ឆុងឈីង, ចិន៖ ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តម បណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានគណៈកម្មាធិការជាតិអេស្កាប់ និង លោក HE Ji ប្រធានមហាវិទ្យាល័យបណ្តុះបណ្តាលវិជ្ជាជីវៈឆុងឈីង (Chongqing Creation Vocational College) នៃសាធារណរដ្ឋប្រជាមានិតចិន បានអញ្ជើញប្រគល់សញ្ញាបត្រដល់សិក្ខាកាមកម្ពុជាចំនួន ៣៤រូប មកពីស្ថាប័នរដ្ឋ វិស័យឯកជន និងគ្រឹះស្ថានឧត្តមសិក្សា ដែលបានចូលរួមក្នុងវគ្គបណ្តុះបណ្តាលស្តីពី “Cross-border Digital Trade between China-Cambodia for Mid-Senior Management Personnel” នៅមហាវិទ្យាល័យបណ្តុះបណ្តាលវិជ្ជាជីវៈឆុងឈីង រយៈពេល ២០ថ្ងៃ។ វគ្គបណ្តុះបណ្តាលនេះ បានទទួលការឧបត្ថម្ភគាំទ្រក្រោមកម្មវិធីផ្លូវសូត្រនៃរដ្ឋបាលក្រុងឆុងឈីងសម្រាប់និស្សិតអន្តរជាតិ។
ឯកឧត្តមទេសរដ្ឋមន្រ្តី បានលើកឡើងថា ក្រោមការសម្របសម្រួលរបស់ គណៈកម្មាធិការជាតិសេដ្ឋកិច្ច និងសង្គមកិច្ចសម្រាប់អាស៊ី និងប៉ាស៊ីហិ្វក (NC-ESCAP) ចាប់តាំងពីឆ្នាំ ២០១៩ កម្ពុជា សហការជាមួយមហាវិទ្យាល័យបណ្តុះបណ្តាលវិជ្ជាជីវៈឆុងឈីង បានបញ្ជូនសិក្ខាកាមកម្ពុជាប្រមាណជិត ១០០នាក់ ដើម្បីទទួលបាននូវការបណ្តុះបណ្តាលជំនាញចំនួនបីលើក ព្រមទាំងរៀបចំឱ្យមានការចុះអនុស្សារណៈនៃការយោគយល់គ្នាមួយចំនួនទៀត រវាងស្ថាប័នរដ្ឋ វិស័យឯកជនកម្ពុជា ជាមួយនឹងមហាវិទ្យាល័យបណ្តុះបណ្តាលវិជ្ជាជីវៈឆុងឈីង ស្តីពីភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការលើវិស័យអប់រំវិជ្ជាជីវៈ។
ក្នុងនាមរដ្ឋាភិបាលកម្ពុជា ឯកឧត្តមទេសរដ្ឋមន្រ្តី បានថ្លែងអំណរគុណជូនចំពោះ លោក HE Ji និងថ្នាក់ដឹកនាំនៃមហាវិទ្យាល័យបណ្តុះបណ្តាលវិជ្ជាជីវៈឆុងឈីង ក៏ដូចជារដ្ឋបាលប្រជាជនក្រុងឆុងឈីង និងគណៈកម្មាធិការអប់រំក្រុងឆុងឈីង ដែលតែងតែចំណាយពេលវេលា និងធនធាន ក្នុងការចូលរួមបណ្តុះបណ្តាលធនធានមនុស្សនៅកម្ពុជា រយៈពេលកន្លងមក និងនាពេលអនាគត។ ទីក្រុងឆុងឈីង គឺជាដៃគូកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ ក្នុងវិស័យអប់រំវិជ្ជាជីវៈជាមួយប្រទេសកម្ពុជា។
ឯកឧត្តមទេសរដ្ឋមន្រ្តី បានបន្តទៀតថា រយៈពេល ២០ថ្ងៃនៃវគ្គបណ្តុះបណ្តាលនេះ សិក្ខាកាមកម្ពុជាទាំងអស់ នឹងទទួលបាននូវការសិក្សាស្វែងយល់បន្ថែមអំពីវប្បធម៌ សេដ្ឋកិច្ច សង្គមកិច្ច បច្ចេកវិទ្យា និងវិទ្យាសាស្រ្ត ពីសាធារណរដ្ឋប្រជាមានិតចិន ដែលជាប្រទេសមានសក្តានុពលខ្លាំងសម្រាប់ការសិក្សារៀនសូត្រ ទទួលនូវបទពិសោធន៍ ចំណេះដឹង និងជំនាញគ្រប់បែបយ៉ាង ក្នុងការចូលរួមដល់កិច្ចការអភិវឌ្ឍន៍នានានៅកម្ពុជា។
ក្នុងឱកាសនោះ ឯកឧត្តម ទេសរដ្ឋមន្រ្តី បានណែនាំឱ្យសិក្ខាកាមទាំងអស់ ត្រូវបន្តចូលរួមកសាងនូវចំណងមិត្តភាពកាន់តែជិតស្និទ្ធជាមួយប្រទេសនិងប្រជាជនចិន ដែលជាមរតកប្រវត្តិសាស្រ្តរយៈពេល៦៥ឆ្នាំ បន្សល់ទុកតាំងពី ព្រះករុណាព្រះបាទ នរោត្តម សីហនុ និងសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី ព្រមទាំងត្រូវបន្តចូលរួមពង្រឹងនូវចំណងមិត្តភាពកាន់តែរឹងមាំរវាងកម្ពុជា-ចិន ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិតរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណចក្រកម្ពុជា៕ដោយ៖ សិរី នាគ