

ឯកឧត្តម ទេសរដ្ឋមន្រ្តី លី ធុជ ៖ ទីក្រុងឆុងឈីង ប្រទេសចិន គឺជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ និងបានបង្កើនកិច្ចសហប្រតិបត្តិការក្នុងវិស័យអប់រំវិជ្ជាជីវៈជាមួយប្រទេសកម្ពុជា

ឆុងឈីង, ចិន៖ ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣ ក្នុងនាមសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម បណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានគណៈកម្មាធិការជាតិអេស្កាប់ បានអញ្ជើញចូលរួម និងថ្លែងសុន្ទរកថាក្នុងវេទិកាចិន(ឆុងឈីង)-អាស៊ាន ស្តីពីការអភិវឌ្ឍគុណភាព និងកិច្ចសហប្រតិបត្តិការអប់រំវិជ្ជាជីវៈ ដែលរៀបចំដោយរដ្ឋាភិបាលប្រជាជនក្រុងឆុងឈីង និងគណៈកម្មាធិការអប់រំក្រុងឆុងឈីង។ ក្នុងសុន្ទរកថាថ្លែងនោះ ឯកឧត្តមទេសរដ្ឋមន្រ្តី បានសង្កត់ធ្ងន់ថា ទីក្រុងឆុងឈីង នៃសាធារណរដ្ឋប្រជាមានិត គឺជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ និងបានបង្កើនកិច្ចសហប្រតិបត្តិការក្នុងវិស័យអប់រំវិជ្ជាជីវៈជាមួយប្រទេសកម្ពុជា។

ជាមួយគ្នានោះ ឯកឧត្តមទេសរដ្ឋមន្រ្តី បានលើកឡើង និងវាយតម្លៃខ្ពស់ថា ការរៀបចំវេទិកាចិន-អាស៊ាននេះ បានបង្ហាញអំពីកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅ និងមានវិសាលភាពទូលំទូលាយជាងមុនរវាងប្រទេសចិន និងអាស៊ានក្នុងវិស័យអប់រំ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលនឹងអាចឈានដល់ការលើកកម្ពស់ថ្មី ក្នុងការផ្លាស់ប្តូរពាណិជ្ជកម្ម វប្បធម៌ និងកិច្ចសហប្រតិបត្តិការរវាងអាស៊ាន និងទីក្រុងឆុងឈីង។

ឯកឧត្តមបណ្ឌិត បានបន្តទៀតថា ក្នុងមួយទសវត្សរ៍ចុងក្រោយនេះ ចិន និងអាស៊ាន បានរួមដៃគ្នា និងរួមចំណែកដល់ភាពជោគជ័យរបស់គ្នាទៅវិញទៅមក។ ឥឡូវនេះ អាស៊ានគឺជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់ប្រទេសចិន ហើយការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការ ក្នុងការអប់រំវិជ្ជាជីវៈបានក្លាយជាក្បាលម៉ាស៊ីនដ៏រឹងមាំ សម្រាប់ការពង្រឹងកិច្ចសហប្រតិបត្តិការជាក់ស្តែងរវាងចិន និងអាស៊ាន និងការជំរុញវឌ្ឍនភាពសេដ្ឋកិច្ចសង្គមនៅក្នុងតំបន់។ តាមរយៈការជំរុញកិច្ចសហប្រតិបត្តិការក្នុងការអប់រំវិជ្ជាជីវៈរវាងចិននិងអាស៊ាន ដែលរួមទាំងកម្ពុជាផងដែរ ប្រទេសទាំងពីរកាន់តែមានភាពស្អិតរមួត និងមានសាមគ្គីភាព ហើយការវិវត្តន៍ផ្នែកបច្ចេកវិទ្យា និងប្រព័ន្ធអប់រំរបស់ចិន គឺជាគំរូដ៏ល្អប្រសើរមួយសម្រាប់ប្រទេសទូទាំងសាកលលោក។

ឯកឧត្តមទេសរដ្ឋមន្រ្តី បានថ្លែងទៀតថា ក្នុងនាមជាសមាជិកដ៏សំខាន់មួយរបស់អាស៊ាន កម្ពុជា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងសម្តេចធីបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី តែងតែយកចិត្តទុកដាក់ និងចូលរួមយ៉ាងសកម្មក្នុងកិច្ចសហប្រតិបត្តិការចិន-អាស៊ាន ក្នុងវិស័យអប់រំវិជ្ជាជីវៈ ដោយធ្វើការដាក់ចេញនូវគម្រោងកិច្ចសហប្រតិបត្តិការបណ្តុះបណ្តាលនិងអប់រំវិជ្ជាជីវៈបន្ថែមទៀត។ ទីក្រុងឆុងឈីង គឺជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ និងបានបង្កើនកិច្ចសហប្រតិបត្តិការក្នុងវិស័យអប់រំវិជ្ជាជីវៈជាមួយប្រទេសកម្ពុជា ព្រមទាំងបានក្លាយចំណុចចាប់ផ្តើមនៃច្រកពាណិជ្ជកម្មផ្លូវទឹកនិងផ្លូវគោកអន្តរជាតិថ្មីមួយ ហើយថ្មីៗនេះ អាស៊ានបានក្លាយជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់ទីក្រុងឆុងឈីង ផងដែរ។

ឯកឧត្តមទេសរដ្ឋមន្រ្តី បានបញ្ជាក់បន្ថែមទៀតថា ចាប់តាំងពីឆ្នាំ ២០១៩ មក ដោយមានការគាំទ្រពីកម្មវិធីផ្លូវសូត្រនៃរដ្ឋបាលក្រុងឆុងឈីងសម្រាប់និស្សិតអន្តរជាតិ គណៈកម្មាធិការជាតិអេស្កាប់(NC-ESCAP)នៃប្រទេសកម្ពុជា បានសហការជាមួយ Chongqing Creation Vocational College រៀបចំការបណ្តុះបណ្តាលបានបីដំណាក់កាលជាប់ៗគ្នា ដែលផ្តល់អត្ថប្រយោជន៍ដល់បុគ្គលិកកម្រិតមធ្យម និងជាន់ខ្ពស់ជិត ១០០ នាក់ពីកម្ពុជា ហើយកម្ពុជាមានឆន្ទៈសហការជាមួយភាគីផ្សេងៗទៀត ដើម្បីចូលរួមចំណែកក្នុងកិច្ចសហប្រតិបត្តិការ និងការផ្លាស់ប្តូរវិស័យអប់រំវិជ្ជាជីវៈក្នុងតំបន់៕ដោយ៖ សិរី នាគ

Check Also

ឯកឧត្ដម​បណ្ឌិត​ លី​ ធុជ​ អនុប្រធាន​ទី១​ អាជ្ញាធរ​មីន​ បាន​ជួប​ពិភាក្សា​ក្រៅ​ផ្លូវ​ការ​ជាមួយ​ ឯកឧត្ដម​បណ្ឌិត​ Ale Musar​ ស្វាមី​លោកជំទាវ​ប្រធានាធិបតី​នៃ​ប្រទេស​ស្លូវើនៀ

Leave a Reply

Your email address will not be published. Required fields are marked *