Breaking News

លោក​ នេត សាវឿន៖​ ករណីគ្រឿងញៀន​ ត្រូវបានរាជរដ្ឋាភិបាលអាណត្តិទី៧​ ចាត់ទុកស្មើនឹង​បញ្ហា​សន្តិសុខជាតិ

ភ្នំពេញ៖​ លោក​ នេត សាវឿន​ ឧបនាយករដ្ឋមន្រ្តី និងជាប្រធាន
អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន​ បានលេីកឡេីងថា ករណីគ្រឿងញៀន​ ត្រូវបានរាជរដ្ឋាភិបាលអាណត្តិទី៧​ ចាត់ទុកស្មើនឹង​បញ្ហា​សន្តិសុខជាតិ។ ដូច្នេះគ្រប់ភាគីពាក់ព័ន្ធទាំងអស់​ ចាប់ពីពេលនេះតទៅ​ ត្រូវរួមគ្នាទប់ស្កាត់ និងលុបបំបាត់ឲ្យខាងតែបាន ខណៈសព្វថ្ងៃគ្រឿងញៀនបានរីករាលដាលកាន់តែច្រើន រហូតដល់ជនបទតែម្តង។

លោក នេត សាវឿន បានលេីកឡេីងដូចនេះ​ ក្នុងកិច្ចប្រជុំ ស្តីពីការប្រកាសសមាសភាពបន្ថែម នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នាព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣​ នៅវិមានសន្តិភាព​។ លោកបានបញ្ជាក់ថា យុទ្ធសាស្រ្តរបស់នាយករដ្ឋមន្រ្តីនៃកម្ពុជា គ្រឿងញៀនជាមុំមួយ ឬជាស្នូលមួយក្នុងយុទ្ធសាស្រ្តបច្ចកោណរបស់​រាជ​រដ្ឋាភិបាល ដោយសម្តេចចាត់ទុកគ្រឿងញៀននេះស្មើនឹងសន្តិសុខជាតិ សណ្តាប់ធ្នាប់សង្គម ដោយសារតែបញ្ហាគ្រឿងញៀននេះហើយ ​នាពេលអនាគតយុវជន​ និងស្រុកយើងបាត់បង់​សមត្ថភាព បាត់បង់ពលកម្ម បាត់បង់​បញ្ញាញាណ ​និងបាត់បង់ធនធានមនុស្សជាដើម។

លោក​ នេត សាវឿន ក៏បានឲ្យដឹងផងដែរថា ប្រទេសកម្ពុជា​ត្បិត​តែ​ជា​ប្រទេសមិនបានកែច្នៃ ​និងផលិតគ្រឿងញៀនក៏ពិតមែន ​ប៉ុន្តែកម្ពុជាត្រូវបានគេនាំចេញ និងនាំចូល​ឆ្លងកាត់​ ខណៈបច្ចុប្បន្នមានការកើនឡើងគួរឲ្យព្រួយបារម្ភ។ ដូច្នេះហើយបានជាសម្តេចធិបតី ហ៊ុន ម៉ាណែត នាយក រដ្ឋមន្រ្តី បានសម្រេចបង្កើន​សមាសភាព​បន្ថែមរហូត​ដល់​២៤ក្រសួងស្ថាប័ន​ដើម្បីរួមគ្នាទប់ស្កាត់ ​និងបង្រ្កាប ​ករណីនេះឲ្យបាន​ក្នុងគោលបំណង​ថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់​ជាតិ​ទាំងមូល។

ទន្ទឹមនិងនេះដែរ​ លោក​ នេត សាវឿន ​ក៏បានស្នើឲ្យមានការដកចេញពីក្របខណ្ឌ ​ក្រោយរកឃើញមន្រ្តីនគរបាលណាដែលប្រើប្រាស់ ​និងជាប់ពាក់ព័ន្ធគ្រឿងញៀន ខណៈករណីនេះ លោកបានកោតសរសើរ ​ដល់ក្រសួងការពារជាតិអនុវត្តបានយ៉ាងល្អ និងធ្វើការដកឈ្មោះចេញ​ ពីក្របខណ្ឌ​ ក្រោយមន្រ្តីយោធារបស់ខ្លួនប្រើប្រាស់គ្រឿងញៀន៕

 

Check Also

ទីបំផុត! តារាចម្រៀងរ៉េប Vanthan បានសម្រេចចិត្តប្តឹងនារីម្នាក់ ដែលបានចោទប្រកាន់ថាបានបៀតបៀនផ្លូវភេទ និងចម្លងជំងឺដ៏កាចសាហាវដល់នាង ទៅស្ថាប័នតុលាការ ដើម្បីបញ្ជាក់ភាពស្អាតស្អំរបស់ខ្លួន

Leave a Reply

Your email address will not be published. Required fields are marked *