Breaking News

ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ណែនាំកងកម្លាំងប្រដាប់អាវុធ និងសមត្ថកិច្ច ត្រូវរួមដៃគ្នាការពារសន្ដិសុខសណ្ដាប់ធ្នាប់ និងសុវត្ថិភាពក្នុងព្រះរាជពិធីបុណ្យអុំទូកឲ្យខាងតែបាន

ភ្នំពេញ៖ លោកឧបនាយករដ្ឋមន្ដ្រី នេត សាវឿន បានធ្វើការណែនាំដល់កងកម្លាំងប្រដាប់អាវុធ និងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ត្រូវតែរួមដៃសហការគ្នាឲ្យបានស្អិតរមួត សំដៅការពារសន្ដិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាពសង្គម នៅក្នុងអំឡុងពេលដែលកម្ពុជារៀបចំព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣។

លោក នេត សាវឿន បានណែនាំដូចនេះ ក្នុងពិធីផ្សព្វផ្សាយផែនការ ការពារសន្តិសុខ សណ្តាប់ធ្នាប់ និងសង្រ្គោះក្នុងឱកាសប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៣ នៅរសៀលថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅទីស្ដីការក្រសួងមហាផ្ទៃ។

លោក នេត សាវឿន បានឱ្យដឹងដឹងថា បន្ទាប់ពីខកខានរៀបចំអស់ប៉ុន្មានឆ្នាំ ដោយសារវិបត្តិជំងឺកូវីដ-១៩ រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ បានអនុញ្ញាតឲ្យរៀបចំព្រះរាជពិធីបុណ្យអុំទូកឡើងវិញ ដើម្បីបង្កបរិយាកាសឲ្យប្រជាពលរដ្ឋបានដើរលេងកម្សាន្ដដោយក្ដីសប្បាយរីករាយ។

តាមរយៈបទពិសោធន៍ធ្លាប់ជាអគ្គស្នងការនគរបាលជាតិ លោកឧបនាយករដ្ឋមន្ដ្រី នេត សាវឿន បានចែករំលែកនូវអ្វីដែលជាបញ្ហាប្រឈម និងតម្រូវការចាំបាច់មួយចំនួន ដល់ថ្នាក់ដឹកនាំកងកម្លាំងប្រដាប់អាវុធទាំងអស់ ដែលបានចូលរួមក្នុងកិច្ចប្រជុំ ដើម្បីជាមូលដ្ឋានគ្រឹះបន្ថែមក្នុងការពង្រឹងសមត្ថភាពដល់កងកម្លាំងសមត្ថកិច្ច ដែលមានកាតព្វកិច្ចក្នុងការការពារសន្ដិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាព ព្រមទាំងក្រុមគ្រូពេទ្យផងដែរ។

ចំពោះបញ្ហាចរាចរណ៍ ត្រូវសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ។ បញ្ហាក្មេងទំនើង, បញ្ហាចោរកម្ម និងការងារសន្ដិសុខ ជាការងារដែលត្រូវយកចិត្តទុកដាក់ខ្ពស់បំផុត ជាមួយនឹងភាពម្ចាស់ការរបស់ប្រធានអង្គភាពនីមួយៗ។

ជាមួយគ្នានេះ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងជាប្រធានអនុគណៈកម្មការការពាររក្សាសន្តិសុខ របៀបរៀបរយ សណ្តាប់ធ្នាប់សង្គម ចរាចរណ៍ សង្រ្គោះទូកលិច និងអ្នកជំងឺ ក៏បានណែនាំដល់កម្លាំងសមត្ថកិច្ចទាំងអស់ ត្រូវតែពង្រឹងសុវត្ថិភាព សន្ដិសុខ អនុវត្តវិធានការរដ្ឋបាល បញ្ចៀសការកកស្ទះចរាចរណ៍ និងគ្រប់គ្រងនូវមុខសញ្ញាល្មើសឲ្យបានច្បាស់លាស់។

ដោយឡែក សម្រាប់តាមបណ្ដាខេត្តផ្សេងៗ ក៏ត្រូវយកចិត្តទុកដាក់ថែរក្សាសន្ដិសុខ និងសុវត្ថិភាពជូនប្រជាពលរដ្ឋផងដែរ ព្រោះខ្លាចក្រែងមានហេតុការណ៍មិនល្អណាមួយកើតឡើង ខណៈការពង្រឹងការតាមដានព័ត៌មានតាមបណ្ដាញសង្គម ក៏ត្រូវផ្ដោតការយកចិត្តទុកដាក់ ដូចគ្នា ជៀសវាងក្រុមទុច្ចរិតបំផុសបំផុលព័ត៌មានមិនពិតណាមួយកើតឡើង នាំឲ្យមានការយល់ច្រឡំពីសាធារណៈជន៕

Check Also

ចោរលួចទូរស័ព្ទម្នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ!

Leave a Reply

Your email address will not be published. Required fields are marked *