ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានគូសរំលេចក្នុងពិធីបើកកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះថា គឺជាឱកាសដ៏ទាន់ពេលមួយសម្រាប់ថ្នាក់ដឹកនាំអាស៊ី-អឺរ៉ុប (ASEM) បញ្ជាក់សាជាថ្មីអំពីសារសំខាន់នៃភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការអាស៊ី-អឺរ៉ុប ក្នុងការចូលរួមដោះស្រាយបញ្ហាតំបន់ និងសកល ដែលជាក្ដីបារម្ភរួមគ្នា។
ដូចអ្វីដែលបានគ្រោងទុក្ខបន្ទាប់ពីពន្យារពេលអស់រយៈពេលមួយឆ្នាំ នៅម៉ោង៣រសៀលថ្ងៃព្រហស្បតិ៍ ទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១នេះ កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣ ត្រូវបានចាប់ផ្តើមដំណើរការ ដោយមានការអញ្ជើញចូលរួម ពីប្រធានាធិបតី នាយករដ្ឋមន្ត្រី និងមន្ត្រីជាន់ខ្ពស់នៃបណ្តាប្រទេសក្នុងតំបន់អាស៊ី និងអឺរ៉ុប ចំនួន ៥១រូប អមដោយមន្ត្រីជាន់ខ្ពស់របស់សហភាពអឹរ៉ុប និងអគ្គលេខាធិការអាស៊ានផងដែរ។
ក្នុងនាមជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលតំបន់អាស៊ី និងអឺរ៉ុបនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ត្រូវបានអញ្ជើញថ្លែងសុន្ទរកថាបើកដំណើរកិច្ចប្រជុំ ជាមួយប្រធានក្រុមប្រឹក្សាអឺរ៉ុប, ប្រធានគណៈកម្មការអឺរ៉ុប, នាយករដ្ឋមន្ត្រីរុស្ស៉ី និងនាយករដ្ឋមន្ត្រីថៃ។
ក្នុងសន្ទរកថានេះ សម្តេចតេជោ ហ៊ុន សែន បានស្វាគមន៍យ៉ាងកក់ក្ដៅ និងសូមថ្លែងអំណរគុណ ជូនដល់ថ្នាក់ដឹកនាំនៃបណ្តាប្រទេស និងស្ថាប័នដៃគូ ASEM ដែលបានចូលរួមកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣ (ASEM-13)។
សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ប្រធានបទ «ការពង្រឹងពហុភាគីនិយម ដើម្បីកំណើនរួមគ្នា» សម្រាប់កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣ ដែលកម្ពុជាបានជ្រើសរើសនេះ ជាប្រធានបទដ៏សមស្របមួយសម្រាប់កិច្ចពិភាក្សា។
សម្តេចតេជោ ហ៊ុន សែន បានលើកឡើងទៀតថា ពិភពលោកក្រោយវិបត្តិនៃជំងឺកូវីដ-១៩ ពិតជាត្រូវការពង្រឹងបន្ថែមទៀត នូវភាពជាដៃគូអាស៊ី-អឺរ៉ុប ក្នុងគោលដៅរក្សាបាននូវពហុភាគីនិយមដ៏រឹងមាំមួយ ដែលនឹងនាំមកនូវកំណើនជាសកល មិនត្រឹមតែមាន «ចីរភាព» ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមាន «ការចែករំលែក» ផងដែរ។
ក្នុងសុន្ទរកថានេះ សម្តេចតេជោ បានឆ្លៀតរំលឹក និងរំលេច ពីភាពខ្លាំងរបស់ ASEM ដែលស្ថិតនៅលើគោលការណ៍ស្នូលរបស់ខ្លួន ជាអាទិ៍: ភាពមិនផ្លូវការ ភាពបត់បែនបានការគោរពគ្នាទៅវិញទៅមក ក្នុងស្មារតីកុងសុងស៊ីស និងភាពជាដៃគូស្មើភាព។
