បាត់ដំបង ៖ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងជាតំណាងរាស្ត្រមណ្ឌលបាត់ដំបង សម្តេចក្រឡាហោម ស ខេង បានថ្លែងនូវការណែនាំបន្ថែមឱ្យអាជ្ញាធរដែនដី និងសមត្ថកិច្ចពាក់ព័ន្ធបន្តជំរុញការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ដើម្បីលើកកម្ពស់ការចូលរួមរបស់ប្រជាពលរដ្ឋក្នុងការបង្ការទប់ស្កាត់ និងបង្ក្រាបបទល្មើសនានា ពិសេសសកម្មភាពជួញដូរចែកចាយប្រើប្រាស់គ្រឿងញៀនខុសច្បាប់ បទល្មើសលួច ឆក់ ប្លន់ ល្បែងស៊ីសងខុសច្បាប់នៅតាមមូលដ្ឋាន អំពើហិង្សាក្នុងគ្រួសារ និងក្រុមក្មេងទំនើង ជំរុញការផ្សព្វផ្សាយអប់រំដល់យុវជនអំពីការជួញដូរ និងការប្រើប្រាស់គ្រឿងញៀន តាមគោលការណ៍ ៣កុំ ១រាយការណ៍ ក្នុងនោះត្រូវរួមគ្នាជំរុញការផ្សព្វផ្សាយអប់រំ និងអនុវត្តច្បាប់ចរាចរណ៍ឱ្យទូលំទូលាយបន្ថែមទៀត សំដៅធ្វើយ៉ាងណាកាត់បន្ថយអត្រាគ្រោះថ្នាក់ ចរាចរណ៍ និងផ្សព្វផ្សាយអប់រំឱ្យប្រជាពលរដ្ឋ ថែរក្សាសុខភាព អនាម័យ ហូបស្អាត ផឹក ស្អាត និងរស់នៅស្អាត ឱ្យបានជាប់ជាប្រចាំក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ។
ការណែនាំនេះនៅក្នុងឱកាសដែលសម្តេចមានវត្តមានក្នុងពិធីបិទការប្រណាំងទូក បណ្ដែតប្រទីប ដើម្បីអបអរបុណ្យចេញព្រះវស្សា ខេត្តបាត់ដំបង នាល្ងាចថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៣ នៅវេទិកាអុំទូកមាត់ស្ទឹងសង្កែ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ដោយមានការចូលរួមពីសមាជិកព្រឹទ្ធសភា សមាជិករដ្ឋសភា ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបាត់ដំបង ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្តបាត់ដំបង មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ អន្តរជាតិ នៅអមសងខាងនៃមាត់ស្ទឹងសង្កែយ៉ាងច្រើនកុះករ ។
សម្ដេចក្រឡាហោម ស ខេង បានទាញចំណាប់អារម្មណ៍អង្គពិធីអំពីសមិទ្ធផលធំៗលើគ្រប់វិស័យទាំងផ្នែកនយោបាយ សង្គម និងសេដ្ឋកិច្ច ដែលនាំឱ្យកម្ពុជា សម្រេចបាននូវការផ្លាស់ប្ដូរមុខមាត់ថ្មីគួរជាទីមោទនភាពនេះ គឺបានមក តាមរយៈនយោបាយឈ្នះឈ្នះ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ដែលបច្ចុប្បន្នសម្តេចជា ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានអនុវត្តប្រកបដោយជោគជ័យនូវយុទ្ធសាស្ត្រត្រីកោណ និងយុទ្ធសាស្ត្រចតុកោណទាំងបួនដំណាក់កាល ព្រមទាំងគោលនយោបាយ និងផែនការយុទ្ធសាស្ត្រផ្សេងៗទៀត ជាពិសេសស្របតាមគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស និងមានព្រះមហាក្សត