ភ្នំពេញ៖ តបតាមការអញ្ជើញរបស់ លោក ស៊ី ជីនពីង ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ចូលរួមវេទិកាខ្សែក្រវាត់ និងផ្លូវលើកទី៣ សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី១៨ ខែតុលាឆ្នាំ២០២៣ នៅរដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន។ មូលបទនៃកិច្ចប្រជុំនេះ គឺ «កិច្ចសហប្រតិបត្តិការខ្សែក្រវាត់និងផ្លូវ ប្រកបដោយគុណភាពខ្ពស់៖ រួមគ្នាដើម្បីការអភិវឌ្ឍ និងវិបុលភាពរួម»។
តាមប្រសាសន៍លោក មាស សុភ័ណ្ឌ អ្នកពាក្យនាំពាក្យនាយករដ្ឋមន្ត្រី បានឱ្យដឹងថា អញ្ជើញអមដំណើរ សម្ដេចធិបតីចូលរួមវេទិកាខ្សែក្រវាត់ និងផ្លូវលើកទី៣ខាងមុខនេះ រួមមាន លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លោក សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោក ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល រដ្ឋមន្ត្រីមួយចំនួន មន្ត្រីរាជរដ្ឋាភិបាលជាន់ខ្ពស់ ព្រមទាំងគណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា ដឹកនាំដោយអ្នកឧកញ៉ា គិតម៉េង។
ក្នុងវេទិកាខ្សែក្រវាត់ និងផ្លូវនេះ សម្ដេចធិបតី នឹងថ្លែងសុន្ទរកថាគន្លឹះ ស្ដីពី«សេដ្ឋកិច្ចឌីជីថល ជាប្រភព នៃកំណើនថ្មី»។
អ្នកនាំពាក្យនាយករដ្ឋមន្ត្រី បានឱ្យដឹងថា អំឡុងពេលចូលរួមវេទិកានេះ សម្តេចនាយករដ្ឋមន្ត្រី នឹងជួបពិភាក្សាជាមួយ លោកប្រធានាធិបតី ស៊ី ជីនពីង ប្រធានាធិបតីចិន, លោក លី ឈាង នាយករដ្ឋមន្ត្រីចិន, ជួបប្រធានរដ្ឋវៀតណាម និងប្រធានរដ្ឋឡាវ និងថ្នាក់ដឹកនាំចិនដទៃទៀត ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី ព្រមទាំងមានជំនួបពិភាក្សាដាច់ដោយឡែកពីគ្នា ជាមួយឥស្សរជន បរទេសដទៃទៀតផងដែរ។ ក្រៅពីនោះ សម្តេចក៏មានគម្រោងជួបថ្នាក់ដឹកនាំ ក្រុមហ៊ុននានាផងដែរ។
ការអញ្ជើញចូលរួមរបស់ សម្ដេចធិបតី ក្នុងវេទិកាខ្សែក្រវាត់ និងផ្លូវលើកទី៣នេះ នឹងបញ្ជាក់ជាថ្មីនូវ ការគាំទ្ររបស់កម្ពុជា ចំពោះគំនិតផ្តួចផ្ដើមខ្សែក្រវាត់និងផ្លូវ ដែលគូសបញ្ជាក់ពីការប្ដេជ្ញាចិត្តរបស់កម្ពុជា ក្នុងការសហការយ៉ាងជិតស្និទ្ធជាមួយមិត្តចិន ដើម្បីជំរុញកិច្ចសហប្រតិបត្តិការខ្សែក្រវាត់ និងផ្លូវប្រកបដោយគុណភាពខ្ពស់ សម្រាប់កំណើនរួម សន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាពក្នុងតំបន់និងអន្តរជាតិ។
បន្ទាប់ពីចប់កម្មវិធី នៅសាធារណរដ្ឋប្រជាមានិតចិន និងតបតាមការអញ្ជើញ របស់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រ អារ៉ាប៊ីសាអូឌីត, សម្តេចធិបតី នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ នៃរាជរដ្ឋាភិបាលកម្ពុជា អញ្ជើញបន្តដំណើរចូលរួម កិច្ចប្រជុំកំពូលអាស៊ានក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ នៅទីក្រុងរីយ៉ាដ ព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត ដែលប្រព្រឹត្តទៅនៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣។
តាមការគ្រោងទុក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ នៃរាជរដ្ឋាភិបាលកម្ពុជា មាតុភូមិនិវត្តន៍ នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៣ ដែលគ្រោងនឹងដល់មាតុភូមិ នៅវេលាម៉ោង ប្រមាណ៩យប់៕SRN