ក្នុងស្ថានភាពពិភពលោកស្ថិតក្នុងវិបត្តិការនៃការប្រកួតប្រជែងភូមិសាស្ត្រនយោបាយ និងសង្គ្រាមពាណិជ្ជកម្ម សម្តេចតេជោ បានរំលឹកមេដឹកនាំអាស៊ី-អឺរ៉ុបថា តំបន់ទាំងពីរត្រូវការនូវគោលការណ៍ខាងលើនេះ កាន់តែខ្លាំងឡើងថែមទៀត ហើយទាមទារឱ្យមានកិច្ចខិតខំប្រឹងប្រែង និងការឆ្លើយតបរួមគ្នា។
សម្តេចតេជោ បានគូសបញ្ជាក់យ៉ាងដូច្នេះ «ក្នុងនាមជាវេទិកាពហុភាគីដ៏សំខាន់មួយ ដែលតភ្ជាប់រវាងទ្វីបអាស៊ី និងអឺរ៉ុប ASEM គឺជាកម្លាំងសកលដ៏សំខាន់ និងរឹងមាំ។ ក្នុងស្មារតីនេះ ខ្ញុំយល់ថា កិច្ចសហប្រតិបត្តិការ និងភាពជាដៃគូរបស់ ASEM ដើម្បីពហុភាគីនិយមមួយ ដែលរឹងមាំ មានប្រសិទ្ធភាព និងមានសណ្តាប់ធ្នាប់អន្តរជាតិដោយផ្អែកលើវិធានច្បាប់ គប្បីដើរតួជាត្រីវិស័យសម្រាប់គ្រប់សកម្មភាពរបស់ ASEM ទាំងមូល»។
សម្តេចតេជោ ហ៊ុន សែន បានសង្កត់ធ្ងន់ទៀតថា មេដឹកនាំអាស៊ី-អឺរ៉ុប ត្រូវមានការទទួលខុសត្រូវរួម ដើម្បីធានាថា ASEM នៅតែបន្តជាវេទិកាអន្តរតំបន់ដ៏សំខាន់ និងរឹងមាំមួយ ដែលអាចនាំមកនូវអត្ថប្រយោជន៍យ៉ាងធំធេងដល់ប្រជាជនរបស់ខ្លួន ព្រមទាំងអាចចូលរួមចំណែកកាន់តែទូលំទូលាយថែមទៀត ដល់ការធានា និងរក្សានូវសន្តិភាព ស្ថិរភាព វិបុលភាព និងការអភិវឌ្ឍរបស់ពិភពលោក។
ក្រៅតែលើកបង្ហាញនូវសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការរួមគ្នារវាងប្រទេសអាស៊ី និងអឺរ៉ុប ដើម្បីឆ្លើយតបនឹងបញ្ហារបស់ពិភពលោកនាពេលបច្ចុប្បន្នហើយនោះ សម្តេចតេជោ ហ៊ុន សែន ក៏បានគូសរំលេចពីគោលបំណងចាំបាច់មួយចំនួននៃការរៀបចំកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣ផងដែរ។ សម្រាប់សម្តេចតេជោ គោលបំណងនៃកិច្ចប្រជុំនេះមានចំនួន៦រួមមាន៖
ទី១៖ ធ្វើឱ្យកាន់តែស៊ីជម្រៅនៃការតភ្ជាប់អន្តរតំបន់ ដើម្បីការអភិវឌ្ឍប្រកបដោយចីរភាពបរិយាប័ន្ន និងកំណើនរួមគ្នា
ទី២៖ លើកស្ទួយភាពជាដៃគូអន្តរតំបន់ ដើម្បីអភិបាលកិច្ចសកល
ទី៣៖ លើកកម្ពស់ប្រសិទ្ធភាពនៃប្រព័ន្ធពហុភាគី ផ្អែកលើវិធានច្បាប់
ទី៤៖ ទាញអត្ថប្រយោជន៍ពីនវានុវត្តន៍ ការតភ្ជាប់ឌីជីថល និងបដិវត្តន៍ឧស្សាហកម្ម ៤.០
ទី៥៖ ពង្រឹងភាពលេចធ្លោ និងភាពពាក់ព័ន្ធរបស់ ASEM
ទី៦៖ ដោះស្រាយបញ្ហាពហុវិស័យនានា ជាអាទិ៍: ការប្រែប្រួលអាកាសធាតុ ភាពក្រីក្រការលើកកម្ពស់សិទ្ធិអំណាចស្ត្រី ព្រមទាំងបញ្ហាប្រឈមឆ្លងដែនផ្សេងៗទៀត។
ក្នុងពិធីបើកកិច្ចប្រជុំនេះ ប្រធានក្រុមប្រឹក្សាអឺរ៉ុប, ប្រធានគណៈកម្មការអឺរ៉ុប, នាយករដ្ឋមន្ត្រីរុស្ស៉ី និងនាយករដ្ឋមន្ត្រីថៃ ក៏បានគូសរំលេចពីសារៈសំខាន់នៃកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប ដែលកម្ពុជាជាម្ចាស់ផ្ទះនេះផងដែរថា ជាពេលវេលា និងជាឱកាសដ៏ល្អមួយសម្រាប់ឆ្លើយតបនឹងបញ្ហានៅក្នុងតំបន់ ក៏ដូចជារបស់ពិភពលោក៕SRN