គង់ប្រថាប់ជាម្លប់ជាទីគោរពសក្ការៈ ប្រទេសកម្ពុជាយើង មានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ហើយប្រជាពលរដ្ឋកំពុងរស់នៅជាមួយនឹងជីវភាពសមរម្យ មានចំណេះដឹង មានសុខុមាលភាពល្អប្រសើរ ចីរភាព ដែលសមិទ្ធផលទាំងនេះបាននិងកំពុងជំរុញលើកទឹកចិត្តដល់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភាឱ្យបន្តកិច្ចខិតខំប្រឹងប្រែង ថែរក្សាសុខសន្តិភាព ស្ថិរភាពនយោបាយ និងសេដ្ឋកិច្ច ដើម្បីធ្វើឱ្យជីវភាពរបស់ប្រជាពលរដ្ឋកាន់តែល្អប្រសើរឡើងថែមទៀត ។
ក្នុងឱកាសនោះ សម្តេចក៏មិនភ្លេចសំដែងនូវការកោតសរសើរចំពោះ អាជ្ញាធរគ្រប់ លំដាប់ថ្នាក់ចំណុះរដ្ឋបាលខេត្តបាត់ដំបង ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបាត់ដំបង សប្បុរសជន កីឡាករ កីឡាការិនី និងបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលបានរួមគ្នាធ្វើឱ្យពិធីនេះ ប្រព្រឹត្តទៅដោយរលូន និងក្រោមបរិយាកាសប្រកបដោយ សាមគ្គីភាព និងសប្បាយរីករាយ ។
សូមបញ្ជាក់ថា ពិធីប្រណាំងទូក បណ្ដែតប្រទីប របស់ខេត្តបាត់ដំបងនាពេលនេះគឺជាលើកទី២៣ ដែលខេត្តបាត់ដំបង បានរៀបចំធ្វើពិធីប្រណាំងទូកបណ្តែតប្រទីប ក្នុងពិធីបុណ្យចេញព្រះវស្សា ដោយខកខានប្រារព្ធរយៈពេល២ឆ្នាំ គឺឆ្នាំ២០២០ និង២០២១ ដោយសារជំងឺរាតត្បាតកូវីដ១៩។
ក្នុងរយៈពេល២ថ្ងៃនេះ ពិធីប្រណាំងទូកនៅខេត្តបាត់ដំបង បានដំណើរការទៅប្រកបដោយជោគជ័យ ស្ថិតក្នុងបរិយាកាសសប្បាយរីករាយ រីឯកីឡាករ កីឡាការិនីទាំងអស់បានបញ្ចេញអស់ថាមពល និងបច្ចេកទេស ធ្វើការប្រកួតដោយលក្ខណៈសាមគ្គីភាព មិត្តភាព ។
ឆ្លងកាត់ការប្រណាំងទូក តាមរូបមន្តលក្ខណៈវិលជុំ លទ្ធផលទូកដែលទទួលចំណាត់ថ្នាក់ប្រចាំឆ្នាំ២០២៣នេះ រួមមាន១- ទូកខ្នាតអន្តរជាតិ (ផ្នែកបុរស) ចំណុះ២២នាក់ លេខ១បានទៅលើទូកឈ្មោះ «យុវជនបាត់ដំបងសជ័យបារមីគង្គារ»,
ចំពោះទូកខ្លីប្រពៃណីផ្នែកបុរស បានកំណត់បែងចែកចំណាត់ថ្នាក់ក្របខ័ណ្ឌ គឺក្របខ័ណ្ឌអក្សរ (ក).(ខ) និង(គ) ៖ ក្របខ័ណ្ឌអក្សរ (គ)លេខ១ បានទៅលើទូកឈ្មោះ «កាកបាទក្រហមសជ័យបារមីតេជោ» ។ ក្របខ័ណ្ឌអក្សរ (ខ) លេខ១ បានទៅលើទូកឈ្មោះ «នទីមង្គលកម្ពុជរតនមានជ័យ» ។
ក្របខ័ណ្ឌអក្សរ (ក) លេខ១ បានទៅលើទូកឈ្មោះ «សាធារណការសម័យបារមីកំចាយមារ» ។
ចំពោះទូកងវែងប្រពៃណីផ្នែកបុរស លេខ១ បានទៅលើទូកឈ្មោះ «នរិន្ទរង្សីសពិជ័យចិត្របុត្រ» លេខ២បានទៅលើទូកឈោ្មះ «ឯ.ឧ ភូ ពុយ សុវណ្ណរាជសីហ៍បារមីបន្ទាយមហានគរ» លេខ៣ បានទៅលើទូកឈ្មោះ «បាត់ដំបងខនស៍ស៊ីមេនមានជ័យបារមីភ្នំដូនមាយ» និងលេខ៣ស្ទួន បានទៅលើទូកឈ្មោះ «សុវណ្ណភេត្រាបាត់ដំបងសជ័យ» ៕