មណ្ឌលគិរី៖ នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គលេខាធិការរង នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានថ្លែងថា ដើម្បីឆ្លើយតបទៅនឹងសភាពការណ៍ និងលើកកម្ពស់ប្រសិទ្ធភាពការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន អនុលោមតាមស្មារតី នៃកិច្ចប្រជុំរបស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ប្រកបដោយឆន្ទៈមុតស្រួចរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ដើម្បីដោះស្រាយទុក្ខកង្វល់របស់ប្រជាពលរដ្ឋ ធានាបាននូវសុវត្ថិភាព សណ្តាប់ធ្នាប់ សន្តិសុខ និងការអភិវឌ្ឍសង្គម ព្រមទាំងឈានទៅកាត់បន្ថយ និងលុបបំបាត់គ្រឿងញៀននៅកម្ពុជា អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន សូមដាក់ចេញគោលការណ៍ណែនាំមួយចំនួន សម្រាប់ចាត់តាំងអនុវត្តការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន។
នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ បានបញ្ជាក់ថាគោលការណ៍ណែនាំមួយចំនួន សម្រាប់ចាត់តាំងអនុវត្តការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនរួមមាន ទី១ ការងារអប់រំផ្សព្វផ្សាយ ដោយត្រូវធ្វើយ៉ាងណាឲ្យកាន់តែទូលំទូលាយ ទី២ បន្ដខិតខំយកចិត្តទុកដាក់ទប់ស្កាត់ការកែច្នៃផលិតគ្រឿងញៀន (គ្រប់គ្រងរដ្ឋបាល ពិនិត្យទីតាំងងាយស្រួលកើតបទល្មើស រោងចក្រ សិប្បកម្ម ចំការដាច់ស្រយាល) ទី៣ ខិតខំប្រឹងប្រែងលុបបំបាត់ការប្រើប្រាស់ ជួញដូរគ្រឿងញៀន តាមក្លិបកម្សាន្ត ខុនដូរ ខេធីវី ទី៤ ការងារបន្សាបព្យាបាល ស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន ទី៥ ការងារទប់ស្កាត់លំហូរគ្រឿងញៀន ទី៦ ការត្រួតពិនិត្យសារធាតុគីមីផ្សំ ដោយត្រូវរៀបចំជាបន្ទាន់នូវយន្ដការគ្រប់គ្រងសារធាតុគីមីផ្សំឲ្យបានច្បាស់លាស់។
គួរបញ្ជាក់ថាការថ្លែងនេះរបស់នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្នុងកិច្ចប្រជុំផ្សព្វផ្សាយគោលការណ៍ណែនាំពាក់ព័ន្ធនានា និងស្តាប់របាយការណ៍ស្តីពីវឌ្ឍនភាពក្នុងការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន ដោយកិច្ចប្រជុំប្រព្រឹត្តទៅនៅសាលប្រជុំសាលាខេត្តមណ្ឌលគិរី។
ក្នុងឱកាសនេះអភិបាលរងខេត្តមណ្ឌលគិរី លោក ចាន់ រតនា ថ្លែងដែរថា កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណង ដើម្បីធ្វើការជំរុញ ពង្រឹង លើកកម្ពស់ប្រសិទ្ធភាព នៃការអនុវត្តឆន្ទៈប្តេជ្ញាចិត្តខ្ពស់ និងការដឹកនាំដ៏មុតស្រួចរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី ក្នុងការកាត់បន្ថយ ឈានទៅលុបបំបាត់គ្រឿងញៀនពីប្រទេសកម្ពុជា ចូលរួមចំណែកក្នុងការស្តារកសាង និងអភិវឌ្ឍន៍ប្រទេសជាតិឱ្យមានការរីកចម្រើន។
ក្នុងនោះលោកអភិបាលរងខេត្តមណ្ឌលគិរី ក៏បានណែនាំដល់ អាជ្ញាធរ គ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធ សមត្ថកិច្ចជំនាញ និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ បន្តចូលរួម សហការអនុវត្តការងារឱ្យបានកាន់តែល្អប្រសើរឡើងថែមទៀត ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការលុបបំបាត់គ្រឿងញៀនពីប្រទេសកម្ពុជា៕